នៅជំនួប លោក Nguyen Thanh Phong បានអះអាងថា ទីក្រុងហូជីមិញ ត្រៀមខ្លួនជាស្រេចបង្កើនសកម្មភាពសហប្រតិបត្តិការជាមួយប្រទេសអង់ហ្គោឡា ជាពិសេសលើវិស័យសេដ្ឋកិច្ច ដើម្បីរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងវៀតណាម និង អង់ហ្គោឡា។

leftcenterrightdel
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong ទទួលជួបលោក Agostinho Andre De Carvalho Fernandes ឯកអគ្គរដ្ឋទូតអង់ហ្គោឡាថ្មីប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

លោក Agostinho Andre De Carvalho Fernandes បានបញ្ជាក់ថា រដ្ឋាភិបាលអង់ហ្គោឡាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម រួមទាំងទីក្រុងហូជីមិញ។ លោកបានអះអាងថា ប្រទេសអង់ហ្គោឡាមានគោលបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អជាមួយវៀតណាមលើវិស័យនយោបាយ ការបរទេស សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ កិច្ចប្រជុំលើកទី ៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរដែលគ្រោងរៀបចំឡើងនៅ Luanda (អង់ហ្គោឡា) នឹងបង្កើតលក្ខណៈអំណោយផលសម្រាប់ប្រទេសអង់ហ្គោឡាជំរុញទំនាក់ទំនងជាមួយវៀតណាមនាពេលខាងមុខ។

នាថ្ងៃដដែល លោក Nguyen Thanh Phong បានទទួលជួប លោក Vahram Kazhoyan ឯកអគ្គរដ្ឋទូតអាមេនីថ្មីប្រចាំនៅវៀតណាម។

leftcenterrightdel
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong ទទួលជួបលោក Vahram Kazhoyan ឯកអគ្គរដ្ឋទូតអាមេនីប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

នៅជំនួប លោក Nguyen Thanh Phong បានសម្តែងនូវការជឿជាក់ថា លោកឯកអគ្គរដ្ឋទូត Vahram Kazhoyan នឹងចូលរួមវិភាគទានបន្ថែមទៀតក្នុងការជំរុញទំនាក់ទំនងរវាងអាមេនី និងវៀតណាម រួមទាំងទីក្រុងហូជីមិញដែរ។ លោក Nguyen Thanh Phong  បានបញ្ជាក់ពីគោលបំណងចង់ពង្រឹងទំនាក់ទំនងជាមួយអាមេនីតាមរយៈសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ការផ្សព្វផ្សាយព័ត៌មាន និងរូបភាពរបស់គ្នាទៅវិញទៅមកដល់ប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោក Nguyen Thanh Phong  ក៏បានអះអាងថា ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចរួមជាមួយអាមេនី ជំរុញកិច្ចសហប្រតិបត្តិការ និងវិនិយោគលើវិស័យដែលភាគីទាំងពីរមានឧត្តមភាព និងតម្រួវការ។

រីឯលោកឯកអគ្គរដ្ឋទូត Vahram Kazhoyan បានអះអាងថា អាមេនីមានគោលបំណងចង់ជំរុញការតភ្ជាប់អង្គការអាជីវកម្ម បង្កើនការនាំចូលនិងនាំចេញរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូត Vahram Kazhoyan បានស្នើឲ្យទីក្រុងហូជីមិញ បង្កើតទំនាក់ទំនងមិត្តភាពជាមួយទីក្រុង Gyumri ដែលជាទីក្រុងធំទី ២ របស់អាមេនី។

ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវគោលបំណងចង់ទីក្រុងហូជីមិញ និងអាមេនី បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរព័ត៌មាន វប្បធម៌សិល្បៈ ការទាក់ទងការទូតប្រជាជន និងការអភិវឌ្ឍវិស័យទេសចរណ៍ជាដើម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ អាមេនី - វៀតណាម៕

បកប្រែដោយ Huyen Trang