នេះជាដំណើរទស្សនកិច្ចផ្លូវការទ្វេភាគីលើកដំបូងទៅកាន់ប្រទេសអឺរ៉ុបមួយរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចាប់តាំងពីលោកចូលកាន់តំណែង ហើយដំណើរទស្សនកិច្ចមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងបារាំងឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្ដែងថែមទៀត។

ដោយឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រ ទំនាក់ទំនងវៀតណាម-បារាំងកំពុងមានការអភិវឌ្ឍន៍ជាវិជ្ជមាន។ នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមនិងបារាំងបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីលើគ្រប់ទិដ្ឋភាព។  កាលពីខែកញ្ញា ឆ្នាំ ២០១៣ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង។ ទំនាក់ទំនងនយោបាយល្អប្រសើររវាងប្រទេសទាំងពីរត្រូវបានកត់សម្គាល់ដោយដំណើរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់ ដែលថ្មីៗនេះគឺដំណើរទស្សនកិច្ចនៅប្រទេសបារាំងរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong កាល​ពី​ខែមីនា ឆ្នាំ២០១៨ និងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកនាយករដ្ឋមន្ត្រីបារាំង Édouard Philippe កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។ ប្រទេសទាំងពីររក្សានូវយន្តការសហប្រតិបត្តិការជាច្រើនដូចជា៖ កិច្ចសន្ទនាយុទ្ធសាស្ត្រសន្តិសុខ-ការពារជាតិ កិច្ចសន្ទនាថ្នាក់ជាន់ខ្ពស់ប្រចាំឆ្នាំស្ដីពីសេដ្ឋកិច្ចនិងកិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀត​ណាមលោក Pham Minh Chinh (រូបថត៖ vnanet.vn)

ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចត្រូវបានចាត់ទុកថាជាចំណុចលេចធ្លោ។ បារាំងជាដៃគូពាណិជ្ជកម្មអឺរ៉ុបធំទី ៥ របស់វៀតណាម។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៧ ខែឆ្នាំ ២០២១ សម្រេចបាន ២,៨១ ពាន់លានដុល្លារអាមេរិក  ដែលក្នុងនោះ វៀតណាមបាននាំចេញស្បែកជើង វាយនភណ្ឌសំលៀកបំពាក់ ជលផល គ្រឿងយន្ត និងគ្រឿងបន្លាស់ អេឡិចត្រូនិកទៅកាន់ប្រទេសបារាំង... និងនាំចូលពីបារាំងដូចជា៖ បរិក្ខារអាកាសចរណ៍ ម៉ាស៊ីនឧស្សាហកម្ម ឱសថ កសិផល-ស្បៀងអាហារ... អំពីវិនិយោគ បារាំងឈរនៅលំដាប់ទី ៣ ក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប (ក្រោយហូឡង់ និងអង់គ្លេស) និងឈរនៅលំដាប់ទី ១៦ ក្នុងចំណោមប្រទេសនិងដែនដីចំនួន ១៤០ ដែលវិនិយោគនៅ​វៀតណាម  ដោយមានទុនវិនិយោគចុះបញ្ជីសរុប ៣.៦ ពាន់លានដុល្លារ។  បារាំងក៏ជាម្ចាស់ជំនួយ ODA ជួរមុខសម្រាប់​វៀតណាមក្នុងសហភាពអឺរ៉ុប ( EU) ដោយផ្តោតលើវិស័យអាទិភាពចំនួន ៣ គឺការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល និងកំណើនបៃតង។

ក្នុងការអភិវឌ្ឍន៍រួមនៃទំនាក់ទំនងវៀតណាម-បារាំង ទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីត្រូវបានពង្រឹងនិងពង្រីក​ឥតឈប់ឈរ។  ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្របខណ្ឌកាលពីឆ្នាំ ១៩៩៧ ហើយ​បានឯកភាពរៀបចំកិច្ចប្រជុំប្ដូរវេនប្រចាំឆ្នាំនៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ (ថ្នាក់អនុរដ្ឋមន្ត្រី)។ យន្តការនេះត្រូវបានប្តូរឈ្មោះទៅជាកិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិ និងបានរៀបចំសម័យប្រជុំដំបូងនាខែកក្កដា ឆ្នាំ​២០១៩ ។ កាលពីខែកញ្ញា ឆ្នាំ ២០១៨ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើវិសោធនកម្មកិច្ចព្រមព្រៀង​សហប្រតិបត្តិការលើវិស័យការពារជាតិកាលពីឆ្នាំ ២០០៩ និងសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីទំនាក់ទំនងការពារជាតិ​វៀតណាម-បារាំងដំណាក់កាល ២០១៨-២០២៨។ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរត្រូវបានដំណើរការមានជាអាថិ៍៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ពេទ្យយោធា ជលសាស្ត្រ ការរក្សាសន្តិភាពជាដើម ... ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរនាពេលថ្មីៗនេះ ភាគីទាំងពីរបានឯកភាពថា វៀតណាមនិងបារាំងតម្លើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យការពារជាតិ។

កិច្ចសហប្រតិបត្តិការអប់រំ-បណ្តុះបណ្តាលរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើងនិងអភិវឌ្ឍន៍តាំងពីដើមទសវត្សរ៍ ១៩៨០ មក​។ បារាំងតែងតែចាត់ទុកការអប់រំ-បណ្តុះបណ្តាលជាគោលដៅអាទិភាពក្នុងសកម្មភាពសហប្រតិបត្តិការរបស់ខ្លួននៅវៀត​ណាម ដោយផ្តោតលើការបង្រៀន និងការអភិវឌ្ឍភាសាបារាំង បណ្តុះបណ្តាលធនធានមនុស្សនៅថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សាលើវិស័យជាច្រើនដូចជា៖ ការគ្រប់គ្រងសេដ្ឋកិច្ច ធនាគារ ហិរញ្ញវត្ថុ ច្បាប់ បច្ចេកវិទ្យាថ្មី... ចំនួននិស្សិតវៀតណាមទៅសិក្សានៅប្រទេសបារាំងបានកើនឡើងប្រហែល ៤០% ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ  ហើយបច្ចុប្បន្នមាននិស្សត​វៀតណាមជិត ១០,០០០ នាក់ (បារាំងជាប្រទេសដែលមានចំនួននិស្សិតវៀតណាមច្រើនទីបីក្នុងពិភពលោក)។ បារាំងឈរលំដាប់ទី ៧ ក្នុងចំណោមប្រទេសនិងដែនដីដែលមានការវិនិយោគច្រើនជាងគេលើវិស័យទេសចរណ៍នៅវៀតណាម ដោយមានគម្រោងចំនួន ១៤ ក្នុងតម្លៃសរុប ១៨៨ លានដុល្លារអាមេរិក។ វៀតណាមចាត់ទុកថាបារាំងជាទីផ្សារដែលមានអ្នកទេសចរណ៍ច្រើន។ វៀតណាមនិងបារាំងសុទ្ធតែជាសមាជិកនៃអង្គការអន្តរជាតិ Francophonie ប្រទេសទាំងពីរមានសកម្មភាពសហប្រតិបត្តិការជាច្រើនក្នុងក្របខ័ណ្ឌនៃអង្គការ Francophone។

ស្ពានតភ្ជាប់ដ៏សំខាន់មួយនៃទំនាក់ទំនងបារាំង - វៀតណាមគឺសហគមន៍ជនជាតិវៀតណាមនៅបារាំងដែលមានចំនួនជាង ៣០០,០០០ នាក់ ក្នុងនោះ ភាគច្រើនមានសញ្ជាតិបារាំង។ យើងជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណៈរដ្ឋបារាំងលើកនេះរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh  នឹងទទួលបានជោគជ័យ រួមចំណែកលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង ជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពលើ គ្រប់វិស័យដែលភាគីទាំងពីរមានសក្តានុពល ៕

បកប្រែដោយ Pham Diep