leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមនាវា Haiyan Dizhi 8 របស់ចិនបានរំលោភលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនៅខាងត្បូងនៃសមុទ្រខាងកើត។ នេះគឺជាដែនសមុទ្ររបស់វៀតណាមដែលត្រូវបានកំណត់ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដែលវៀតណាមនិងចិនជាសមាជិក។ វៀតណាមបានជួបប្រាស្រ័យជាមួយភាគីចិនជាច្រើនលើកច្រើនសារ ហើយបានផ្ញើកំណត់ទូតដើម្បីប្រឆាំងជំទាស់អំពើបំពានទាំងនេះ។ វៀតណាមបានស្នើឲ្យភាគីចិនបញ្ចប់ការរំលោភ ដកនាវាទាំងអស់ចេញពីដែនសមុទ្ររបស់វៀតណាម គោរពអធិបតេយ្យភាព សិទ្ធិអធិប្បតេយ្យភាព និងយុត្តាធិការរបស់វៀតណាមដើម្បីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងដើម្បីស្ថិរភាព សន្តិភាពក្នុងតំបន់។ កងកម្លាំងសមត្ថកិច្ចនៅសមុទ្ររបស់វៀតណាមបន្តអនុវត្តវិធានការសមស្របនឹងអធិបតេយ្យភាព យុត្តាធិការ និងច្បាប់ដើម្បីការពារដែនសមុទ្ររបស់វៀតណាម។

គោលជំហរឥតងាករេរបស់វៀតណាមគឺ ដោះស្រាយសកម្មភាពរំលោភលើអធិបតេយ្យភាពនៅដែនសមុទ្ររបស់វៀតណាម ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងសមុទ្រខាងកើតគឺជាផលប្រយោជន៍រួមនៃបណ្តាប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ។ វៀតណាមរំពឹងថា បណ្តាប្រទេសដែលពាក់ព័ន្ធ និងសហគមន៍អន្តរជាតិនឹងរួមគ្នាការពារ និងរក្សាផលប្រយោជន៍រួមនេះ៕

បកប្រែដោយ Thuy Anh