អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចសន្ទនា លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានបញ្ជាក់ថា ទោះបីរងផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិក៏ដោយ ក៏វិស័យកសិកម្មរបស់វៀតណាម នៅតែរក្សាបានកំណើន ២.៦៨% ក្នុងឆ្នាំកន្លងមក។

ក្រៅពីធានាសន្តិសុខស្បៀងអាហារសម្រាប់ប្រជាជនជិត ១០០ លាននាក់ ក្នុងឆ្នាំកន្លងមកនេះ វៀតណាមបានរក្សាការនាំចេញកសិផលរបស់ខ្លួនជាង ៤១ ពាន់លានដុល្លារអាមេរិក ហើយក្នុងឆមាសទី ១ ឆ្នាំនេះ ទំហំពាណិជ្ជកម្មនៃការនាំចេញកសិផល  រុក្ខផល និងជលផល សម្រេចបានជាង ២៤.៣ ពាន់លានដុល្លារអាមេរិក រួមចំណែកយ៉ាងសកម្មដល់សន្តិសុខស្បៀងពិភពលោក។

leftcenterrightdel
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Binh Minh ថ្លែងនៅក្នុងកិច្ចសន្ទនាថ្នាក់ជាតិលើកទី ២ ស្តីពីប្រព័ន្ធស្បៀងអាហាររបស់វៀតណាម (រូបថត៖ baochinhphu.vn)

លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានសង្កត់ធ្ងន់ទៅលើផលប៉ះពាល់អវិជ្ជមានដោយសារជំងឺរាតត្បាត Covid-19 ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិអំពីការរៀបចំកិច្ចប្រជុំកំពូលមួយស្តីពីប្រព័ន្ធស្បៀងអាហារនៅឆ្នាំ ២០២១ សំដៅកំណត់ទិសដៅ និងការធ្វើសកម្មភាពរួមគ្នាដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅឆ្នាំ ២០៣០។ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានមានប្រសាសន៍ថា “រដ្ឋាភិបាលវៀតណាមបានយល់ដឹងយ៉ាងជ្រាលជ្រៅអំពីតម្រូវការនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងភាគីពាក់ព័ន្ធនានា ទាំងទ្វេភាគី និងពហុភាគី នៅក្នុងប្រព័ន្ធស្បៀងអាហារដើម្បីបង្កើតនូវការផ្លាស់ប្តូរថ្មីដល់ប្រព័ន្ធទាំងមូល។ ការងារនេះនឹងជួយកាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតំបន់ជនបទ តំបន់ជនជាតិភាគតិច និងក្រុមងាយរងគ្រោះ ជាពិសេសស្ត្រី និងកុមារ។ នេះក៏ជាឱកាសសម្រាប់តភ្ជាប់ និងអភិវឌ្ឍខ្សែសង្វាក់តម្លៃនៃកសិផលមុខព្រួញរបស់វៀតណាមតាមទិសដៅតម្លាភាព គណនេយ្យភាព និងចីរភាព” ។

លោកស្រី Carolyn Turk នាយិកាធនាគារពិភពលោកប្រចាំវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធានាសន្តិសុខស្បៀង និងការអភិវឌ្ឍកសិកម្ម។ លោកស្រីបានសន្យាបន្តគាំទ្រដល់រដ្ឋាភិបាលវៀតណាមក្នុងការប្រឈមមុខនឹងបញ្ហាប្រឈម ក៏ដូចជាការចូលរួមក្នុងយន្តការហិរញ្ញវត្ថុ និងចែករំលែកបទពិសោធន៍ជាមួយដៃគូអភិវឌ្ឍន៍ដើម្បីជួយឧបត្ថម្ភវៀតណាមជំនះពុះពារលើបញ្ហាប្រឈម និងការលំបាកទាំងអស់៕

បកប្រែដោយ Huyen Trang