នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងក្រសួងយុត្តិធម៌វៀតណាម និងក្រសួងយុត្តិធម៌ជប៉ុន, លទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់និងយុត្តិធម៌រវាងប្រទេសទាំងពីរក្នុងរយៈពេលបីទសវត្សរ៍កន្លងមក ជាពិសេសការគាំទ្ររបស់រដ្ឋាភិបាល ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធរបស់ជប៉ុនសម្រាប់ស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ការជួយបណ្តុះបណ្តាលធនធានមនុស្ស ការកសាងច្បាប់ យន្តការនិងគោលនយោបាយ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌រវាងក្រសួងទាំងពីរ និងផ្នែកយុត្ដិធម៌នៃប្រទេសទាំងពីរតាមរយៈនោះរួមចំណែកជាក់ស្តែងក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀត​ណាម និងជប៉ុន ឲ្យកាន់តែមានប្រសិទ្ធភាពជាក់ស្ដែង។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោក Furukawa Yoshihisa មានបំណងចង់បន្តរួមចំណែកក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាន “ស្មោះត្រង់ មនោសញ្ចេតនា ការទុកចិត្ដគ្នា និងការយោគយល់គ្នារវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុនបានអះអាងថា ជប៉ុននឹងគាំទ្រនិងចែករំលែកបទពិសោធន៍ជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេសលើវិស័យយុត្តិធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស សំណង់ ច្បាប់ ការផ្លាស់ប្ដូរឌីជីថល និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់សហគមន៍ជនជាតិវៀតណាមនៅជប៉ុន។

ក្នុងឱកាសនេះផងដែរ ភាគីទាំងពីរបានចែករំលែកអំពីរាល់បញ្ហាក្នុងតំបន់ និងអន្តរជាតិ។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុនបានបញ្ជាក់នូវការគាំទ្រចំពោះគោលជំហររបស់វៀតណាម និងអាស៊ានលើការដោះស្រាយវិវាទនៅសមុទ្រដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងធានាសន្តិសុខ សុវត្ថិភាពនិងសេរីភាពនៃការធ្វើការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត៕

បកប្រែដោយ Thanh Cong