លោកអគ្គលេខាបក្ស Nguyen Phu Trong សង្កត់ធ្ងន់ថា ទោះបីរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺ Covid-19 ក៏ដោយ ប៉ុន្តែការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងទំនាក់ទំនងទ្វេភាគីរវាងបក្សទាំងពីរ ប្រទេសទាំងពីរវៀតណាម-ចិន នៅតែបន្តអភិវឌ្ឍ។ លោកថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានចែករំលែកបទពិសោធន៍ និងឧបត្ថម្ភវ៉ាក់សាំងជូនវៀតណាម ហើយរំពឹងថា ភាគីទាំងពីរនឹងបន្តផ្ដល់អាទិភាពលើការអនុវត្តកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ការស្ដារ និងអភិវឌ្ឍក្រោយជំងឺរាតត្បាត។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong ជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជិនពីង (រូបថត៖ vnanet.vn)

លោក Nguyen Phu Trong បញ្ជាក់ពីការយកចិត្តទុកដាក់របស់វៀតណាមដល់ទំនាក់ទំនងជាអ្នកជិតខាងមិត្តភាព ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយជាមួយចិន។ លោកសង្កត់ធ្ងន់លើការពង្រីកទំនាក់ទំនងនយោបាយ រួមទាំងការបង្កើនការផ្លាស់ប្តូរលើគ្រប់លំដាប់ថ្នាក់។ លោកស្នើឲ្យភាគីទាំងពីរបន្តអនុវត្តកិច្ចព្រមព្រៀងទាំងឡាយដែលបានចុះហត្ថលេខា ហើយស្នើឲ្យចិនបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្មនៃប្រទេសទាំងពីរអភិវឌ្ឍឲ្យមានតុល្យភាពជាង បង្កើនការវិនិយោគលើគម្រោងធំៗ ព្រមទាំងសហការដោះស្រាយការលំបាក ការជំពាក់ជំពិន និងជម្រុញជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ល។ លោក Nguyen Phu Trong ស្នើឲ្យភាគីទាំងពីរបន្តសហការក្នុងការគ្រប់គ្រង និងការការពារព្រំដែន កសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍ លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនៅសមុទ្រ ពិភាក្សានិងសហការដោះស្រាយបញ្ហានៅសមុទ្រ សហការជាមួយអាស៊ានក្នុងការចរចា កសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របនឹងច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជិនពីង បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលប្រជាជនវៀតណាមទទួលបាន ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋាភិបាលវៀតណាម ហើយជឿជាក់ថា បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមនឹងទទួលបានជោគជ័យក្នុងការអនុវត្តគោលដៅ និងភារកិច្ចដែលមហាសន្និបាតលើកទី១៣ របស់បក្សដាក់ចេញ។ លោក ស៊ី ជិនពីង បញ្ជាក់ថា ប្រទេសចិនយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាអ្នកជិតខាង មិត្តភាពជាប្រពៃណីជាមួយវៀតណាម ហើយមានគោលបំណងពង្រីកទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក្នុងដំណាក់ការកសាងសង្គមនិយម។ លោក ស៊ី ជិនពីង បានចាត់ទុកថា ក្នុងបរិបទនៃជំងឺ Covid-19 ភាគីទាំងពីរគប្បីរក្សាការផ្លាស់ប្តូរ ជំនួបគ្រប់លំដាប់ថ្នាក់ ជម្រុញការតភ្ជាប់យុទ្ធសាស្រ្ត និងបង្កើតចំណុចភ្លឺថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh