លោកឧត្តមសេនីយ៍​ឯក Hoang Xuan Chien មានជំនួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូនៃប្រទេសកម្ពុជា និងសិង្ហបុរី មុនពេលកិច្ចប្រជុំ ADSOM និង ADSOM+។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និង​លោក​នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ

ក្នុងជំនួបជាមួយលោក​នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិកម្ពុជា។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីរវាងវៀតណាម និងកម្ពុជា ក្នុងរយៈពេលកន្លងមក។ ជាពិសេសគឺជោគជ័យនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជា លើកទី៥ និងជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកដំបូង នាពេលថ្មីៗនេះ ដែលបង្កើតការរីកសាយភាយក្នុងចំណោមប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃផែនការសហប្រតិបត្តិការលើវិស័យការពារជាតិឆ្នាំ២០២២ រវាងប្រទេសទាំងពីរ ជាពិសេសខ្លឹមសារទាំងឡាយដែលរដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាក្នុងជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន លើកដំបូង នាពេលថ្មីៗនេះ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរចំពោះក្រសួងការពារជាតិកម្ពុជា​ដែលបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៃកិច្ចប្រជុំអាស៊ាននានាតាមការជួបជុំផ្ទាល់ (បន្ទាប់ពីរយៈពេលពីរឆ្នាំរងផលប៉ះពាល់ដោយ Covid-19 កិច្ចប្រជុំទាំងឡាយត្រូវតែធ្វើឡើងតាមប្រព័ន្ធវីដេអូ)។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីកម្ពុជាទទួលជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានបង្ហាញការជឿជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២) នឹងទទួលបានជោគជ័យ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និង​លោក Chan Heng Kee

នៅក្នុងជំនួបជាមួយលោក Chan Heng Kee រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិសិង្ហបុរី ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ល្អរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរវៀតណាម និងសិង្ហបុរី ​ដែលបានបង្ហាញតាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារកិច្ចសហប្រតិបត្តិការទាំងឡាយ ជាពិសេសក្នុងបរិបទដែលរដ្ឋមន្ត្រីការពារជាតិទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីកាលពីខែកុម្ភៈ ឆ្នាំ២០២២។ នេះជាឯកសារសំខាន់ណាស់ដែលបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាពរវាងក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរ នាពេលខាងមុខ។ ប្រមុខគណៈប្រតិភូទាំងពីរបានឯកភាពដឹកនាំស្ថាប័នទាំងឡាយឱ្យឆាប់បញ្ចប់ផែនការសហប្រតិបត្តិការរយៈពេល ៣ ឆ្នាំ (២០២២-២០២៤)។  ក្នុងជំនួបនេះដែរ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា ភាគីទាំងពីរបន្តរក្សាការពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ដែលភាគីទាំងពីរជាសមាជិក; ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពពហុភាគីដែលរៀបចំដោយភាគីនីមួយៗ។ ហើយទន្ទឹមនឹងនោះក៏បានពាំនាំការអញ្ជើញរបស់រដ្ឋមន្ត្រី Phan Van Giang ជូនលោករដ្ឋមន្ត្រី​ក្រសួងការពារជាតិសិង្ហបុរី Ng Eng Hen ដែល​អញ្ជើញលោកមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមតាមពេលវេលាសមស្របក្នុងឆ្នាំ ២០២២។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានឲ្យដឹងថា ក្រសួងការពារប្រទេសវៀតណាមបានទទួលការអញ្ជើញចូលរួមកិច្ចសន្ទនា Shangri-La ក្នុងខែមិថុនា ហើយនឹងពិចារណាការបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ឲ្យទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ៕

បកប្រែដោយ Duy Hoan