ការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19 គឺជាការទទួលខុសត្រូវរួមរបស់ប្រទេសនីមួយៗ រដ្ឋាភិបាលនីមួយៗ និងរាល់យន្តការក្នុងតំបន់និងពិភពលោក។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោក រដ្ឋាភិបាល និងប្រជាពលរដ្ឋកំពុងចាត់វិធានការនានាដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ។ ជាពិសេសគឺបណ្តាប្រទេសជាសមាជិកអាស៊ានបានយកចិត្តទុកដាក់គាំទ្រគ្នាទៅវិញទៅមក និងបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋអាស៊ាននៅក្នុងប្រទេសរបស់ខ្លួន។ ប្រការនេះបានបង្ហាញថាស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិគឺកត្ដាចាំបាច់ជាងពេលណាៗទាំងអស់។

leftcenterrightdel
លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម (រូបថត៖ baochinhphu.vn)

 

ដោយដើរតួនាទីមជ្ឈភាពនៅក្នុងតំបន់ អាស៊ានជាដំបូលផ្ទះមួយសម្រាប់ប្រទេសជាសមាជិកដែល​រួមគ្នាឆ្លងកាត់រោគរាតត្បាតនេះ។ ក្នុងអំឡុងពេលជាង ៥ ទសវត្សនៃការកកើត និងការអភិវឌ្ឍ​មក បន្ទាប់ពីជួបការលំបាក និងបញ្ហាប្រឈមជាច្រើនហើយ​នោះ​ អាស៊ានកាន់តែរឹង​មាំ​ជាងមុន។ នៅក្នុងគ្រាលំបាកបំផុតនេះ អាស៊ានបន្តលើកកម្ពស់ប្រពៃណីដ៏មានតម្លៃ និងបង្ហាញពីបេសកកម្មរបស់ខ្លួនដើម្បីធ្វើជាទីបង្អែកសម្រាប់បណ្ដាប្រទេសជាសមាជិក។

ចាប់តាំងពីដើមឆ្នាំនេះ ក្នុងនាមជាប្រធានអាស៊ាន វៀតណាមបានចូលរួមជាមួយបណ្តាប្រទេសជាសមាជិកដើម្បីកំណត់នូវប្រធានបទសម្រាប់ឆ្នាំ ២០២០ ជា“ អាស៊ានរួបរួមគ្នា និងបន្សាំដោយម្ចាស់ការ” ដើម្បីពន្លឿនការកសាងសហគមន៍ និងលើកកម្ពស់តួនាទីរបស់អាស៊ាននៅក្នុងពិភពលោកមួយដែលកំពុងមានការវិវត្ដយ៉ាងខ្លាំងក្លា។  ការផ្ទុះឡើង និងផលវិបាកដែលមិនធ្លាប់មានពីមុនមកនៃរោគរាតត្បាត Covid-19 បានបង្ហាញថា ប្រធានបទ និងបាវចនាមានលក្ខណៈទាន់ពេលវេលា និងត្រឹមត្រូវជាងពេលណាៗទាំងអស់។

ចាប់តាំងពីពេលផ្ទុះឡើងនៃរោគរាតត្បាត Covid-19 មក វៀតណាមនិងអាស៊ានបានបង្ហាញពីលទ្ធភាពប្រតិកម្មយ៉ាងឆាប់រហ័ស និងទាន់ពេលវេលាចំពោះរោគរាតត្បាត ក៏ដូចជាលទ្ធភាពតភ្ជាប់ក្នុងការសម្របសម្រួលគោលនយោបាយ និងសកម្មភាព​ផងដែរ។ អាស៊ានបានចេញសេចក្តីថ្លែងការណ៍ស្តីពីការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19 កាលពីថ្ងៃទី ១៤ ខែកុម្ភៈ និងបន្តរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្ដីពីវិស័យសុខាភិបាល សេដ្ឋកិច្ច និងការពារជាតិ..... សំដៅសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត។ ជាមួយគ្នានេះ អាស៊ានបានរៀបចំកិច្ចប្រជុំជាច្រើនជាមួយដៃគូសន្ទនាដូចជា ចិន សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការអន្តរជាតិសំខាន់ៗដូចជាអង្គការសុខភាពពិភពលោកដើម្បីផ្លាស់ប្តូរបទពិសោធន៍ ជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19។

សុខភាពរបស់ប្រជាជន និងខឿនសេដ្ឋកិច្ចអាស៊ានមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសុខភាពតំបន់អាស៊ីអាគ្នេយ៍ និងទូទាំងពិភពលោក។ បណ្តាប្រទេសនៅក្នុងតំបន់សុទ្ធតែរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃ Covid-19 ប៉ុន្តែក៏​បានខិតខំដោយមិនចេះនឿយហត់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះដែរ ហើយមកដល់ពេលនេះបានដកយកបទពិសោធន៍ជាច្រើនដើម្បីចែករំលែកជាមួយគ្នា។ ជាពិសេសគឺការរកឃើញករណីឆ្លងវីរុសបានឆាប់ៗដើម្បីអនុវត្ដការដាក់នៅដាច់ដោយឡែកពីគេ និងតម្រូវឲ្យពាក់ម៉ាស់  លើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តដល់ប្រជាជនឱ្យចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ ...។

នាពេលថ្មីៗនេះ ការរួមដៃគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19 បានប្រព្រឹត្ដទៅក្នុងវេទិកាជាច្រើនដូចជា វេទិកា G-7, G-20, អង្គការសហប្រជាជាតិ ... យើងជឿជាក់លើស្មារតីអន្តរជាតិកាន់តែខ្លាំង រួម​ទាំង​ការផ្សារភ្ជាប់ និងគំនិតផ្ដួចផ្ដើមរបស់អាស៊ាន។  ជាពិសេសវៀតណាមនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូក ៣  (រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង) ស្ដីពីការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19 នៅថ្ងៃទី ១៤ ខែមេសា ។ នៅឯកិច្ចប្រជុំទាំងនេះ ថ្នាក់ដឹកនាំទាំងឡាយនឹងដាក់ចេញវិធានការជាក់លាក់ និងគំនិតផ្តួចផ្តើមនានាជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ព្រមទាំងធានាការអភិវឌ្ឍប្រកបចីរភាពនៃតំបន់ក្នុងរយៈពេលវែងផងដែរ។

ការផ្លាស់ប្តូរបទពិសោធន៍របស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19 ក្នុងរយៈពេលកន្លងមក បានបង្ហាញថា អាស៊ាននិងដៃគូនានាគួរតែផ្ដោតលើដំណោះស្រាយមួយចំនួនដូចតទៅ៖

ទីមួយគឺត្រូវប្រមូលផ្ដុំកម្លាំងរួមជាបន្ទាន់ ជាពិសេសឃ្លាំងស្តុកសំភារៈបរិក្ខាពេទ្យបំរុងនៃតំបន់ដើម្បីបំពេញតម្រូវការបន្ទាន់ និងបង្កើតមូលនិធិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដោយឈរលើមូលដ្ឋាននៃការទាញយកប្រភពកម្លាំងដែលមានស្រាប់ និងការជួយគាំទ្រពីដៃគូនានា រួមទាំងអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក។

ទីពីរគឺលើកកម្ពស់ប្រសិទ្ធភាពនៃការសម្របសម្រួលគោលនយោបាយ និងផ្តោតលើសកម្មភាពរួមរបស់អាស៊ានក្នុងទប់ស្កាត់រោគ​រាតត្បាត ជាបឋម​គឺរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរវាងបណ្ដាប្រទេសដើម្បីទប់ទល់នឹងការរាតត្បាត។

ទីបីគឺការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតត្រូវដើរទន្ទឹមនឹងការប្រយុទ្ធប្រឆាំងការធ្លាក់ចុះនៃសេដ្ឋកិច្ច និងអស្ថិរភាពសង្គម។ ជាពិសេស​ប្រជាពលរដ្ឋដើរតួនាទីយ៉ាងសំខាន់ ហើយមិនទុកឲ្យប្រទេសណាមួយចូលរួមប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដោយឯកតោឡើយ។

ទីបួន​គឺកសាងយុទ្ធសាស្ត្រស្ដីពីការកម្ចាត់រោគរាតត្បាតនៅតាមប្រទេសនីមួយៗ និងការ​សម្របសម្រួលរវាង​ថ្នាក់តំបន់សំដៅទប់ស្កាត់​បានការជំងឺ​រាតត្បាតផង និងនាំឱ្យសេដ្ឋកិច្ចសង្គមរបស់ប្រទេសទាំងនេះបានស្ថិរ​ភាពឡើងវិញផង។

ទីប្រាំ​គឺការចែករំលែក និងអនុវត្តការធ្វើពាណិជ្ជកម្មសេរី និងបង្កលក្ខណៈងាយស្រួលសម្រាប់ការវិនិយោគ កុំអោយខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវបានរំខាន និងការផ្លាស់ប្ដូរពាណិជ្ជកម្មត្រូវ​បាន​ស្តាឡើងវិញនៅពេលដែលគ្រប់គ្រងបានជំងឺ​រាតត្បាត... សំដៅទាញយកប្រភព​កម្លាំងដើម្បីស្ដារការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់ឡើងវិញ។

ជាងពេលណាៗទាំងអស់ យើងយល់ពីសារៈសំខាន់នៃគំនិត និងសកម្មភាពសហគមន៍។ វាក៏ជាការទទួលខុសត្រូវរួមគ្នា និងជាតួនាទីមជ្ឈភាពរបស់អាស៊ានដែលបានរួមចំណែកធានាពិភពលោកនឹងបន្តធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ប្រកបដោយវិបុលភាព និងចីរភាព ។

ក្នុងរយៈពេល ៣ ខែកន្លងមក ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងតួនាទីជាប្រធានអាស៊ានបានបង្ហាញពីស្មារតីរួបរួមគ្នា និងបន្សាំដោយម្ចាស់ការ។  ទន្ទឹមនឹងសាមគ្គីភាព ការផ្សារភ្ជាប់រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងការគាំទ្រ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ដៃគូនានានោះ វៀតណាមជឿជាក់ថា អាស៊ាននឹងរួមជាមួយតំបន់ និងពិភពលោកពិតជាជំនះបាននូវបញ្ហាប្រឈមនៃរោគរាតត្បាតនេះ៕

បកប្រែតាមអត្ថបទរបស់លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម 

បកប្រែដោយ Pham Diep