នៅក្នុងកិច្ចសន្ទនា នាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងនូវសារៈសំខាន់នៃទំនាក់ទំនង វៀតណាម-ចិន សម្រាប់ប្រទេសនីមួយៗ ព្រមទាំងសង្កត់ធ្ងន់ថា ភាគីទាំងពីរនឹងបន្តអនុវត្តលទ្ធផលយ៉ាងសំខាន់ៗដែលសម្រេចបាននៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ នាពេលថ្មីៗនេះ រវាងលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ជាមួយលោក Xi Jinping អគ្គលេខាបក្សកុម្មុយនិស្តនិងជាប្រធានចិន ហើយបន្តជំរុញទំនាក់ទំនងវៀតណាម-ចិន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី មានទំនុកចិត្តខាងនយោបាយកាន់តែខ្ពស់ កិច្ចសហប្រតិបត្តិការកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព មូលដ្ឋានគ្រឹះនៃចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

ទាក់ទិននឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបង្កើនទំនាក់ទំនងថ្នាក់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ជាពិសេសដំណើរទស្សនកិច្ចកម្រិតខ្ពស់ បន្ទាប់ពីមហាសន្និបាតបក្សកុម្មុយនិស្តចិនលើកទី២០; ជំរុញរាល់វិស័យសហប្រតិបត្តិការសំខាន់ៗឲ្យកាន់តែជាក់ស្តែង ស៊ីជម្រៅ និងអភិវឌ្ឍន៍ប្រកបដោយសុខដុមរមនា និងនិរន្តរភាព។ ភាគីទាំងពីរឯកភាពគ្នាជំរុញការផ្លាស់ប្តូរ និងការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Li Keqiang នាយករដ្ឋមន្ត្រីចិន

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើថាភាគីទាំងពីរសម្របសម្រួលយ៉ាងសកម្ម ដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគីឱ្យមានកំណើនប្រកបដោយស្ថិរភាព និងតុល្យភាព។ លោកបានស្នើឱ្យចិនជួយសម្រួលដល់នីតិវិធីគយ និងពង្រីកការនាំចូលទំនិញ ជាពិសេសការបើកទីផ្សារសម្រាប់កសិផលរបស់វៀតណាម; ស្តារប្រតិបត្តិការឡើងវិញយ៉ាងទូលំទូលាយនៅច្រកទ្វារព្រំដែន និងបង្កើនសមត្ថភាពចេញពីគយ; សម្របសម្រួលអនុវត្ត និងឆ្លៀតយកឱកាសឱ្យបានល្អពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី។

លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានស្នើឲ្យភាគីទាំងពីរពង្រឹងការតភ្ជាប់ជាយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសលើវិស័យកែឆ្នៃ កសិកម្ម និងកិច្ចសហប្រតិបត្តិការក្នុងការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ និងសង្វាក់ផលិតកម្ម។ ឈរលើមូលដ្ឋាននៃការសម្របសម្រួលល្អក្នុងការទប់ស្កាត់ជំងឺរាតត្បាត កូវីដ-១៩ ភាគីចិនបានប្រកាសពីការត្រៀមខ្លួនដើម្បីជំរុញការស្តារឡើងវិញនូវការផ្លាស់ប្តូរប្រជាជន និងទទួលនិស្សិតវៀតណាមត្រឡប់មកប្រទេសចិនវិញ បង្កើនជើងហោះហើរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ទាក់ទងនឹងបញ្ហាព្រំដែន ភាគីទាំងពីរបានឯកភាពបន្តរក្សាបណ្តាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពលើព្រំដែនគោក និងបញ្ហាលើសមុទ្រ ដោយដោះស្រាយការខ្វែងគំនិតគ្នាឱ្យសមស្រប រក្សាសន្តិភាព និងស្ថិរភាពរួម។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពដឹកនាំភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការ និងជំរុញយន្តការចរចាស្តីពីការកំណត់ព្រំដែនសមុទ្រ និងកិច្ចសហប្រតិបត្តិការលើសមុទ្រ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានព្រមព្រៀងសហការជាមួយបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ខិតខំបង្កើតក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ដែលសមស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)៕

បកប្រែដោយ Huyen Trang