leftcenterrightdel
រដ្ឋសភាវៀតណាមពិភាក្សាលើសេចក្តីព្រាងនៃសេចក្ដីសម្រេចចិត្តស្តីពីការចូលរួមបេសកកម្មរក្សាសន្តិភាពនៃ​អង្គការសហប្រជាជាតិ( រូបថត៖ quochoi.vn)

បន្ទាប់ពីរយៈពេលជិត ៥ ឆ្នាំនៃការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ វៀតណាមបានទទួលលទ្ធផលដ៏សំខាន់ៗ និងការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មិត្តភក្តិអន្តរជាតិ។ មកទល់បច្ចុប្បន្នវៀតណាមបានចាត់បញ្ជូនកម្មាភិបាលជាង ៤០ នាក់ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង និងធ្វើការនៅទីស្នាក់ការអង្គការសហប្រជាជាតិ។ ជាពិសេស វៀតណាម បានចាត់បញ្ជូនកងពេទ្យកម្រិត ២ ដែលមានកម្មាភិបាល និងបុគ្គលិកពេទ្យចំនួន ៦៣ នាក់ ទៅធ្វើការនៅប្រទេសស៊ូដង់ខាងត្បូង។ ជាមួយគ្នានោះ វៀតណាមប្តេជ្ញាចិត្តចូលរួមបេសកកម្មនេះជាយូរអង្វែងដោយកងកម្លាំងជាតិ ហើយរួមចំណែកយ៉ាងសកម្មដល់បេសកកម្មរួមរបស់អង្គការសហប្រជាជាតិផង និងរួមចំណែកដល់សកម្មភាពកិច្ចការបរទេសរបស់បក្ស រដ្ឋ និងកងទ័ពនៅពេលខាងមុខផង។

ប្រតិភូទាំងឡាយបានយល់ព្រម និងមូលមតិជាឯកឆន្ទលើការដែលរដ្ឋសភាពិនិត្យពិចារណា និងអនុម័តលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនេះ។ ប្រការនេះមិនត្រឹមតែមានអត្ថន័យផ្លូវច្បាប់ និងមិនត្រឹមតែសំរាប់កងកម្លាំងរក្សាសន្តិភាពប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ថា វៀតណាមជាសមាជិកដែលមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិទៀតផង។

ប្រតិភូទាំងឡាយក៏បានបញ្ជាក់ថា សេចក្តីសម្រេចិត្ដនេះនឹងបង្កលក្ខណៈងាយស្រួលសម្រាប់គោលនយោបាយអំពីសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាសម្រាប់កម្មាភិបាល និងយុទ្ធជនដែលត្រូវបានធានាដោយច្បាប់នៅពេលបំពេញភារកិច្ចដែរ៕

បកប្រែដោយ Thanh Cong