អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតីឥណ្ឌា
កប.អនឡាញ - តបតាមការអញ្ជើញរបស់អនុប្រធានាធិបតីឥណ្ឌា លោក Venkaiah Naidu អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឥណ្ឌាចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ។
ក្នុងកិច្ចពិភាក្សានៅថ្ងៃទី ១២ ខែកុម្ភៈ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែងរវាងវៀតណាមនិងឥណ្ឌា ព្រមទាំងសំដែងនូវក្តីសប្បាយរីករាយចំពោះការវិវត្តនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងនូវជំនឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរដែលត្រូវបានពង្រឹងតាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ប្រចាំឆ្នាំ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើការសាងសង់រូបសំណាកលោកប្រធានហូជីមិញនៅទីក្រុង New Delhi និងវីរជននៃជាតិ Mahatma Gandhi នៅទីក្រុងហូជីមិញ។
    |
 |
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh និងអនុប្រធានាធិបតីឥណ្ឌា លោក Venkaiah Naidu (រូបថត៖ baoquocte.vn) |
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីវិធានការនានាដើម្បីជំរុញថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសលើសសរស្តម្ភសំខាន់ៗដូចជា វិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្របច្ចេកវិទ្យា និងការជួបប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន។
ភាគីទាំងពីរបានសំដែងនូវការពេញចិត្តចំពោះការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយបានឯកភាពគ្នាខិតខំដើម្បីសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ។
ភាគីទាំងពីរបានចាត់ទុកថា ការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរមានសារៈសំខាន់ជាក់ស្តែង ជំរុញសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការជួបប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតនៅវេទិកាតំបន់ និងអន្តរជាតិ ព្រមទាំងចែករំលែកនូវគោលជំហរ និងការសម្របសម្រួលដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ និងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)៕
បកប្រែដោយ Huyen Trang