លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងដំណោះស្រាយលើគ្រប់វិស័យរបស់រដ្ឋាភិបាលសឹង្ហបុរីក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 និងការកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចសង្គមដែលបណ្តាលមកពីជំងឺ Covid-19។ លោកជឿជាក់ថា ប្រទេសសឹង្ហបុរីនឹងរារាំងបានជំងឺ Covid-19 យ៉ាងឆាប់ៗ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជួបសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្រ្តីសឹង្ហបុរី (រូបថត៖ vnanet.vn)

លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិនិងតំបន់នាបច្ចុប្បន្ន និងវាយតម្លៃខ្ពស់ចំពោះការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរតារយៈការផ្តល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យ និងការបញ្ជូនពលរដ្ឋវិលត្រឡប់មកប្រទេសវិញ។ លោកបានថ្លែងអំណរគុណចំពោះការជួយគាំទ្រ និងចូលរួមចំណែករបស់ប្រទេសសឹង្ហបុរី​ និងលោកនាយករដ្ឋមន្រ្តីសឹង្ហបុរី Lee Hsien Loong ក្នុងភាពជោគជ័យរបស់កិច្ចប្រជុំជាន់ខ្ពស់អាស៊ាន និងអាស៊ាន+៣ តាមប្រព័ន្ធវីដេអូស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 (១៤-៤-២០២០)។

នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពរក្សាការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម-សឹង្ហបុរី និងបន្តជម្រុញទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ធានានូវខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាពក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។ លោក Nguyen Xuan Phuc បញ្ជាក់ថា វៀតណាមអបអរសាទរចំពោះការផ្លាស់ប្តូររវាងក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរដើម្បីឈានទៅដល់ការចុះហត្ថលេខាយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីអំពីអង្ករ តាមនោះប្រទេសសឹង្ហបុរីនឹងនាំចូលអង្កររបស់ វៀតណាមក្នុងរយៈពេលយូរអង្វែង។ ភាគីទាំងពីរក៏ឯកភាពបើកជើងហោះហើរ និងរៀបចំជាបណ្តើរៗនូវការធ្វើដំណើរដោយសុវត្ថិភាពរវាងប្រទេសទាំងពីរឡើងវិញ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រីកកិច្ចសហការ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់វេទិកាពហុភាគី។ នាយករដ្ឋមន្រ្តីទាំងពីរក៏សង្កត់ធ្ងន់លើសារៈសំខាន់របស់ការរក្សាសន្តិភាព ស្ថិរភាព ធានាសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។ នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពរក្សាសាមគ្គីភាព និងគោលជំហររួមរបស់អាស៊ាន ជម្រុញការចរចាស្ដីពីក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) សមស្របនឹងច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)៕

បកប្រែដោយ Thuy Anh