នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានសំដែងនូវក្ដីសប្បាយរីករាយដោយឃើញថា ទំនាក់ទំនងវៀតណាម-គុយបាត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរនៅក្នុងបរិបទដែលស្ថានភាពអន្តរជាតិមានការវិវឌ្ឍដែលមិនអាចទាយទុកជាមុននិងការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩។ ភាគីទាំងពីរបានរក្សាការសន្ទនាថ្នាក់ជាន់ខ្ពស់ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ដោយបង្ហាញពីមនោសញ្ចេតនា សាមគ្គីភាពជាបងប្អូន និងការគាំទ្រគ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីវិធានការជាក់ស្តែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើនផងដែរ។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលជួបនាយករដ្ឋមន្រ្តីគុយបា លោក Manuel Marrero Cruz (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋ Nguyen Xuan Phuc មានបំណងចង់ឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងយន្តការសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាល រួមចំណែកជំរុញទំនាក់ទំនងវៀតណាម-គុយបាឲ្យកាន់តែខ្លាំងក្លាថែមទៀត និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគដែលស្របទៅនឹងទំនាក់ទំនងនយោបាយល្អប្រសើររវាងប្រទេសទាំងពីរ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនិងបទពិសោធន៍របស់គុយបាក្នុងវិស័យវេជ្ជសាស្ត្រនិងឱសថសាស្ដ្រ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc មានបំណងចង់ឲ្យប្រទេសទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ ១៩។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលគុយបាដែលបានបញ្ជូនអ្នកជំនាញខាងវេជ្ជសាស្ត្រមកវៀតណាម និងផ្គត់ផ្គង់ថ្នាំព្យាបាលជំងឺរាតត្បាតជូនវៀតណាម ក៏ដូចជាការសហការផលិតវ៉ាក់សាំង Abdala ជាមួយវៀតណាមផងដែរ។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រគល់សៀវភៅក្រោមចំណងជើងថា “Fidel Castro Ruz - អ្នកបដិវត្តន៍អន្តរជាតិដ៏អស្ចារ្យ” ជូនលោកនាយករដ្ឋមន្រ្តី Manuel Marrero Cruz (រូបថត៖ vnanet.vn)

នៅចុងបញ្ចប់ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានប្រគល់សៀវភៅក្រោមចំណងជើងថា “Fidel Castro Ruz - អ្នកបដិវត្តន៍អន្តរជាតិដ៏អស្ចារ្យ” ជូនលោកនាយករដ្ឋមន្រ្តី Manuel Marrero Cruz។

* នាព្រឹកថ្ងៃដដែល នៅរដ្ឋធានី La Habana លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅដាក់កម្រងផ្កានៅរូបសំណាក់លោកប្រធានហូជីមិញក្នុងបរិវេណឧទ្យាន Hoa Binh៕

បកប្រែដោយ Pham Diep