នាព្រឹកថ្ងៃទី ២៩ មិថុនា (តាមម៉ោងក្នុងតំបន់) ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានប្រព្រឹត្តទៅនៅវិមានរដ្ឋសភា ក្រោមអធិបតីភាពប្រធានសភាជាន់ទាបអង់គ្លេស លោក Lindsay Hoyle។ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច ភាគីទាំងពីរបានជួបពិភាក្សាជាមួយគ្នា។

ភាគីទាំងពីរបានពិភាក្សាលើបញ្ហាជាច្រើនអំពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាជាន់ទាបអង់គ្លេស ទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគីអំពីបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ថ្នាក់ដឹកនាំទាំងពីរបានផ្តោតការយកចិត្តទុកដាក់លើការពិភាក្សាអំពីវិធានការដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស រួមទាំងតួនាទីដ៏សំខាន់របស់រដ្ឋសភានៃប្រទេសទាំងពីរផងដែរ។ ឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) ភាគីទាំងពីរបានឯកភាពគ្នារៀបចំសកម្មភាពចម្រុះ និងប្រកបដោយអត្ថន័យជាច្រើនលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ជាន់ខ្ពស់។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានសភាជាន់ទាបអង់គ្លេស លោក Lindsay Hoyle (រូបថត៖ vnanet.vn)

ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា អង់គ្លេសគឺជាមហាអំណាចអភិវឌ្ឍន៍ទូទាំងពិភពលោកដែលមានតួនាទីដ៏សំខាន់ក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ រីឯប្រធានសភាជាន់ទាបអង់គ្លេស បានចាត់ទុកថា វៀតណាមជាប្រទេសកំពុងអភិវឌ្ឍយ៉ាងស្វាហាប់ក្នុងតំបន់អាស៊ីអាគ្នេយ៍ជាយុទ្ធសាស្ត្រ។

ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យភាគីទាំងពីរបន្តអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-អង់គ្លេស (UKVFTA) ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មអង់គ្លេសពង្រីកការវិនិយោគនៅវៀតណាម។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យអង់គ្លេសបង្កើនអាហារូបករណ៍រដ្ឋាភិបាលសម្រាប់និស្សិតវៀតណាម បង្កើនកម្មវិធីបណ្តុះបណ្តាល ផ្លាស់ប្តូរគ្រូបង្រៀន និស្សិត និងអ្នកស្រាវជ្រាវ; លើកទឹកចិត្តឱ្យសាកលវិទ្យាល័យធំៗរបស់អង់គ្លេសបើកសាខា និងសាងសង់សាកលវិទ្យាល័យជឿនលឿននៅប្រទេសវៀតណាម។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរនៅយន្តការពហុភាគីដូចជាអង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) និងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-អង់គ្លេស។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រ អង់គ្លេស ជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។

ពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ ភាគីទាំងពីរបានឯកភាពថា ស្ថានភាពពិភពលោក និងតំបន់កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ដូច្នេះ ចាំបាច់ត្រូវគោរពច្បាប់អន្តរជាតិ គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី និងដោះស្រាយជម្លោះដោយសន្តិវិធី។ល។

* នាព្រឹកថ្ងៃទី ២៩ មិថុនា នៅទីស្នាក់ការរដ្ឋសភាអង់គ្លេស បន្ទាប់ពីជួបសន្ទនាជាមួយប្រធានសភាជាន់ទាបអង់គ្លេស លោក Lindsay Hoyle ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាអង់គ្លេស លោក John Mcfall។

ភាគីទាំងពីរបានឯកភាពគ្នារក្សាកិច្ចសន្ទនា ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់  ជាពិសេសស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរចាំបាច់ត្រូវពង្រីកតួនាទីរបស់ខ្លួន គាំទ្រការអនុវត្តសកម្មភាពនានា ដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

នៅក្នុងកិច្ចសន្ទនា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីការអនុវត្តលទ្ធផលនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។ លោកប្រធានព្រឹទ្ធសភា John Mcfall បានវាយតំលៃខ្ពស់ចំពោះការចូលរួមយ៉ាងម៉ឺងម៉ាត់របស់វៀតណាមក្នុងកិច្ចសន្យាអន្តរជាតិលើការការពារបរិស្ថាន និងកាត់បន្ថយការបំភាយឧស្ម័ន។ លោកបានអះអាងថា អង់គ្លេសនឹងជួយឧបត្ថម្ភវៀតណាម។

ភាគីទាំងពីរក៏បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាអង់គ្លេសនាពេលកន្លងមក ហើយបានឯកភាពគ្នាលើកកំពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរក្នុងការជំរុញទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអះអាងថា រដ្ឋសភាវៀតណាមមានបំណងចង់ធ្វើការយ៉ាងជិតស្និទ្ធជាមួយព្រឹទ្ធសភាអង់គ្លេស ដើម្បីឲ្យទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្លាយជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេសឡើងកម្ពស់ថ្មីមួយ; ពង្រឹងទំនុកចិត្តនយោបាយ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការផ្សព្វផ្សាយគោលនយោបាយសម្រាប់ការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត កំណើនបៃតង និងនិរន្តរភាព; និងការសម្របសម្រួលក្នុងបញ្ហាអន្តរជាតិ៕

បកប្រែដោយ Huyen Trang