វៀតណាម-គុយបាសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19
កប.អនឡាញ - ក្នុងបរិបទនៃការវិវត្តដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននៃជំងឺរាតត្បាត Covid-19 ទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសរវាងបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម-គុយបា បន្តពង្រឹងនិងពង្រីកក្នុងស្មារតីជួយគ្នាទៅវិញទៅមកដោយសកម្មភាពជាក់ស្ដែងនិងមានប្រសិទ្ធភាពដើម្បីយកឈ្នះលើជំងឺរាតត្បាត Covid-19 ជាមួយគ្នា។
អនុវត្តតាមការបញ្ជារបស់នាយករដ្ឋមន្រ្តីស្ដីពីការជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជាពិសេសគឺជាមួយប្រទេសគុយបា នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមបានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតនិងអនុពន្ធយោធាគុយបាប្រចាំនៅទីក្រុងហាណូយ។ ជំនួបពិភាក្សានេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមទាំងការចែករំលែកបទពិសោធន៍ ការផ្លាស់ប្ដូរយោបល់អំពីការព្យាបាល ការធ្វើតេស្ត កិច្ចសហការជាមួយគ្នាក្នុងការស្រាវជ្រាវឧបករណ៍ KIT ធ្វើតេស្តវីរុសកូរ៉ូណា វ៉ាក់សាំង និងថ្នាំប្រឆាំងវីរុស។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសបានផ្ញើសារជូនរដ្ឋមន្រ្តីនៃបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ហើយក្នុងរយៈពេលជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមក៏ផ្ញើសារជូនដល់ប្រធានអគ្គសេនាធិការនៃបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបាដើម្បីជម្រុញឲ្យខ្លឹមសារសហប្រតិបត្តិការពោលខាងលើក្លាយជាសកម្មភាពជាក់ស្តែង។
    |
 |
លោក Pham Hong Ha រដ្ឋមន្រ្តីក្រសួងសំណង់ និងជាប្រធានអនុគណៈកម្មការវៀតណាមនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - គុយបាផ្តល់អង្ករចំនួន ៥,០០០ តោនជូនដល់លោកស្រី Lianys Torres Rivera ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn) |
នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ លោកស្រី Lianys Torres Rivera ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅទីក្រុងហាណូយបានជូនដំណឹងអំពីការជួយគាំទ្ររបស់បក្ស រដ្ឋ និងកងទ័ពគុយបាយចំពោះសំណើទាំងអស់របស់វៀតណាម។ ភាគីគុយបាត្រៀមជាស្រេចបញ្ជូនអ្នកជំនាញវេជ្ជសាស្រ្តមកវៀតណាមដើម្បីផ្លាស់ប្ដូរបទពិសោធន៍ក្នុងការព្យាបាលជំងឺ Covid-19។ នាពេលខាងមុខនេះ ភាគីទាំងពីរនឹងបង្កើតក្រុមអ្នកជំនាញដើម្បីផ្លាស់ប្តូរយោបល់តាមរយៈប្រព័ន្ធវីដេអូ ផ្តល់ថ្នាំសម្រាប់ព្យាបាលអ្នកឆ្លងជំងឺ Covid-19 នៅប្រទេសវៀតណាម សហប្រតិបត្តិការក្នុងការស្រាវជ្រាវវ៉ាក់សាំង ថ្នាំ និងឧបករណ៍ធ្វើតេស្ត KIT។
នាថ្ងៃទី២ និងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ភាគីទាំងពីរបានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូស្ដីពីស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-19 ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោក Gonzalez Loeno អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលគុយបា អ្នកជំនាញការជួរមុខគេរបស់ក្រសួងសុខាភិបាល និងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា។ ភាគីទាំងពីរបានពិភាក្សាលើដំណោះស្រាយនានាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ចែករំលែកបទពិសោធន៍ក្នុងកិច្ចសហការរវាងក្រសួងស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជាការព្យាបាលជំងឺ និងការស្រាវជ្រាវថ្នាំប្រឆាំងវីរុសជាដើម។ កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូលើកទី៣នឹងរៀបចំនៅចុងខែមេសានេះ។
នៅឆ្នាំ២០២០នេះ ក្នុងក្របខ័ណ្ឌនៃសកម្មភាពរួមរបស់បក្ស និងរដ្ឋ ក្រសួងការពារជាតិទាំងពីរបានរៀបចំសកម្មភាពរំលឹកខួបលើកទី៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ទោះជាជំងឺ Covid-19 អាចប៉ះពាល់ដល់ការរៀបចំរបស់ភាគីទាំងពីរក៏ដោយ ប៉ុន្តែលទ្ធផលនៃកិច្ចសប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 រវាងវៀតណាម-គុយបា ក៏ដូចជារវាងក្រសួងការពារប្រទេសវៀតណាមនិងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបានៅពេលកន្លងមកបានបង្ហាញពីស្មារតីសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ។ ហើយការឆ្លើយតបយ៉ាងឆាប់រហ័សរបស់ថ្នាក់ដឹកនាំគុយបាស្ដីពីការជួយគាំទ្រវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 បានបង្ហាញពីមនោសញ្ចេតនាពិសេស និងទំនុកទុកចិត្តខាងនយោបាយ ដែលប្រទេសគុយបាផ្ដល់ដល់វៀតណាម។
លទ្ធផលដំបូងនានានៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 រវាងប្រទេសទាំងពីរនិយាយរួម និងរវាងកងទ័ពទាំងពីរនិយាយដោយឡែកបានបង្ហាញជាថ្មីម្ដងទៀតនូវទំនាក់ទំនងប្រពៃណីមិត្តភាព សាមគ្គីភាពពិសេសរវាងវៀតណាម-គុយបា។ ទំនាក់ទំនងនេះបន្តជាទំនាក់ទំនងមិត្តភាពស្មោះត្រង់ដែលរួមចំណែកក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមរបស់មនុស្សជាតិ៕
បកប្រែដោយ Thuy Anh