នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមសូមថ្លែងអរគុណចំពោះអាមេរិកដែលបានគាំទ្រវៀតណាមនូវវ៉ាក់សាំងការពារ Covid-19 មួយចំនួនធំនាពេលកន្លងមក ព្រមទាំងបញ្ជាក់ថា វៀតណាមមានបំណងចង់បន្តទទួលបានការគាំទ្រពីអាមេរិកក្នុងការទទួលបាន​ប្រភពវ៉ាក់សាំងការពារ Covid-19 ផ្សេងៗទៀត ដើម្បីពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជន។

leftcenterrightdel
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin

ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងស្មារតីនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា  អាមេរិកជាដៃគូនាំមុខគេក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ វៀតណាមមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ វៀតណាមមានគោលបំណងទទួលបានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីអាមេរិកក្នុងការជម្នះផលវិបាកដោយសារសង្គ្រាម ការស្វែងរកយោធិន​ដែលបាត់ខ្លួន ការបោសសំអាតគ្រាប់បែកមីន ដោះស្រាយផលវិបាកដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin ជាពិសេស បង្កើនជំនួយមនុស្សធម៌ដល់ប្រជាជនវៀតណាមដែលរងគ្រោះដោយសារជាតិពុលនេះ  និងជួយគាំទ្រវៀតណាមក្នុងការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ វៀតណាមក៏មានគោលបំណងចង់ឱ្យអាមេរិកជំរុញទំនាក់ទំនងជាមួយអាស៊ានកាន់តែស៊ីជម្រៅថែមទៀត ដើម្បីសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងនៅលើពិភពលោក។

រីឯរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានអះអាងថា នាពេលខាងមុខ ភាគីអាមេរិកនឹងបន្តសហប្រតិបត្តិការជាមួយវៀតណាមក្នុងការផលិតវ៉ាក់សាំងការពារ Covid-19 ក៏ដូចជាជួយឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យដល់វៀតណាមដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ រួមជាមួយនោះ អាមេរិកនឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើការជំនះផលវិបាកដោយសារសង្គ្រាម និងបន្តគាំទ្រវៀតណាមក្នុងការដោះស្រាយផលវិបាកដោយសារជាតិគីមីពុលពណ៌លឿងទុំ/ dioxin។ លោករដ្ឋមន្ត្រី Lloyd Austin បានចាត់ទុកថា ប្រទេសទាំងពីរអាចពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យដែលជាសក្តានុពលរបស់ប្រទេសនីមួយៗ។ លោកក៏បានស្នើឱ្យភាគីទាំងពីរ ដំឡើងទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រនាពេលអនាគត។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានទាំងសារៈសំខាន់នៃការធានាសន្តិភាព សេរីភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS ១៩៨២។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានអញ្ជើញលោកប្រធានាធិបតី Joe Biden និងលោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris មកបំពេញទស្សនៈកិច្ចនៅវៀតណាមនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang