វៀតណាមមានការយកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ចចំពោះទំនាក់ទំនងជាមួយសិង្ហបុរី
កប.អនឡាញ - នារសៀលថ្ងៃទី ២៧ វិច្ឆិកា (តាមម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជួបសវនការជាមួយប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob។
ក្នុងឱកាសនេះ លោកស្រី Nguyen Thi Kim Ngan បានបញ្ជាក់ថា វៀតណាមអះអាងគោលនយោបាយឥតងាករេ និងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយសិង្ហបុរី។ ព្រមទាំងលោកស្រីស្វាគមន៍ភាគីទាំងពីរដែលបានសហការយ៉ាងសកម្មក្នុងការពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម-សិង្ហបុរី ឲ្យកាន់តែអភិវឌ្ឍថែមទៀត។
លោកស្រី Nguyen Thi Kim Ngan ក៏បានអះអាងថា រដ្ឋសភាវៀតណាម ត្រៀមជាស្រេចធ្វើអស់ពីកម្លាំងកាយ កម្លាំងចិត្តដើម្បីពូនជ្រំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុងស្មារតីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។
    |
 |
លោកស្រី Nguyen Thi Kim Ngan ជួបសំដែងការគួរសមជាមួយលោកស្រី Halimah Yacob (រូបថត៖ vnanet.vn) |
រីឯប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច។ លោកស្រីមានគោលបំណងថា វៀតណាមនឹងជួយគាំទ្រការដែលសិង្ហបុរីក្លាយទៅជាប្រធានអាស៊ាននៅឆ្នាំ២០១៨។
ស្តីពីទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ប្រធានាធិបតី លោកស្រី Halimah Yacob និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឯកភាពវាយតម្លៃថា ក្នុងប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរត្រូវបានរក្សា និងអភិវឌ្ឍដ៏ល្អប្រសើរ។ ភាគីទាំងពីរតែងតែផ្លាស់ប្តូរគណៈប្រតិភូគ្រប់ថ្នាក់ សំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការ ការយល់ដឹងគ្នាទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ក្នុងសកម្មភាពនៃរដ្ឋសភារបស់ប្រទេសរៀងៗខ្លួន។ លោកស្រី Nguyen Thi Kim Ngan មានគោលបំណងថា លោកស្រី Halimah Yacob នឹងបន្តយកចិត្តទុកដាក់ និងរួមវិភាគទានយ៉ាងសំខាន់ដល់ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម-សិង្ហបុរី ឲ្យកាន់តែស៊ីជម្រៅថែមទៀត។
នារសៀល ថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជួបសវនការជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong
ក្នុងឱកាសនេះ លោកស្រី Nguyen Thi Kim Ngan បានលើកឡើងថា វៀតណាមបានសហការយ៉ាងជិតស្និទ្ធជាមួយសិង្ហបុរីនៅបណ្តាវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន។ វៀតណាមនឹងគាំទ្រ និងសហប្រតិបត្តិការយ៉ាងសកម្មដើម្បីជំរុញការអភិវឌ្ឍសហគមន៍អាស៊ាន និងទំនាក់ទំនង អាស៊ាន-ចិន។ លោកស្រីក៏មានការជឿជាក់ថា ក្នុងឋានៈជាប្រធានអាស៊ាន សិង្ហបុរីនឹងរួមវិភាគទានយ៉ាងសំខាន់ដល់ការបង្កើនសាមគ្គីភាព ឯកភាពនៅក្នុងប្លុក និងពង្រីកតួនាទីស្នូលរបស់អាស៊ាននូវកិច្ចសហប្រតិបត្តិការក្នុងតំបន់។
រីឯក នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានឲ្យដឹងថា សិង្ហបុរីនឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីដោះស្រាយបណ្តាបញ្ហានៅសេសសល់ ក្នុងនោះមានការជំរុញកសាង COC។ ទន្ទឹមនឹងនោះ លោកបានស្នើឲ្យភាគទាំងពីរបើកផ្លូវអាកាសចរណ៍ត្រង់រវាងប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចសន្យា ការព្រមព្រៀងដែលបានចុះហត្ថលេខារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ៕
បកប្រែដោយ Huyen Trang