គណបក្សប្រជាជនឥណ្ឌាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយបក្សកុម្មុយនិស្តវៀតណាម
កប.អនឡាញ - នាថ្ងៃទី ២០ ខែមករា លោក Le Hoai Trung ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយលោកបណ្ឌិត Vijay Chauthaiwale ប្រធានគណៈកម្មាធិការអន្តរជាតិនៃគណបក្សប្រជាជនឥណ្ឌា (BJP) និងលោក Ravishandar Prasad សមាជិកសភា គណបក្ស BJP។
នៅក្នុងកិច្ចពិភាក្សា លោក Le Hoai Trung បានជម្រាបជូនអំពីលទ្ធផលនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម សមិទ្ធិផល និងទិសដៅអភិវឌ្ឍន៍ និងកិច្ចការបរទេសរបស់បក្សកុម្មុយនិស្តវៀតណាម ការងារបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ការធានាសុខុមាលភាពសង្គម ការងើបឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច របស់វៀតណាមក្នុងរយៈពេលកន្លងមក។ លោក Le Hoai Trung បានអបអរសាទរចំពោះសមិទ្ធិផលដែលគណបក្ស BJP និងរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី Narendra Modi សម្រេចបាន ជាពិសេសក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត Covid-19 និងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ឥណ្ឌាឡើងវិញ។
    |
 |
លោក Le Hoai Trung ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនៅកិច្ចពិភាក្សា (រូបថត៖ vnanet.vn) |
អ្នកដឹកនាំគណបក្ស BJP បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម ព្រមទាំងវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបាន។ អ្នកដឹកនាំគណបក្ស BJP បានសម្តែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបក្សទាំងពីរក្នុងរយៈពេលកន្លងមក ព្រមទាំងអះអាងថា គណបក្ស BJP យកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយបក្សកុម្មុយនិស្តវៀតណាម។
ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងផ្លាស់ប្តូរវិធានការ និងទិសដៅដើម្បីជំរុញទំនាក់ទំនងរវាងបក្សទាំងពីរនាពេលខាងមុខ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត៕
បកប្រែដោយ Huyen Trang