វៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ អេមីរ៉ាតអារ៉ាប់រួម និងអូម៉ង់
កប.អនឡាញ - នារសៀលថ្ងៃទី ២២ មិថុនា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានទទួលជួបឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃអេមីរ៉ាតអារ៉ាប់រួម (UAE) លោក Abdulnasser Al Shaali ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។
លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយ UAE ដែលជាដៃគូពាណិជ្ជកម្ម វិនិយោគ និងពលកម្មឈានមុខគេមួយរបស់វៀតណាមនៅមជ្ឈឹមបូព៌ា។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ហើយឆាប់រៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី២ រវាងក្រសួងការបរទេសទាំងពីរ; សម្របសម្រួលក្នុងការអនុវត្តវិធានការជាក់លាក់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ លោករដ្ឋមន្ត្រី Bui Thanh Son ក៏បានវាយតម្លៃខ្ពស់ចំពោះសំណើបង្កើតក្រុមប្រឹក្សាធុរកិច្ចរវាងប្រទេសទាំងពីរ ដោយមានការចូលរួមពីស្ថាប័នគ្រប់គ្រងរដ្ឋលើវិស័យសេដ្ឋកិច្ច និងធុរកិច្ចនៃភាគីទាំងពីរដែរ។ លោករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្ម UAE ក្នុងការស្វែងរក និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្ម និងវិនិយោគនៅវៀតណាម; ស្នើធុរកិច្ច UAE បង្កើនការវិនិយោគក្នុងវិស័យកសិកម្ម ដើម្បីរួមចំណែកធានាសន្តិសុខស្បៀង; ស្នើឱ្យភាគីទាំងពីរពន្លឿនការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដូចជា អនុស្សរណៈយោគយល់គ្នាក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ បង្កើតច្រកផ្លូវច្បាប់ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ...
    |
 |
លោករដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son ទទួលជួបឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ UAE លោក Abdulnasser Al Shaali (រូបថត៖ vnanet.vn) |
លោកឧបការីរដ្ឋមន្ត្រី Abdulnasser Al Shaali បានអះអាងថា UAE មានបំណងជំរុញកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម ជាពិសេសលើវិស័យសេដ្ឋកិច្ច; ពន្លឿនការបង្កើតក្រុមប្រឹក្សាធុរកិច្ច ចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី; ទាញយកអត្ថប្រយោជន៍ពីបទប្បញ្ញត្តិអនុគ្រោះដែលមានស្រាប់របស់ UAE ដើម្បីនាំទំនិញវៀតណាមចូលទៅក្នុងទីផ្សារមជ្ឈិមបូព៌ា-អាហ្វ្រិក; មានយន្តការសមស្របដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋ និងពាណិជ្ជករនៃប្រទេសទាំងពីរក្នុងការចូលគ្នាទៅវិញទៅមក។ UAE ក៏ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានផងដែរ។
*នារសៀលថ្ងៃដដែល លោករដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son ក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគី Oman លោក Sayyid Badr bin Hamad bin Hamood Al Busaidi ផងដែរ។
នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទនេះ រដ្ឋមន្ត្រីទាំងពីរបានឯកភាពវាយតម្លៃថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងអូម៉ង់ គឺធំសម្បើម ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ពលកម្ម កសិកម្ម ជលផល កំពង់ផែសមុទ្រ...; ទន្ទឹមនឹងនោះ បានពិភាក្សា និងឯកភាពលើវិធានការជាច្រើន ដើម្បីពង្រឹង និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ ដូចជាការពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងអង្គការនានា រក្សាឱ្យបានទៀងទាត់ និងប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ដូចជាគណៈកម្មាធិការអន្តររដ្ឋាភិបាល ការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។
ដើម្បីបង្កើតរបកគំហើញសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការសម្របសម្រួលក្នុងការរៀបចំសកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគ បង្កើនការចែករំលែកព័ត៌មាន និងការតភ្ជាប់អង្គភាពអាជីវកម្មរបស់ភាគីទាំងពីរ; ពន្លឿនការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗ ដើម្បីបំពេញក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី៕
បកប្រែដោយ Duy Hoan