លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh ជួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសឡាវ
កប.អនឡាញ - នារសៀលថ្ងៃទី ៥ ខែកក្កដា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith ។
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសឡាវបានពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងក្រសួងទាំងពីរ ជាពិសេសកម្មវិធីជំរុញកិច្ចសហប្រតិបត្តិការការទូតសេដ្ឋកិច្ចដំណាក់កាល ២០២០-២០២៥ ហើយពិចារណាលើការពន្យារឬចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីរវាងក្រសួងការបរទេសទាំងពីរក្នុងដំណាក់កាល ២០១៤-២០២០ សម្រាប់ដំណាក់កាលបន្ទាប់ និងរៀបចំយន្តការសហប្រតិបត្តិការទ្វេភាគីក្នុងពេលឆាប់ៗនេះ រួមមានកិច្ចពិគ្រោះនយោបាយថ្នាក់អនុរដ្ឋមន្ត្រី និងកិច្ចពិគ្រោះយោបល់ថ្នាក់រដ្ឋមន្រ្តី។ ទន្ទឹមនឹងនេះ ពង្រឹងការផ្លាស់ប្តូរ និងការសម្របសម្រួលរវាងអង្គភាពនានានៃក្រសួងការបរទេសនៃប្រទេសទាំងពីរ។ ហើយរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការសាកល្បងការអនុវត្ត “ច្រកទ្វារតែមួយកន្លែងឈប់តែម្តង” នៅច្រកទ្វារព្រំដែនអន្តរជាតិ Lao Bao ខេត្ត Quang Tri និងច្រកទ្វារព្រំដែនអន្តរជាតិ Densavan ខេត្ត Savannakhet នៃប្រទេសឡាវនាក្នុងឆ្នាំនេះ
    |
 |
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith (រូបថត៖ baoquocte.vn) |
លោករដ្ឋមន្រ្តីការបរទេសឡាវបានអបអរសាទរចំពោះវៀតណាមដែលបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ តាមប្រព័ន្ធវីដេអូប្រកបដោយជោគជ័យដែលទទួលបានការវាយតម្លៃខ្ពស់ពីបណ្តាប្រទេសនានា។ លោកវាយតំលៃខ្ពស់ចំពោះការដែលវៀតណាមគ្រប់គ្រងរោគរាតត្បាត Covid-19 បានល្អ ហើយខិតខំប្រឹងប្រែងដើម្បីបំពេញបេសកកម្មពីរក្នុងពេលតែមួយដែលជាប្រធានអាស៊ានផង និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង។ លោកក៏បានបញ្ជាក់ផងដែរថានឹងបន្តគាំទ្រ ហើយរំពឹងថាវៀតណាមនឹងចែករំលែកបទពិសោធន៍ដើម្បីឡាវអាចរៀបចំកិច្ចប្រជុំកំពូលនៃយន្តការអនុតំបន់មេគង្គប្រកបដោយជោគជ័យនាពេលខាងមុខ។
ភាគីទាំងពីរបានឯកភាពជំរុញក្រសួងពាក់ព័ន្ធនានានៃប្រទេសទាំងពីរឲ្យធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តតាមការដឹកនាំរបស់នាយករដ្ឋមន្រ្តីទាំងពីរស្តីពីការបើកច្រកទ្វារព្រំដែន និងបើកជើងហោះហើររវាងវៀតណាម និងឡាវឡើងវិញក្នុងពេលឆាប់ៗដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងការធ្វើដំណើរ និងការដោះដូរទំនិញ រួមទាំងការបង្កើតលក្ខខណ្ឌអណោយផលសម្រាប់សិស្ស និងនិស្សិតឡាវបានវិលត្រឡប់ទៅប្រទេសវៀតណាមដើម្បីបន្តការសិក្សាផងដែរ៕
បកប្រែដោយ Thanh Cong