អស់លោក លោកស្រីជាទីមេត្រី

ថ្ងៃនេះជាថ្ងៃដ៏មានអត្ថន័យសំខាន់ក្នុងតំបន់ យើងរួមគ្នាអបអរសាទរទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc (រូបថត៖ baoquocte.vn)

 

ឆ្លងកាត់រយៈពេល ៥៣ ឆ្នាំនៃការកកើតនិងការអភិវឌ្ឍ  អាស៊ានបានក្លាយជាអង្គការមួយតំណាងឲ្យប្រជាជាតិក្នុងតំបន់ ដែល​រួប​រួមគ្នាក្នុងភាពជាអ្នកជិតខាង មិត្ដភាព កិច្ចសហប្រតិបត្តិការ គោរពគ្នា យោគយល់គ្នាទៅវិញទៅមក និងខិតខំប្រឹងប្រែងដើម្បីសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់ប្រជាពលរដ្ឋ។

ផ្ដើមចេញជាអង្គការមួយរួមមានសមាជិកចំនួន ៥ អាស៊ានបានរីកចម្រើនទៅជាសហគមន៍មួយរួមមានប្រទេសចំនួន ១០ នៅអាស៊ីអាគ្នេយ៍ដែលមានប្រជាជនចំនួន ៦៥០ លាននាក់ ដោយទំហំសេដ្ឋកិច្ចឆ្នាំ ២០១៩ ជាប់លំដាប់ទី ៥ លើពិភពលោកក្នុង GDP សរុបជាង ៣.០០០ ពាន់លានដុល្លារអាមេរិក។ អាស៊ានបានពង្រីកទំនាក់ទំនងជាមួយដៃគូជាច្រើនទាំងក្នុង និងក្រៅតំបន់ រួមទាំងប្រទេសមហាអំណាចឈានមុខគេនៅលើពិភពលោក ហើយជាកម្លាំងចលករនៃការជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាដើម្បីសន្តិភាព សន្តិសុខស្ថិរភាព និងការអភិវឌ្ឍនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនិងលើពិភពលោក។

នេះគឺជាសមិទ្ធិផលដ៏មានតម្លៃដែលកសាងឡើងដោយជំនាន់ជាច្រើន ដែលយើងត្រូវទទួលខុសត្រូវក្នុងការថែរក្សា។ តើយើងអាច​បំពេញបេសកកម្មនោះបានដែរឬទេ? តើអាស៊ាននឹងបន្តរក្សាតម្លៃឆ្លើយតបនឹងសេចក្ដីប្រាថ្នារបស់ប្រជាពលរដ្ឋដែរឬទេ? ប្រការនេះទាមទារឲ្យមានការរួបរួមគ្នា ការស្រុះចិត្ដគ្នា និងឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តខ្ពស់របស់បណ្ដាប្រទេសអាស៊ាន។

គោលការណ៍ជាមូលដ្ឋានរបស់អាស៊ាន និងបទដ្ឋានទាំងឡាយត្រូវបានទទួលស្គាល់ដោយតំបន់ ជាពិសេសគឺច្បាប់អន្តរជាតិ ហើយស្មារតីនៃកិច្ចសហប្រតិបត្តិការពហុភាគី និងការតភ្ជាប់តំបន់ និងតួនាទីមជ្ឈភាពរបស់អាស៊ានគួរតែបន្តត្រូវបានលើកកម្ពស់ដែរ។  តម្លៃរបស់អាស៊ានដូចជាទីផ្សារតែមួយ និងមូលដ្ឋានផលិតកម្មរួម ហើយជាសហគមន៍មួយគាំទ្រគ្នាទៅវិញទៅមកត្រូវបានផ្សព្វផ្សាយនិងរីកសាយភាយដល់ប្រជាជនគ្រប់ស្រទាប់ សហគ្រាសត្រូវបានទទួលផលប្រយោជន៍ និងចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍរបស់អាស៊ាន។ 

កាលពី ២៥ ឆ្នាំមុន វៀតណាមបានចូលជាសមាជិកអាស៊ាន។  រូបភាពទង់ជាតិក្រហម និងផ្កាយលឿងរបស់វៀតណាមបក់រវិក​ៗ​ជាមួយទង់ជាតិនៃបណ្ដាប្រទេសជាសមាជិកអាស៊ាននៅលើផ្ទៃមេឃនៃប្រទេសប្រ៊ុយណេនាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ នឹងត្រូវបានចងចាំជានិច្ចដូចជាតម្រុយដ៏សំខាន់សម្រាប់ប្រទេសវៀតណាម និងអាស៊ាន។

ដំណើរថ្មីត្រូវបានបើកចេញដែលនាំវៀតណាមឈានចូលក្នុងដំណើរការធ្វើសមាហរណកម្មតំបន់ និងអន្តរជាតិ។ អាចនិយាយបានថា ការចូលរួមអាស៊ានបានរួមចំណែកយ៉ាងសំខាន់ក្នុងសមិទ្ធិផលទាំងឡាយដែលវៀតណាមសម្រេចបានក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ។ ទន្ទឹមនឹងនោះការចូលរួមយ៉ាងសកម្មនិងការទទួលខុសត្រូវរបស់វៀតណាមក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់សហគមន៍អាស៊ានផងដែរ។

ក្នុងស្មារតី “ស្អិតរមួត និងការឆ្លើយតប” ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ ២០២០ វៀតណាមបានផ្តល់អាទិភាពក្នុងការលើកកម្ពស់សាមគ្គីភាព ឯកភាព និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពនៅក្នុងអាស៊ាន ក៏ដូចជាពង្រឹងទំនាក់ទំនងជាមួយដៃគូសន្ទនានានាដើម្បីលើកកម្ពស់លទ្ធភាពខ្លួនទីពឹងខ្លួន និងការឆ្លើយតបរបស់អាស៊ានចំពោះបញ្ហាប្រឈមដែលមិនធ្លាប់មាន ដូច​ជា ការរីករាល ដាលនៃជំងឺ Covid-19 ការប្រកួតប្រជែងអំពីភូមិសាស្ត្រ យុទ្ធសាស្ដ្រពិភពលោកក្នុងតំបន់ រួមទាំងការគោរពច្បាប់ ជាពិសេសច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

ដើម្បីជំនះការលំបាកនិងបញ្ហាប្រឈមជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាននាបច្ចុប្បន្ននេះ វៀតណាមបន្តជំរុញការអនុវត្តប្រកបដោយជោគជ័យនូវចក្ខុវិស័យសហគមន៍អាស៊ានដល់ឆ្នាំ២០២៥  និងកំណត់ទិសដៅអភិវឌ្ឍន៍សហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ព្រមទាំងលើកកម្ពស់កិត្យានុភាព និងតួនាទីរបស់អាស៊ាន រួមចំណែកដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ និងពិភពលោក។

អស់លោក លោកស្រីជាទីមេត្រី

អាស៊ានតែងតែជាសរសរស្ដម្ភមួយក្នុងចំណោមសរសរស្ដម្ភដ៏សំខាន់ក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ សហគមន៍អាស៊ានរួបរួមគ្នា ខ្លាំងក្លា វិបុលភាព និងខ្លួនទីពឹងខ្លួន មានតួនាទី និងកិត្យានុភាពអន្ដរជាតិខ្ពស់គឺជាផលប្រយោជន៍រួមរបស់អាស៊ាន។ ប្រការនេះតែអាចទទួលបានជោគជ័យប្រសិនបើយើងទាំងអស់គ្នាគិតរួមគ្នាដើម្បីសហគមន៍មួយនិងធ្វើប្រតិបត្ដិការសម្រាប់សហគមន៍។ វៀតណាមបាន និងកំពុងខិតខំអស់ពីសមត្ថភាពជាមួយបណ្តាប្រទេសអាស៊ាន រួមចំណែកអនុវត្ដគោលដៅនេះប្រកបដោយជោគជ័យ៕

សូមអំណរគុណ!

បកប្រែដោយ Pham Diep