leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តី សហព័ន្ធរុស្ស៊ីលោក Dmitry A. Medvedev

រុស្ស៊ីជានិច្ចកាលចង់ពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរបស់ខ្លួនជាមួយវៀតណាម

នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry A. Medvedev បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅរុស្ស៊ីនាពេលនេះដោយអះអាងថា រុស្ស៊ីជានិច្ចកាលចង់ពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ខ្ពស់និងផ្តល់អាទិភាពចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីជាមួយសហព័ន្ធរុស្ស៊ី និងមានកិត្តិយសដោយរួមជាមួយលោកនាយករដ្ឋមន្រ្តី Dmitry A. Medvedev បើកឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំរុស្ស៊ីនៅវៀតណាមឆ្នាំ ២០១៩-២០២០ ក្នុងអំឡុងនៃដំណើរទស្សនកិច្ចនេះ។

នាយករដ្ឋមន្រ្តីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរៀបចំឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំនៃប្រទេសរុស្ស៊ីនៅវៀតណាមក្នុងឆ្នាំ២០១៩- ២០២០ ហើយបានចាត់ទុកថា នេះជាព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយសម្រាប់ទំនាក់ទំនងទ្វេភាគីដែលរួមចំណែកដល់ការរឹតបន្តឹងចំណងមិត្តភាពល្អជាប្រពៃណីរវាងប្រជាជនទាំងពីរ ក៏ដូចជាបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនយោបាយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីដែលត្រូវបានពង្រឹង និងពង្រីកដោយមិនឈប់ឈរ មានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ជាទៀងទាត់។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងលោកនាយករដ្ឋមន្រ្តី Dmitry A. Medvedev បានផ្លាស់ប្តូរពិភាក្សាទៅលើទិសដៅ និងវិធានការនានាដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការដែលនៅមានសក្តានុពលជាច្រើនរវាងប្រទេសទាំងពីរក្នុងវិស័យជាច្រើន។ មេដឹកនាំទាំងពីរបានសម្តែងក្តីពេញចិត្តចំពោះក្របខ័ណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង​វៀតណាមនិងសហភាពសេដ្ឋកិច្ចអឺរ៉ូប-អាស៊ី ដែលបានចូលជាធរមានចាប់ពី ឆ្នាំ២០១៦ មកម៉្លេះ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងលោកនាយករដ្ឋមន្រ្តី Dmitry A. Medvedev បានអះអាងថា ថាមពលគឺជាសរសរស្តម្ភដ៏សំខាន់មួយ នៃកិច្ចសហប្រតិបត្តិការវៀតណាម - រុស្ស៊ី។ ភាគីទាំងពីរបានព្រមព្រៀងគ្នាជំរុញឲ្យសហគ្រាសប្រេង និងឧស្ម័នរបស់ប្រទេសទាំងពីរសហការក្នុងការរុករក និងធ្វើអាជីវកម្មប្រេងនិងឧស្ម័ននៅដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនិង​រុស្ស៊ី។

មេដឹកនាំទាំងពីរបានឯកភាពជំរុញការអនុវត្តគម្រោងកសាងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានុយក្លេអ៊ែរនៅវៀត​ណាម និងវាយតំលៃថា វៀតណាមនិងរុស្ស៊ីនៅមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យវិនិយោគទុនដោយមានគម្រោងជាច្រើនត្រូវបានគេលើកឡើងនិងអនុវត្តក្នុងរយៈពេលកន្លងមក។

ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនិងសន្តិសុខដែលសម្រេចបាននូវលទ្ធផលដ៏សំខាន់ជាច្រើនរួមចំណែកដល់ការពង្រឹងជំនឿទុកចិត្តយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលផ្សេងៗដូចជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា ការអប់រំនិងបណ្តុះបណ្តាល វប្បធម៌ កីឡានិងទេសចរណ៍។

មេដឹកនាំទាំងពីរបានពិភាក្សាទៅលើបញ្ហាអន្តរជាតិ និងតំបន់ជាច្រើនដែលក្នុងនោះមានការរក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព នាវាចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងសមុទ្រនខាងកើត។ វៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីជាមហាអំណាចរបស់រុស្ស៊ី និងសង្ឃឹមថា រុស្ស៊ីនឹងបន្តរួមចំណែកជាវិជ្ជមានក្នុងការរក្សាសន្តិភាពសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់និងលើពិភពលោក។

វៀតណាមជានិច្ចកាលស្វាគមន៍សហគ្រាសរបស់រុស្ស៊ី មកវិនិយោគ

នៅព្រឹកថ្ងៃទី២២ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបើកវេទិកាពាណិជ្ជកម្មរុស្ស៊ី - វៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា វេទិកានេះមានគោលបំណងដើម្បីពិភាក្សាអំពីបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពថែមទៀតដើម្បីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc សង្ឃឹមថា បន្ទាប់ពីការដកចេញនូវរបងពន្ធដារចំពោះទំនិញជាច្រើន ការដាក់ពង្រាយបណ្តាញទូទាត់ទ្វេភាគីដោយរូបិយប័ណ្ណក្នុងស្រុក ភាគីទាំងពីរនឹងអាចសម្រេចបានទំហំពាណិជ្ជកម្ម ១០ ពាន់លានដុល្លារនាឆ្នាំ២០២០។ ក្នុងដំណើរការនៃការធ្វើសមាហរណកម្មអន្តរជាតិ វៀតណាមជានិច្ចកាលស្វាគមន៍និងត្រៀមខ្លួនជួយសម្រួលដល់សហគ្រាសរបស់រុស្ស៊ីក្នុងការធ្វើអាជីវកម្ម និងវិនិយោគទុននៅក្នុងប្រទេសវៀតណាម។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Maxim Akimov បានអះអាងថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីត្រូវបានកសាងលើគ្រឹះដ៏រឹងមាំនៃប្រពៃណីដ៏យូរអង្វែងនៃចំណងមិត្តភាពល្អរវាងប្រទេសទាំងពីរ។ ក្រោមស្ថានភាពថ្មី ឧបនាយករដ្ឋមន្ត្រីលោក Maxim Akimov បាននិយាយថា ចំណុចរីកចម្រើនថ្មីសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់រុស្ស៊ី - វៀតណាមត្រូវតែជាកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់។

រុស្ស៊ីស្វាគមន៍ការបើកដំណើរការបដិវត្តន៍បច្ចេកវិទ្យាថ្មីរបស់វៀតណាម និងត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រជួយឧបត្ថម្ភដល់វៀតណាម ជាពិសេសក្នុងទិសដៅទាំង៣គឺ៖ រដ្ឋាភិបាលឌីជីថល សន្តិសុខបណ្តាញ និងទីក្រុងឆ្លាតវៃ៕

បកប្រែដោយ Minh Trung