លោកប្រធានរដ្ឋសភា Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយដែលហុងគ្រីសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ  និងអរគុណហុងគ្រីដែលបានយកចិត្តទុកដាក់ និងជួយវៀតណាមក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះហុងគ្រី ដែលបានគាំទ្រយ៉ាងសកម្មការចុះហត្ថលេខា និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) និងជាប្រទេសសមាជិកដំបូងក្នុង EU ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម-EU (EVIPA)។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអះអាងថា រដ្ឋសភាវៀតណាមនឹងយកចិត្តទុកដាក់ជំរុញការអនុវត្ត និងត្រួតពិនិត្យកម្មវិធី ODA ដែលមានតម្លៃ ៥០០លានអឺរ៉ូ ដែលហុងគ្រីបានយកចិត្តទុកដាក់លើ គម្រោងមួយចំនួនក្នុងវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាអាហារូបករណ៍ ២០០ ក្នុងមួយឆ្នាំសម្រាប់និស្សិតវៀតណាម ដើម្បីសិក្សាមុខវិជ្ជាសេដ្ឋកិច្ច និងបច្ចេកទេសសំខាន់ៗ។ គាំទ្រការបង្កើតមជ្ឈមណ្ឌលវប្បធម៌ហុងគ្រីនៅវៀតណាម លោកប្រធានរដ្ឋសភា Vuong Dinh Hue សង្ឃឹមថា នេះនឹងជាទីតាំងទាក់ទាញអតីតនិស្សិតជាច្រើនដែលបានសិក្សានៅប្រទេសហុងគ្រី និងប្រជាជនវៀតណាម។

leftcenterrightdel
លោកប្រធានរដ្ឋសភា ទទួលជួបលោកស្រី Márta Mátrai អនុប្រធានទី១ រដ្ឋសភាហុងគ្រី 

លោកស្រី Márta Mátrai បានសម្តែងនូវសេចក្តីរីករាយដែលនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរនៅតែរក្សាទំនាក់ទំនងកម្រិតខ្ពស់តាមរយៈទម្រង់ទំនាក់ទំនងតាមអ៉ីនធឺណិត និងដោយផ្ទាល់។ យើងសង្ឃឹមថា នៅពេលដែលជំងឺរាតត្បាត Covid-19 ថយចុះភាគីទាំងពីរនឹងបន្តរក្សាកិច្ចប្រជុំរវាងគណៈកម្មាធិការ និងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ​ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការងារនីតិបញ្ញត្តិ។ ដោយសង្កត់ធ្ងន់ថា វៀតណាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់ លោកស្រី Márta Mátrai បាននិយាយថា ហុងគ្រីមានបំណងជំរុញគម្រោងដែលបានចុះហត្ថលេខាដោយភាគីទាំងពីរក្នុងអំឡុងដំណើរទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំ ២០១៧ របស់នាយករដ្ឋមន្ត្រីហុងគ្រី៕

* នារសៀលថ្ងៃដដែល នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃគណៈលេខាបក្សបានទទួលជួបលោកស្រី Márta Mátrai។

លោក Vo Van Thuong បានវាយតម្លៃថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក និងប្រទេសទាំងពីរវៀតណាម-ហុងគ្រី និយាយរួម។ លោក Vo Van Thuong បានថ្លែងអំណរគុណហុងគ្រីចំពោះការគាំទ្រដ៏មានតម្លៃដែលហុងគ្រី បានផ្តល់ឱ្យវៀតណាម ក្នុងការឆ្លើយតបនឹងការរីករាលដាលនៃ Covid-19 និងសង្ឃឹមថាទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-ហុងគ្រី ក៏ដូចជាទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សសម្ព័ន្ធពលរដ្ឋហុងគ្រីដែលកំពុងកាន់អំណាចនឹងបន្តអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យនាពេលខាងមុខ។

ដោយកត់សម្គាល់នូវលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក លោកស្រី Márta Mátrai បានសង្កត់ធ្ងន់ថា ហុងគ្រីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាដៃគូសំខាន់នាំមុខគេក្នុងតំបន់អាស៊ីខាងត្បូង។

* គួរឱ្យរំលឹកដែរថា នាព្រឹកថ្ងៃទី២០ ខែមករា នៅវិមានរដ្ឋសភា អនុប្រធានប្រចាំការរដ្ឋសភា លោក Tran Thanh Man បានជួបពិភាក្សាតុមូលជាមួយលោកស្រី Márta Mátrai៕

បកប្រែដោយ Minh Trung