លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan អញ្ជើញទៅដល់ទីក្រុង Busan ចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង
កប.អនឡាញ - នាថ្ងៃត្រង់ ថ្ងៃទី៤ ធ្នូ (តាមម៉ោងកូរ៉េខាងត្បូង) លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានអញ្ជើញទៅដល់ព្រលានយន្តហោះ Gim Hae ទីក្រុង Busan ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ធ្នូ តាមការអញ្ជើញរបស់ប្រធានសភាជាតិកូរ៉េខាងត្បូងលោក Moon Hee Sang។
នារសៀលថ្ងៃទី៤ ធ្នូ (តាមម៉ោងកូរ៉េខាងត្បូង) នៅទីក្រុង Busan ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង លោកស្រី Nguyen Thi Kim Ngan បានទទួលជួបលោក Oh Keo-don អភិបាលក្រុង Busan។ យោងតាមលោក Oh Keo-don ឲ្យដឹងថា ភាគច្រើនវិនិយោគិនកូរ៉េខាងត្បូងដែលកំពុងវិនិយោគទុននៅវៀតណាមគឺសុទ្ធតែមកពីក្រុង Busan ហើយបច្ចុប្បន្ននេះ ជនវៀតណាមជាច្រើននាក់កំពុងរស់នៅ ធ្វើការ និងសិក្សានៅទីក្រុងនេះដែរ។ អាជ្ញាធរទីក្រុង Busan កំពុងខិតខំជួយគាំទ្រជនវៀតណាមនៅទីក្រុងនេះ។ តាមគម្រោង នៅពេលខាងមុខ ក្រុង Busan នឹងបង្កើតមជ្ឈមណ្ឌលជួយគាំទ្រគ្រួសារវៀតណាម - កូរ៉េខាងត្បូង។
|
|
លោកស្រី Nguyen Thi Kim Ngan និងលោក Oh Keo-don |
លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមលើកនេះសំដៅរួមចំណែកជម្រុញថែមទៀតនូវទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ជម្រុញទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពថែមទៀត។ លោកស្រី Nguyen Thi Kim Ngan ស្នើឲ្យតំបន់នានារបស់កូរ៉េខាងត្បូងនិយាយរួម និងទីក្រុង Busan និយាយដោយឡែក បន្តបង្កើនការស្វែងយល់ និងចងមេត្រីភាពជាមួយតំបន់នានារបស់វៀតណាម។
ទន្ទឹមនឹងនោះ លោកស្រី Nguyen Thi Kim Ngan ចាត់ទុកថា វៀតណាម និងកូរ៉េខាងត្បូងគប្បីជម្រុញជំនួបប្រាស្រ័យរវាងប្រជាជន រួមចំណែកជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានលើកច្បាស់ថា វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបរទេស និងមានគោលនយោបាយការពារជនបរទេស រួមទាំងជនកូរ៉េខាងត្បូងដែលកំពុងរស់នៅនៅវៀតណាម។
នារសៀលថ្ងៃដដែល នៅទីក្រុង Busan លោកស្រី Nguyen Thi Kim Ngan បានទទួលជួបលោក Park Soo Kwan អគ្គកុងស៊ុលកិត្តិយសវៀតណាមនៅតំបន់ Busan-Gyeongnam កូរ៉េខាងត្បូង។ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់លោក Park Soo Kwan ក្នុងការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរនិយាយរួម និងរវាងស្ថាប័ននៃសភារបស់ប្រទេសទាំងពីរនិយាយដោយឡែក។
ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងអប់រំ លោកស្រីប្រធានរដ្ឋសភាស្នើឲ្យ លោក Park Soo Kwan បន្តជម្រុញជំនួបប្រាស្រ័យរវាងប្រជាជន ជួយគាំទ្រការពារសិទ្ធិស្របច្បាប់របស់ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅតំបន់ Busan-Gyeongnam៕
បកប្រែដោយ Thanh Cong