ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូសំខាន់ នាំមុខគេ និងយូរអង្វែង។ ជាមួយគ្នានេះ លោកស្រីសង្ឃឹមថាវៀតណាមនឹងបន្តសហប្រតិបត្តិការជាមួយប្រទេសជប៉ុនដើម្បីជម្រុញឲ្យទំ​នាក់​ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី” ឲ្យកាន់តែស៊ីជម្រៅថែមទៀត។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបរវាងលោកស្រីប្រធានរដ្ឋស​ភា​ Nguyen Thi Kim Ngan និងឯកអគ្គរដ្ឋទូតជប៉ុន លោក Yamada Takio (រូប​ថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូតជប៉ុនបានអបអរសាទរប្រទេសវៀតណាមដោយ​បានប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 យ៉ាងល្អ ហើយ​ចាត់ទុកថាបន្ទាប់ពីសម្រេចបានជោគជ័យនេះវិនិយោគិននៅលើពិភពលោកនឹងមាន​ការ​ចាប់អារម្មណ៍យ៉ាងខ្លាំងបន្ថែម​ទៀត​លើ​​ការ​វិនិយោគចូល​មក​វៀត​ណាម​។ ​បច្ចុប្បន្ននេះ ប្រទេសវៀតណាមកំពុងខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ ហើយរដ្ឋាភិបាលជប៉ុននឹងជួយគ្រាំ​វៀតណាមជានិច្ច។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួបឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ចាយ ណាវុធ (រូបថត៖ vnanet.vn)

 

នារសៀលថ្ងៃដដែល ថ្លែងក្នុងជំនួបជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ចាយ ណាវុធ  ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យភាគីទាំងពីរបន្ត​ជំរុញកិច្ចសហប្រតិបត្តិការ និង​ការផ្សព្វផ្សាយឃោសនាដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនដើម្បីពង្រឹងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ទំនាក់ទំ​នង​វៀត​ណា​ម - កម្ពុជា។ លោកស្រីប្រធានរដ្ឋសភារំពឹង​ថា លោកឯកអគ្គរាជទូតនឹង​បន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាក្រសួង និងស្ថាប័នវៀតណាមដើម្បីអនុវត្តការព្រមព្រៀងនានារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងជាស្ពានតភ្ជាប់សម្រាប់ជម្រុញ​កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន មូលដ្ឋាន និង​សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ឲ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពថែមទៀត។

លោកស្រីប្រធានរដ្ឋសភាបានស្នើឱ្យលោកឯកអគ្គរាជទូតបន្តយកចិត្តទុកដាក់ជំរុញការដោះស្រាយការលំបាកនានាសម្រាប់​សហគមន៍វៀតណាមនៅកម្ពុជាដើម្បីឱ្យប្រជាជនមានជីវភាពរ​ស់នៅប្រកប​ដោយ​ស្ថិរភាព ហើយចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

លោកស្រីប្រធានរដ្ឋសភា​ Nguyen Thi Kim Ngan អបអរសាទរប្រទេសទាំងពីរដោយ​បានសហការនិងគាំទ្រគ្នាយ៉ាងសកម្មក្នុងការរៀបចំព្រឹត្តិការណ៍ការបទេសពហុភាគីនានាដែលរៀបចំឡើងដោយប្រទេសនីមួយៗ ជាពិសេសអាស៊ាន និង AIPA ដែលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយ​ចីរភាព និងវិបុលភាពនៅក្នុងតំបន់។ លោកស្រីប្រធាន​រដ្ឋ​សភា​ Nguyen Thi Kim Ngan បន្ថែមទៀត​ថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបញ្ហាពាក់ព័ន្ធនានាដែលកម្ពុជាមានការយកចិត្តទុកដាក់ ព្រមទាំងនឹងបន្ត​សហការ និងជួយគាំទ្រ​កម្ពុជាដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ប្រកបដោយជោគជ័យ។

ឯកអគ្គរាជទូតកម្ពុជាប្រចាំ​នៅវៀតណាម លោក ចាយ ណាវុធ បាន​ថ្លែងអំណរគុណចំពោះលោកស្រី​ប្រធានរដ្ឋសភាដែលបានចំណាយពេលវេលាដ៏​មាន​តំលៃរបស់​ខ្លួន​ដើម្បី​ទទួល​ជួប​គណៈប្រតិ​ភូ​។ តាងនាមថ្នាក់​ដឹកនាំ និងប្រជាជនកម្ពុជា លោក​ឯកអគ្គរាជទូត ចាយ ណាវុធ បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា និង​ប្រជាជនវៀតណាមដែលបានផ្តល់បរិក្ខារ​ពេទ្យជូន​ប្រទេស​ក​ម្ពុជាដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​​ជំងឺរាតត្បាត។ យើងអាចនិយាយបានថា ក្នុងកាលៈទេសៈណាក៏ដោយនៅពេលដែលប្រទេសកម្ពុជាត្រូវការ គឺប្រទេសវៀតណាមតែងតែផ្តល់ជំនួយដល់កម្ពុជាទាំងផ្នែកសម្ភារៈ និងខាងស្មារតី។ ដោយរំលឹក​ឡើង​វិញ​អំពី​ជំនួយដ៏ធំធេងរបស់វៀតណាម និង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាមដែល​បាន​ផ្តល់​ជូន​កម្ពុជាកាលពីមុន លោក​ឯកអគ្គរាជទូត ចាយ ណាវុធ បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាមាន​ជី​វិត​​រស់​រាន​​ឡើង​វិញ​​គឺ​ដោយសារមាន​ជំនួយពី​វៀតណាម។

លោកឯកអគ្គរាជទូត ចាយ​ ណាវុធ បានអបអរសាទរប្រទេសវៀតណាមដោយ​សម្រេច​បាន​សមិទ្ធិផលជាច្រើន​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែល​ក្នុង​នោះ​មាន​តួនាទីដ៏​សំខាន់​របស់រដ្ឋសភាវៀតណាម។ លោក​ឯកអគ្គរាជទូតបានអបអរសាទរចំពោះរដ្ឋសភាវៀតណាមដែលបានអនុម័តច្បាប់ និងសេចក្តី​សម្រេច​ចិត្ត​សំខាន់ៗជាច្រើននៅក្នុងសម័យ​ប្រជុំរដ្ឋសភាលើកទី ៩ ​នា​ពេល​​កន្លង​មក ជាពិសេស ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម (EVFTA) កិច្ចព្រមព្រៀងគាំ​ពារ​វិនិយោគរវាង​សហភាពអឺរ៉ុប និង​វៀត​ណាម​ (EVIPA) ... រដ្ឋសភាវៀតណាមក៏កំពុងទទួលយកតួនាទីជាប្រធាន AIPA លើកទី ៤១ ហើយបានរៀបចំប្រកប​ដោយ​ជោគជ័យនូវ​សកម្មភាព​ជាច្រើនក្នុងឆ្នាំជាប្រធាន AIPA ។ លោក​ឯកអគ្គរាជ​ទូតជឿជាក់ថា ក្រោមការដឹកនាំរបស់លោក​ស្រី​ប្រធានរដ្ឋសភា​ Nguyen Thi Kim Ngan រដ្ឋសភា​វៀតណាមនឹងទទួលបានជោគជ័យបន្ថែមទៀតក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ស្ថាប័ន​នីតិបញ្ញត្តិ ក៏ដូចជាក្នុង​តួនាទី​ជាប្រធាន AIPA លើកទី ៤១ ផងដែរ៕

បកប្រែដោយ Duy Hoan