នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយកីឡាករ និងគ្រូបង្វឹកដែលទទួលបានលទ្ធផលខ្ពស់នៅស៊ីហ្គេម ៣០
កប.អនឡាញ - នាព្រឹកថ្ងៃទី ២២ ខែធ្នូ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយកីឡាករ គ្រូបង្វឹកដែលទទួលបានលទ្ធផលខ្ពស់នៅស៊ីហ្គេមលើកទី ៣០។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះក៏មានវត្តមានពីសំណាក់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាលជាច្រើនផងដែរ។ នៅក្នុងជំនួបនេះលោកនាយករដ្ឋមន្រ្តីបានសាកសួរសុខទុក្ខ និងអបអរសាទរចំពោះសមិទ្ធផលរបស់កីឡាករម្នាក់ៗ ហើយក៏ដូចជាគណៈប្រតិភូកីឡាវៀតណាមទាំងមូលថែមទៀត។
    |
 |
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយកីឡាករ គ្រូបង្វឹកដែលទទួលបានលទ្ធផលខ្ពស់នៅស៊ីហ្គេមលើកទី ៣០ |
នៅក្នុងជំនួបនេះប្រធានគណៈប្រតិភូកីឡា បានរាយការណ៍អំពីការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ដោយមានការលំបាកជាច្រើនដែលត្រូវបានគេមើលឃើញជាមុនប៉ុន្តែដោយសារមានការលើកទឹកចិត្ត និងការគាំទ្រពីនាយករដ្ឋមន្រ្តី ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល... និងការគាំទ្រ ការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រជាជនទូទាំងប្រទេស បានជាកីឡាករវៀតណាមទាំងអស់បានជំនះការលំបាកក្នុងការប្រកួតប្រជែងដើម្បីដណ្តើមបានលទ្ធផលប្រកបដោយជោគជ័យ ទទួលបានមេដាយគ្រប់ប្រភេទសរុបចំនួន ២៨៨ គ្រឿង រួមមានមេដាយមាស ៩៨ គ្រឿង មេដាយប្រាក់ ៨៥ គ្រឿង មេដាយសំរិទ្ធ ១០៥ គ្រឿង ជាប់ចំណាត់ថ្នាក់ទី ២/១១ ប្រទេសដែលចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទី៣០ នេះ។
ហើយព្រឹត្តិការណ៍ស៊ីហ្គេមនេះដែលជាលើកដំបូងកីឡាវៀតណាមឈ្នះមេដាយមាសនៃការប្រកួតបាល់ទាត់បុរស និងក៏ជាលើកដំបូងបង្អស់ដែលទាំងក្រុមបាល់ទាត់បុរស ទាំងក្រុមបាលទាត់នារីដណ្តើមបានមេដាយមាសព្រមៗគ្នាក្នុងការប្រកួតស៊ីហ្គេមតែមួយ។
    |
 |
ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលថតរូបជាអនុស្សាវរីយ៍គណៈប្រតិភូកីឡាវៀតណាម |
មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលនេះលោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលទាំងអស់នៃប្រតិភូកីឡាវៀតណាម លោកនាយករដ្ឋមន្រ្តីក៏បានចាត់ទុកថាជោគជ័យរបស់កីឡាវៀតណាមគឺក្រៅពីការខិតខំប្រឹងប្រែងរបស់កីឡាករទាំងមូលដោយផ្ទាល់នោះ យើងក៏មានក្រុមគ្រូបង្វឹកដែលមានទេពកោសល្យអស្ចារ្យផងដែរ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងជោគជ័យលើវិស័យសេដ្ឋកិច្ច គឺជោគជ័យលើវិស័យកីឡាបានបង្កើតឡើងបរិយាកាសរំភើបចិត្តនៅលើទូទាំងប្រទេសវៀតណាម។ លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងថា បំណងប្រាថ្នារបស់វៀតណាមក្នុងវិស័យកីឡាគួរតែត្រូវបានផ្សព្វផ្សាយដល់គ្រប់វិស័យសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។
ដើម្បីជាការអបអរសាទចំពោះជោគជ័យរបស់កីឡាករ និងគ្រូបង្វឹកទាំងអស់ លោកនាយករដ្ឋមន្រ្តីក៏បានប្រគល់អំណោយជូនដល់កីឡាករវៀតណាម និងគ្រូបង្វឹកឆ្នើមៗទាំងអស់ដែរ ហើយក្នុងឱកាសនេះដែរ សហគ្រាសអាជីវកម្មជាច្រើនរបស់វៀតណាមក៏បានផ្តល់រង្វាន់លើកទឹកចិត្ត និងអបអរសាទរចំពោះរាល់សមិទ្ធិផលលេចធ្លោរបស់កីឡាវៀតណាមដែលចូលរួមនៅស៊ីហ្គេមលើកទី ៣០នេះ៕
បកប្រែដោយ Minh Trung