នៅជំនួបនេះ លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានអះអាងថា ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋសភាវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការយុត្តិធម៌។ នាបច្ចុប្បន្ននេះ វៀតណាមកំពុងខិតខំប្រឹងប្រែងអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់យុត្តិធម៌ និង សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលក្នុងនោះតុលាការប្រជាជនមានតួនាទីសំខាន់ណាស់។ 

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបប្រធានតុលាការប្រជាជនកំពូលឡាវ លោក Khampha Sengdara

ប្រធានតុលាការប្រជាជនកំពូលឡាវលោក Khampha Sengdara បានឲ្យដឹងថា វិស័យតុលាការឡាវ កំពុងអនុវត្តកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។ ហេតុដូច្នេះ ដំណើរទស្សនកិច្ចការងារលើកនេះរបស់លោក មិនត្រឹមតែសំដៅរឹតបន្តឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពី វៀតណាម-ឡាវ នោះទេ ថែមទាំងសំដៅផ្លាស់ប្តូរបទពិសោធន៍ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ទៀតផង។

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងតុលាការប្រជាជនកំពូលវៀតណាម និងតុលាការប្រជាជនកំពូលឡាវក្នុងរយៈពេលកន្លងទៅ ដែលសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើន ជាពិសេសក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈនិងបំប៉ន់ជំនាញតុលាការ ចៅក្រម រួមទាំងការផ្លាស់ប្តូរគណៈប្រតិភូពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសម្តែងជំនឿថា តុលាការប្រជាជននៃប្រទេសទាំងពីរនឹងបន្តចែករំលែកបទពិសោធន៍ក្នុងការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់វិស័យតុលាការនៃប្រទេសទាំងពីរ រួមចំណែកដ៏វិជ្ជមានក្នុងការអភិវឌ្ឍរួមនៃប្រទេសនីមួយៗ ក៏ដូចជាជំរុញទំនាក់ទំនងសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរផងដែរ៕

បកប្រែដោយ Huyen Trang