លោក Vu Duc Dam ឧបនាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ចចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយឥណ្ឌា។ លោកបានស្នើឲ្យភាគីទាំងពីរជំរុញសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដូចជា៖ នយោបាយ - កិច្ចការបរទេស ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម - វិនិយោគ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ដោយផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកក៏បានស្នើឲ្យឥណ្ឌាបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ទំនិញវៀតណាមនាំចេញទៅកាន់ទីផ្សារឥណ្ឌា។

leftcenterrightdel
លោក Vu Duc Dam ឧបនាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Rajkumar Ranjan Singh រដ្ឋលេខាធិការក្រសួងការបរទេសឥណ្ឌា

លោក Vu Duc Dam ឧបនាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះវេទិកា Horasis ដែលបានប្រារព្ធឡើងក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយជឿជាក់ថា វេទិកានេះគឺជាឱកាសសំខាន់សម្រាប់ភាគីទាំងពីរចែករំលែក និងវាយតម្លៃអំពីនិន្នាការអភិវឌ្ឍន៍របស់សេដ្ឋកិច្ចអាស៊ី ឥណ្ឌា និងវៀតណាម ក៏ដូចជាតួនាទីរបស់វៀតណាមក្នុងការតភ្ជាប់ឥណ្ឌាជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយហេតុនេះ ស្វែងរកឱកាសបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ។

ភាគីទាំងពីរបានសម្តែងនូវការពេញចិត្ត និងឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិ និងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា។

ទាក់ទិននឹងសមុទ្រខាងកើត លោក Vu Duc Dam ឧបនាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះគោលជំហររបស់ឥណ្ឌា ហើយសង្ឃឹមថា ឥណ្ឌានឹងបន្តគាំទ្រគោលជំហររបស់វៀតណាម និងទស្សនៈរបស់អាស៊ាន។ ភាគីទាំងពីរបានឯកភាពលើការធានានូវសេរីភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍ និងការដោះស្រាយជម្លោះដោយសន្តិវិធីនៅក្នុងតំបន់នេះស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២៕

បកប្រែដោយ Huyen Trang