ក្នុងជំនួបសន្ទនា មេដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពយុទ្ធសាស្ត្រវៀតណាម - អាល្លឺម៉ង់ ដែលអនុម័ត​កាលពីឆ្នាំ២០១៩។

leftcenterrightdel
លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Angela Merkel  អធិការបតីអាល្លឺម៉ង់

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះលោកស្រី Angela Merkel រដ្ឋាភិបាល ដៃគូសន្ទនា និងមិត្តភក្តិអាល្លឺម៉ង់ដែលបានគាំទ្រការអភិវឌ្ឍទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប (EU) ក្នុងរយៈពេលកន្លងមក ជាពិសេសគឺជំរុញការចុះហត្ថលេខា និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម-អឺរ៉ុប (EVIPA) ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ លើកទឹកចិត្តអាជីវកម្មអាល្លឺម៉ង់ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលមានប្រៀបដូចជា ការផលិតគ្រឿងម៉ាស៊ីន ឧស្សាហកម្មបន្ទាប់បន្សំ។ លោកអះអាងថា វៀតណាមជានិច្ចកាលស្វាគមន៍វិនិយោគិនអាល្លឺម៉ង់ ពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ និងវិនិយោគនៅប្រទេសវៀតណាម។

លោកស្រី Angela Merkel បានសម្តែងនូវការរីករាយចំពោះកិច្ចព្រមព្រៀង EVFTA ចូលជាធរមាន ដែលជាព្រឹត្តិការណ៍សំខាន់នៃទំនាក់ទំនងទ្វេភាគីទាំងវិស័យសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ។

មេដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងវៀតណាម និងអាល្លឺម៉ង់នៅវេទិកានិងអង្គការអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិនៅពេលដែលប្រទេសទាំងពីរទទួលតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។

ក្នុងតួនាទីដែលវៀតណាមជាប្រធានអាស៊ានឆ្នាំ ២០២០ និងអាល្លឺម៉ង់ជាប្រធានប្តូរវេននៃសហភាពអឺរ៉ុបក្នុងឆមាសទី២ ឆ្នាំ ២០២០ វៀតណាមនិងអាល្លឺម៉ង់បន្តការប្តេជ្ញាចិត្តនិងខិតខំប្រឹងប្រែងរួមគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងការតភ្ជាប់រវាងប្រទេសទាំងពីរដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន - សហភាពអឺរ៉ុប។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការដាក់ចេញទិសដៅយុទ្ធសាស្ត្រនាពេលថ្មីៗនេះរបស់អាល្លឺម៉ង់ចំពោះតំបន់អាស៊ាន និងស្វាគមន៍តួនាទីរបស់អាល្លឺម៉ង់ ដោយឈរលើមូលដ្ឋានគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការរក្សាសណ្តាប់ធ្នាប់ផ្អែកលើច្បាប់។ លោកសង្កត់ធ្ងន់លើសារៈសំខាន់នៃសេចក្តីថ្លែងការណ៍ទាំងឡាយនាពេលថ្មីៗនេះរបស់អាស៊ានស្តីពីបញ្ហាពាក់ព័ន្ធដូចជាសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី ៥៣ និងវេទិកាតំបន់អាស៊ាន (ARF) នាខែកញ្ញា ឆ្នាំ ២០២០។ មេដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយជម្លោះដោយសន្តិវិធីដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ នៅសមុទ្រខាងកើត និងខិតខំរួមគ្នាដើម្បីធានាសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ  សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចណ៍ក្នុងតំបន់៕

បកប្រែដោយ Thanh Cong