នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Park Noh Wan
កប.អនឡាញ - នាថ្ងៃទី ១២ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Park Noh Wan។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ និងត្រៀមខ្លួនជាស្រេចធ្វើការយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋកូរ៉េខាងត្បូងដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងខ្លឹមសារនៃយន្តការដែលមានស្រាប់ បង្កើនកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកអនាគតល្អប្រសើរក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើថា នាពេលខាងមុខនេះ ភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់តាមទម្រង់សមស្រប បង្កើនការទូតប្រជាជន ពង្រឹងការជឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh សង្ឃឹមថា ភាគីកូរ៉េខាងត្បូងនឹងបន្តសហការនិងគាំទ្រវៀតណាមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត ជាពិសេសគឺវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺកូវីដ១៩ រួមទាំងបង្កើនសមត្ថភាពវេជ្ជសាស្ត្រ។
    |
 |
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង លោក Park No Wan (រូបថត៖ vnanet.vn) |
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ចង់ឲ្យភាគីទាំងពីរបន្តជំរុញសហគ្រាសកូរ៉េខាងត្បូង ជាពិសេសក្រុមហ៊ុនសាជីវកម្ម និងសហគ្រាសធំៗរបស់កូរ៉េខាងត្បូង បន្តបណ្តាក់ទុនវិនិយោគចូលមកវៀតណាម ។ ព្រមទាំងស្នើឱ្យភាគីទាំងពីរសិក្សាពីការតភ្ជាប់ជើងហោះហើរពាណិជ្ជកម្មឡើងវិញ និងទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់គ្នាក្នុងពេលឆាប់ៗ រួមចំណែកធ្វើឱ្យមានស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញរវាងប្រទេសទាំងពីរ និងនៅទូទាំងពិភព លោក។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យភាគីកូរ៉េខាងត្បូងយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ សហគមន៍វៀតណាមក្នុងការរស់នៅ សិក្សានិងធ្វើការនៅប្រទេសកូរ៉េខាងត្បូង។
លោកឯកអគ្គរដ្ឋទូត Park Noh Wan បានជូនដំណឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងគាំទ្ររដ្ឋាភិបាល និងប្រជាជនវៀតណាមនូវវ៉ាក់សាំង Astra Zeneca ចំនួន ១.១ លានដូស ហើយគម្រោងនឹងមកកាន់ប្រទេសវៀតណាមនៅថ្ងៃទី ១៣ ខែតុលា។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា កូរ៉េខាងត្បូងនឹងបន្តពិចារណាលើការគាំទ្រផ្នែកសុខាភិបាល រួមទាំងការផ្តល់វ៉ាក់សាំងជូនប្រទេសវៀតណាមនាពេលខាងមុខនេះ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោកឯកអគ្គរដ្ឋទូត Park Noh Wan បានអះអាងថា វៀតណាមជាដៃគូសំខាន់ជួរមុខរបស់កូរ៉េខាងត្បូង ជាពិសេសលើវិស័យសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។
លោកឯកអគ្គរដ្ឋទូត Park Noh Wan បាននិយាយថា កូរ៉េខាងខាងត្បូងមានបំណងដំឡើងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្រិតថ្មីមួយទៀតក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត៕
បកប្រែដោយ Thanh Cong