នៅជំនួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-yeon ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាបន្តជំរុញការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឲ្យខ្លាំងក្លាថែមទៀតនាពេលខាងមុខ តាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងការបើកទូលាយទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ជួបសវនការជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-yeon (រូបថត៖ vnanet.vn)

លោកឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue បានថ្លែងអំណរគុណចំពោះការដែលកូរ៉េខាងត្បូងបានគាំទ្រវៀតណាមក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រមទាំងស្នើឲ្យកូរ៉េខាងត្បូងបង្កើនកិច្ចសហការ និងជួយឧបត្ថម្ភវៀតណាក្នុងការបំពេញតួនាទីរបស់ខ្លួនជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ និងជាប្រធានអាស៊ានឆ្នាំ ២០២០។  លោកក៏បានអះអាងថា វៀតណាមគាំទ្រដោយឥតងាករេចំពោះសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ ព្រមទាំងស្នើឱ្យកូរ៉េខាងត្បូងគាំទ្រគោលជំហរ និងតួនាទីជាមជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់។

នៅជំនួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Moon Hee-sang  ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍក្នុងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ព្រមទាំងឯកភាពគ្នាថា ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់មានអត្ថន័យដ៏សំខាន់ក្នុងការបង្កើនការយល់ដឹង និងទំនុកទុកចិត្តគ្នាទៅវិញទៅមក បង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូង។ លោក Moon Hee-sang  បានអះអាងថាគណបក្សនយោបាយទាំងអស់របស់កូរ៉េខាងត្បូង មានការយកចិត្តទុកដាក់យ៉ាងខ្លាំង និងឯកភាពទាំងអស់គ្នាលើគោលការណ៍ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម។ លោកក៏បានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសជាយុទ្ធសាស្ត្រមួយ ក្នុងគោលនយោបាយថ្មីឆ្ពោះទៅខាងត្បូងរបស់កូរ៉េខាងត្បូង៕

បកប្រែដោយ Huyen Trang