លោកអនុប្រធានាធិបតី Fuat Oktay បានបញ្ជាក់ថា ទួរគីយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម។ ក្នុងឱកាសនេះ ទួរគីបានប្រកាសជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់សាំងចំនួន ២០ ម៉ឺនដូស ម៉ាស៊ីនបង្កើតអុកស៊ីសែន និងឧបករណ៍វេជ្ជសាស្ត្រជាច្រើន ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។

leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយអនុប្រធានាធិបតីទួរគី លោក Fuat Oktay (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលទួរគីដែលបានសម្រេចចិត្តជួយឧបត្ថម្ភវៀតណាម នូវវ៉ាក់សាំងការពារកូវីដ-១៩ និងឧបករណ៍វេជ្ជសាស្ត្រ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh មានសេចក្តីសង្ឃឹមថា ភាគីទាំងពីរនឹងចែករំលែកបទពិសោធន៍ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។ល។

ភាគីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាព វៀតណាម-ទួរគី និងឯកភាពគ្នាបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ស្តីពីវិស័យនយោបាយ-ការបរទេស ភាគីទាំងពីរបានបង្កើនការផ្លាស់ប្តូរនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ ព្រមទាំងពិចារណាអំពីការបើកស្ថានអគ្គកុងស៊ុលទួរគីប្រចាំទីក្រុងហូជីមិញក្នុង​ពេល​ឆាប់ៗ និងលើកកម្ពស់ប្រសិទ្ធិភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់។

ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថា ប្រទេសទាំងពីរនៅតែមានសក្តានុពលជាច្រើនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខនេះ។ ដើម្បីសម្រេចបានគោលដៅនោះ ភាគីទាំងពីរត្រូវអនុវត្តដំណោះស្រាយជាច្រើនដូចជា៖ ចាប់ផ្តើមការចរចាសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី; ជំរុញកិច្ចសហប្រតិបត្តិការក្នុងការដឹកជញ្ជូនតាមផ្លូវអាកាស រួមទាំងការពិចារណាចាប់ផ្តើមផ្លូវហោះហើរឡើងវិញរវាងប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការ រៀបចំសកម្មភាពជំរុញការវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម ផលិតកម្ម ទេសចរណ៍ កសិកម្ម ការពារជាតិ សន្តិសុខ ការដឹកជញ្ជូន ពលកម្ម និងការអប់រំ។ល។

ស្តីពីកិច្ចសហប្រតិបត្តិការពហុភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា ប្រទេសទាំងពីរគប្បីបន្តពិគ្រោះយោបល់ និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកា និងអង្គការអន្តរជាតិនានា ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ ស្តីពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ សន្តិសុខនិងសន្តិភាពក្នុងតំបន់ ការដោះស្រាយជម្លោះដោយសន្តិវិធីដោយឈរលើការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕

បកប្រែដោយ Huyen Trang