លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមពិធីបើកពិព័រណ៍ពិភពលោកឌីជីថលឆ្នាំ២០២១
កប.អនឡាញ - នៅយប់ថ្ងៃទី ១២ ខែតុលា លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសន្និសីទតាមប្រព័ន្ធវីដេអូថ្នាក់រដ្ឋមន្ត្រី និងពិធីបើកការតាំងពិព័រណ៍ពិភពលោកឌីជីថលឆ្នាំ ២០២១ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន និងសារគមនាគមន៍សហការជាមួយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែតុលា។
ថ្លែងក្នុងពិធីបើកពិព័រណ៍ពិភពលោកឌីជីថលឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមចាត់ទុកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងគ្រឹះស្ថានឌីជីថលជាតិជាកត្តាគន្លឹះសំខាន់ និងកំពុងខិតខំប្រឹងប្រែងដើម្បីពន្លឿនដំណើរការបំប្លែងឌីជីថលជាតិ។ ជាពិសេសរដ្ឋាភិបាលតែងតែជឿជាក់យ៉ាងមោះមុតថា សហគ្រាសបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តដំណើរការនេះ។
    |
 |
លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសន្និសីទ (រូបថត៖ vietnamnet.vn) |
លោកនាយករដ្ឋមន្រ្តី បានឲ្យដឹងថា ពិព័រណ៍ពិភពលោកឌីជីថលឆ្នាំ ២០២១ ក្នុងបំណងតភ្ជាប់ រីកសាយភាយក្នុងបរិបទដែលពិភពលោកបន្ដប្រឈមមុខនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ផង និងស្ដារសេដ្ឋកិច្ចសង្គមឡើងវិញផង។
ប្រមុខរដ្ឋាភិបាលវៀតណាម បានចែករំលែកជាមួយសន្និសីទនូវទស្សនៈមួយចំនួន និងអាទិភាពចំនួន ៥ សម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកឌីជីថល។ យោងតាមលោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកឡើងថា ការបំប្លែងឌីជីថលដើម្បីកសាងពិភពលោកឌីជីថលមួយតម្រូវឲ្យមានការចូលរួមពីបណ្ដាប្រទេស អង្គការ ឬបុគ្គលទាំងអស់ ហើយគ្មានប្រទេស អង្គការ ឬបុគ្គលណាមួយ អាចឈរខាងក្រៅនៃការបំប្លែងឌីជីថលរបស់មនុស្សជាតិនោះឡើយ។ នេះគឺជាបញ្ហាសកល ដូច្នេះត្រូវការវិធីសាស្រ្តសកល និងការរួមចំណែករបស់សកលលោក។ កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការបំប្លែងឌីជីថល ជាពិសេសនៅក្នុង ITU ត្រូវឆ្ពោះទៅរកគោលដៅកសាងពិភពលោកឌីជីថលមួយបៃតង និងយុត្តិធម៌ជាងមុនសម្រាប់មនុស្សគ្រប់រូប និងប្រទេសទាំងអស់។
លោកនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ផងដែរថា ការបំប្លែងឌីជីថលត្រូវប្រកាន់យកប្រជាជនជាមជ្ឈភាព ជាគោលដៅនៃការអភិវឌ្ឍ។ ដំណើរការនេះពិតជាទទួលបានជោគជ័យនៅពេលប្រជាពលរដ្ឋគ្រប់រូបចូលរួមយ៉ាងសកម្ម និងទទួលបានអត្ថប្រយោជន៍ដែលនាំមកពីការបំប្លែងឌីជីថល។ ដូច្នេះតួនាទីដឹកនាំរបស់រដ្ឋាភិបាលក៏ដូចជាគំនិតផ្តួចផ្តើម និងផែនការសហប្រតិបត្តិការសំខាន់ៗរបស់ ITU ត្រូវឆ្ពោះទៅរកគោលដៅនេះដើម្បីមិនទុកឲ្យចោលនរណាម្នាក់ឡើយ៕
បកប្រែដោយ Pham Diep