លោក Pham Minh Chinh ថ្លែងអំណរគុណចំពោះកម្មវិធី COVAX បានសន្យាផ្ដល់វ៉ាក់សាំងឥតគិតថ្លៃដល់វៀតណាម។ លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ដោយមានការប្ដេជ្ញាចិត្តនិងកិច្ចខិតខំរបស់រដ្ឋាភិបាល ការជួយគាំទ្ររបស់មិត្តភក្តិអន្តរជាតិ រួមទាំងជំនួយដ៏សំខាន់របស់ COVAX និងប្រទេសនានាតាមរយៈកម្មវិធី COVAX ជាពិសេសគឺការរួមសុខរួមទុក្ខរបស់ប្រជាជន ជំងឺរាតត្បាតនៅវៀតណាមត្រូវបានគ្រប់គ្រង ហើយកំពុងស្ដារនិងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តភ្ជាប់ឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច ទេសចរណ៍។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា វៀតណាមត្រូវការវ៉ាក់សាំងបន្ថែមទៀតដើម្បីចាក់វ៉ាក់សាំងជូនកុមារ និងការចាក់វ៉ាក់សាំងដូសទី៣។

leftcenterrightdel
លោក Pham Minh Chinh និងលោកស្រី Aurélia Nguyen (រូបថត៖ vnanet.vn)

ក្នុងស្មារតីសាមគ្គីភាពអន្តរជាតិ និងចូលរួមចំណែកដោយមានទំនួលខុសត្រូវក្នុងកិច្ចខិតខំរួម ដើម្បីគ្រប់គ្រងបានជំងឺរាតត្បាត លោក Pham Minh Chinh បានប្រកាសថា រដ្ឋាភិបាលវៀតណាមប្ដេជ្ញាចិត្តជូនថវិកា ៥០ ម៉ឺនដុល្លារអាមេរិកដល់កម្មវិធី COVAX នាំមកនូវការវិភាគទានសរុបរបស់វៀតណាមចំពោះ COVAX ឡើងដល់ ១ លានដុល្លារអាមេរិក។

លោកស្រីនាយិកាប្រតិបត្តិកម្មវិធី COVAX បានឲ្យដឹងថា បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រី នាថ្ងៃទី២០ ខែកញ្ញា កម្មវិធី COVAX បានជម្រុញការផ្តល់វ៉ាក់សាំងដល់វៀតណាម ពិសេស កម្មវិធី COVAX នឹងជូនវ៉ាក់សាំង Pfizer និង Moderna ជាង ៩ លានដូសបន្ថែមទៀតដល់វៀតណាម។ លោកស្រី Aurélia Nguyen បញ្ជាក់ថា កម្មវិធី COVAX នឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតតាមរយៈការផ្ដល់វ៉ាក់សាំង ជួយឧបត្ថម្ភបច្ចេកទេសបម្រើការចាក់វ៉ាក់សាំងនិងការទទួលវ៉ាក់សាំង៕

បកប្រែដោយ Thuy Anh