លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បំពេញទស្សនកិច្ចការងារនៅយោធភូមិភាគទី៤
កប.អនឡាញ - នាព្រឹកថ្ងៃទី១៦ ខែតុលា លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានបំពេញទស្សនកិច្ចការងារនៅយោធភូមិភាគទី៤ កងទ័ពប្រជាជនវៀតណាម។
តាងនាមបញ្ជាការដ្ឋានយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh មេបញ្ជាការយោធភូមិភាគទី៤ បានរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ស្ដីពីលទ្ធផលនៃការបំពេញភារកិច្ចយោធាការពារជាតិនៅឆ្នាំ២០២០ ភារកិច្ចគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងការជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ ការជួយសង្រ្គោះនៅពេលកន្លងមក ជាពិសេសនៅខេត្ត Thua Thien – Hue នាប៉ុន្មានថ្ងៃថ្មីៗនេះ។
    |
 |
លោក Nguyen Xuan Phuc ថ្លែងក្នុងកិច្ចប្រជុំ |
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក Nguyen Xuan Phuc បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៤ ដែលបានបំពេញល្អភារកិច្ចយោធាការពារជាតិនៅប៉ុន្មានឆ្នាំកន្លងមក ចូលរួមចំណែករក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ហើយរៀបចំដោយជោគជ័យនូវមហាសន្និបាតបក្ខភាគយោធភូមិភាគអាណត្តិ ២០២០ - ២០២៥។ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងជួយសង្រ្គោះ កម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៤ បានធ្វើអាស់ពីកម្លាំងកាយចិត្ត ដើម្បីសន្តិភាពរបស់ប្រជាជន ត្រៀមខ្លួនជាស្រេចជួយប្រជាជន និងលះបង់ដើម្បីប្រជាជន។
លោក Nguyen Xuan Phuc បានសម្តែងនូវការរំភើបចិត្តចំពោះពលីកម្មរបស់យុទ្ធជន ១៣ នាក់នៃក្រុមបេសកកម្មជួយសង្រ្គោះ ខណៈពេលដែលកំពុងបំពេញភារកិច្ច ហើយចាត់ទុកថា នេះគឺជាការបាត់បង់ដ៏ធំធេងរបស់បក្ស រដ្ឋ កងទ័ព និងយោធភូមិភាគទី ៤។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា អ្វីៗដែលត្រូវធ្វើភ្លាមៗគឺលើកទឹកចិត្តក្រុមគ្រួសារនៃកម្មាភិបាលនិងយុទ្ធជនដែលពលីជីវិត ហើយស្នើឲ្យក្រសួងការពារប្រទេស អង្គភាព និងតំបន់ដំឡើងឋានន្តរស័ក្តិ ទទួលស្គាល់ជាយុទ្ធជនពលីសម្រាប់កម្មាភិបាលនិងយុទ្ធជន រៀបចំពិធីបុណ្យសពដ៏ឧឡារិក ដើម្បីបង្ហាញការដឹងគុណដល់កម្មាភិបាលនិងយុទ្ធជនដែលបានពលីជីវិតដើម្បីប្រទេសជាតិ និងប្រជាជន។
លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ដោយមានប្រពៃណីដ៏អង់អាចក្លាហាន និងការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត យោធភូមិភាគទី ៤ នឹងបន្តបំពេញល្អភារកិច្ចជួយសង្គ្រោះរបស់ខ្លួន។ ក្នុងឱកាសនេះ លោក Nguyen Xuan Phuc បានជូនអំណោយដល់យោធភូមិភាគទី ៤ និងក្រុមគ្រួសារនៃកម្មាភិបាលនិងយុទ្ធជនដែលពលីជីវិតចំនួន ១៣ នាក់៕
បកប្រែដោយ Thanh Cong