នារសៀលថ្ងៃទី៣ សីហា រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម អាមេរិក និងអគ្គលេខាធិការអាស៊ានបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការបរទេសស្ដីពីគំនិតផ្តួចផ្តើមទន្លេមេគង្គក្រោម (LMI) លើកទី១១។

leftcenterrightdel
កិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ានលើកទី៥១ (AMM 51) (រូបថត៖ vnanet.vn)

រដ្ឋមន្រ្តីទាំងឡាយបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ LMI គឺជាកម្លាំងចលករសំខាន់ក្នុងការតភ្ជាប់ សមាហរណកម្មសេដ្ឋកិច្ច អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងល្អក្នុងអនុតំបន់មេគង្គ។ រដ្ឋមន្រ្តីទាំងឡាយក៏បានវាយតំលៃខ្ពស់ចំពោះវិធីសាស្រ្តនៃកិច្ចសហប្រតិបត្តិការ LMI ក្នុងការធានាសន្តិសុខប្រភពទឹក ល្បៀងអាហារ ថមពល និងដោះស្រាយបញ្ហាបរិស្ថាន។ លោក Pham Binh Minh បានលើកឡើងយោបល់អំពីការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា៖ បង្កើនការចែករំលែកបទពិសោធរបស់អាមេរិកក្នុងការជួយដល់បណ្ដាប្រទេសនៃទន្លេមេគង្គអភិវឌ្ឍធនធានមនុស្សមានបំណិន និងស្រាវជ្រាវអភិវឌ្ឍ; សហប្រតិបត្តិការក្នុងការបង្កើនផលិតភាពកសិកម្ម លើកកំពស់សមត្ថភាពរបស់កសិកម្មក្នុងការទប់ទល់នឹងអាកាសធាតុប្រែប្រួល និងការបើកទូលាយទីផ្សារ; ផ្តោតទៅលើកិច្ចសហប្រតិបត្តិការលើវិស័យការពារសន្តិសុខប្រភពទឹក ថមពល និងល្បៀងអាហារ ជាពិសេសគឺសហការក្នុងការទប់ស្កាត់និងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ការការពារជីវចម្រុះ។

នាថ្ងៃដដែល កិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការបរទេសមេគង្គ - កូរ៉េខាងត្បូងបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង Kang Kyung-wha និងលោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសមីយ៉ាន់ម៉ា ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសឡាវ ថៃ និងវៀតណាម។ តំណាងទាំងឡាយបានឯកភាពនឹងបន្តសហប្រតិបត្តិការក្នុងការបង្កើនតភ្ជាប់ បង្រួមគម្លាតអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពអភិវឌ្ឍប្រកបដោយនិរន្តរភាព។

នាព្រឹកថ្ងៃទី៣ សីហា លោក Pham Binh Minh និងរដ្ឋលេខាធិការកិច្ចការបរទេសនៃប្រទេសឥណ្ឌាលោក Vijay Kumar Singh បានដឹកនាំកិច្ចប្រជុំរដ្ឋមន្រី្តក្រសួងការបរទេសអាស៊ាន - ឥណ្ឌា។ រដ្ឋមន្រ្តីក្រសួងអាស៊ាន និងឥណ្ឌាបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយផ្តោតទៅលើវិស័យសហប្រតិបត្តិការនៅសមុទ្រ។

សូមរំលឹកថា នារសៀលថ្ងៃទី២ សីហា កិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ាន និងដៃគូចំនួន៤ (PMC+1) រួមមាន ជប៉ុន ចិន រុស្ស៊ី និងនូវែលសេឡង់បានប្រព្រឹត្តឡើង។ រដ្ឋមន្រ្តីទាំងឡាយបានផ្លាស់ប្តូរអំពីស្ថានភាពក្នុងតំបន់ និងអន្តរជាតិ និងសន្យាជម្រុញកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់ប្រកបដោយប្រសិទ្ធភាពនឹងបញ្ហាដែលគំរាមកំហែងដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់៕

បកប្រែដោយ Thanh Cong