ចាប់ពីដើមសតវត្សន៍ទី ២១ មក អ្នកដែលយកចិត្ដទុកដាក់ដល់ផ្នែកកីឡាជាតិបានសន្និដ្ឋានថា ការវិនិយោគលើផ្នែកកីឡានារី គឺជាមធ្យោបាយលឿនបំផុតសម្រាប់កីឡាវៀតណាមឈានទៅដល់លំដាប់ពិភពលោក។ ព្រោះការប្រកួតកីឡានារីមិនសូវតឹងរ៉ឹងដូចការប្រកួតកីឡាបុរសទេ ជាងនេះទៅទៀត នៅក្នុងប្រទេសជាច្រើន ផ្នែកកីឡានារីមិនដែលបានលើកទឹកចិត្តក្នុងសង្គមនៅឡើយ។ ទន្ទឹមនឹងនោះ នៅប្រទេសវៀតណាម អត្តពលិកនារី ជាពិសេសកីឡាករបាល់ទាត់នារីបាននិងកំពុងអះអាងនូវតួនាទី​សំខាន់របស់ខ្លួន។

leftcenterrightdel
ភាពសប្បាយរីករាយរបស់ក្រុមបាល់ទាត់នារីវៀតណាមពេលដណ្តើមបានមេដាយមាសនៅការប្រកួតស៊ីហ្គេមលើកទី៣១ 

ចាប់តាំងពីការទទួលបានមេដាយមាសលើកដំបូងនៅស៊ីហ្គេមឆ្នាំ ២០០១ ក្រុមបាល់ទាត់នារីវៀតណាមបានបញ្ជាក់ពីកិត្យានុភាព​ក្នុងតំបន់។ គោលដៅនៃការនាំកីឡាបាល់ទាត់នារីវៀតណាមឡើងកម្រិតកម្ពស់ ជាពិសេសឆ្ពោះទៅរកសំបុត្រទៅប្រកួត World Cup បានចាប់ផ្ដើមតាំងពីយូរយារណាស់មកហើយ ហើយពិតជាច្បាស់ណាស់ក្នុងឆ្នាំ ២០១៤។ នៅពេលនោះ យើងប្រកួតវគ្គជម្រុះ World Cup ជាមួយគូប្រជែងថៃក្នុងដីខ្លួនឯង ប៉ុន្តែស្ដាយណាស់ក្រុមបាល់ទាត់នារីវៀតណាមបានចាញ់ក្រុមបាល់ទាត់នារីថៃដោយលទ្ធផល ១ ទល់ ២។  បួនឆ្នាំក្រោយមក ក្រុមបាល់ទាត់នារីវៀតណាមមិនសំណាងខណៈដែលធ្លាក់ក្នុងពូលលំបាកក្នុងការប្រកួតអាស៊ី។

នាគ្រានោះ យើងខ្ញុំបានមើលឃើញថា គ្រាន់តែរក្សាលំដាប់ទី ១ ក្នុងតំបន់ មិនយូរមិនឆាប់គឺក្រុមបាល់ទាត់នារីវៀតណាមនឹងត្រូវបានចូលរួមការប្រកួត World Cup។ ហើយវិធីសាស្ដ្រដែលគ្រូបង្វឹក Mai Duc Chung ឈ្នះសំបុត្រទៅប្រកួត World Cup នារីឆ្នាំ ២០២៣ គឺពិបាកខ្លាំងណាស់ដែលធ្វើឲ្យមនុស្សជាច្រើនកោតសរសើរចំពោះស្មារតីខិតខំប្រឹងប្រែងនិងយកឈ្នះលើជំងឺរាតត្បាត Covid-19។ រហូតមកដល់ពេលនេះ មនុស្សជាច្រើនបានចោទជាសំណួរថា តើក្រុមបាល់ទាត់នារីវៀតណាមនឹងទទួលបានអ្វីខ្លះ នៅពេលពួកគេស្ថិតក្នុងពូលជាមួយក្រុមបាល់ទាត់អាមេរិក និងហូឡង់ដែលជាក្រុមកំពូលៗរបស់ពិភពលោក?

ជាដំបូង គួរតែបញ្ជាក់ថា វាពិតជាលំបាកខ្លាំងណាស់សម្រាប់ក្រុមបាល់ទាត់នារីវៀតណាមដើម្បីបង្កើតភាពភ្ញាក់ផ្អើលនៅ World​ Cup នារីឆ្នាំ ២០២៣។ យើងកុំស្រមៃខ្ពស់ពេក យើងគួរតែចោទសួរថា តើគ្រូបង្វឹក Mai Duc Chung នឹងប្រកួតតាមបែបណា? តើយើងហ៊ានប្រយុទ្ធ ឬ លេងការពារ? សម្មតិកម្មមួយទៀតគឺថា យើងប្រាកដជានឹងចាញ់ ហេតុអ្វីយើងមិនហ៊ានចុះសម្រុងគ្នាប្រកួតអស់ពីចិត្ដ? ពីព្រោះបើយើងប្រកួតការពារក៏ដោយក៏ក្រុមបាល់ទាត់នារីវៀតណាមក៏មិនអាចគេចពីការចាញ់ឡើយដោយសារសមត្ថភាពខុសគ្នា។

ដោយដឹងថា វាពិបាកពេក ប៉ុន្តែការប្រកួតនៅ World Cup គឺជាអ្វីដែលពិសេស។ ការដែលប្រជាជនកំពុងរង់ចាំ World Cup យ៉ាងអន្ទះសារ ដោយបានឃើញក្រុមជម្រើសជាតិប្រកួតជាមួយក្រុមបាល់ទាត់នារីកំពូលនៅលើពិភពលោក។ ការស្តាប់ ការច្រៀងបទភ្លេងជាតិ និងឃើញទង់ជាតិបក់រវីកៗគឺជាជោគជ័យដ៏អស្ចារ្យ។ ប្រការនេះនឹងនាំមកសញ្ញាមួយដើម្បីអភិវឌ្ឍចលនាកីឡាបាល់ទាត់នារី។ ស្ត្រីវ័យក្មេងនឹងស្រឡាញ់កីឡាបាល់ទាត់កាន់តែច្រើន និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍន៍ចលនា។ ជាងនេះទៅទៀត សូម្បីតែអ្នកដែលបំពេញការងារអភិវឌ្ឍបាល់ទាត់នារីក៏មានអារម្មណ៍ថាត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងការបណ្តុះបណ្តាល ការបង្វឹក និងការលើកកំពស់កីឡាបាល់ទាត់នារី។ ការប្រកួតប្រជែងនៅ World Cup នឹងជួយកីឡាបាល់ទាត់នារីវៀតណាមយកបានបទពិសោធន៍ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាល់ទាត់នារីវៀតណាមបានមានជំហានរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែកម្រិតនៃការវិនិយោគត្រូវបានប្រមូលផ្តុំនៅក្នុងមូលដ្ឋានមួយចំនួនប៉ុណ្ណោះ។ ការវិនិយោគលើបាល់ទាត់នារីដែលតម្រូវឲ្យមានការចំណាយថវិកាជាច្រើន ហើយបច្ចុប្បន្ននៅប្រទេសវៀតណាមមិនមានវិធីសាស្ដ្រណាដើម្បីដោះស្រាយរឿងនេះទេ។ មានមតិលើកឡើងថា យើងគួរតែផ្តោតលើការ​វិនិយោគលើកីឡាការិនីដែលមានទេពកោសល្យដើម្បីចាត់បញ្ជូនទៅប្រកួតអន្តរជាតិ។ ថៃក៏ធ្លាប់ធ្វើបែបនេះ ហើយមិនបានរៀបចំការប្រកួតថ្នាក់ជាតិដែរ ប៉ុន្តែមិនមានប្រសិទ្ធភាព។ ហើយមានមតិមួយទៀតគឺក្នុងមូលដ្ឋាននីមួយៗ នៅពេលវិនិយោគលើវិស័យបាល់ទាត់បុរសត្រូវមានទំនួលខុសត្រូវក្នុងការអភិវឌ្ឍន៍កីឡាបាល់ទាត់នារី ព្រោះនៅលើពិភពលោកមានក្លឹបបុរសជាច្រើនដែលនៅតែវិនិយោគក្នុងការអភិវឌ្ឍន៍ក្លឹបនារី ដូចជា Barcelona, Chelsea... តាមពិតទៅ នៅក្នុងប្រទេសវៀតណាម ការវិនិយោគលើក្រុមបាល់ទាត់បុរសគឺចំណាយទឹកប្រាក់ច្រើនណាស់  គ្មានអ្នកណាហ៊ានវិនិយោគលើបាល់ទាត់នារីទៀតទេ។

មានបញ្ហាជាច្រើនបានដាក់ចេញនៅពេលអភិវឌ្ឍកីឡាបាល់ទាត់នារីវៀតណាម ដែលមនុស្សជាច្រើនអាចយល់ឃើញថា កម្លាំងកាយមានកម្រិតនិងសមត្ថភាពក៏មានកម្រិតដែរ.. ទោះជាយ៉ាងណាក៏ដោយ បញ្ហាទាំងអស់ខាងលើអាចដោះស្រាយបាន ខណៈ​ដែលសង្គមនិងសេដ្ឋកិច្ចរបស់ប្រទេសមានការរីកចម្រើនបន្ថែមទៀត។ នោះគឺជារឿងរ៉ាវនៃអនាគត ហើយសម្រាប់ក្រុមបាល់ទាត់នារីវៀតណាមនៅពេលនេះ ឱកាសថ្មីកំពុងបើកចេញពីសំបុត្រចូលរួមប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ ២០២៣។ តាមរយៈព្រឹត្តិការណ៍នេះ បុគ្គលិកបំពេញការងារក្នុងផ្នែកបាល់ទាត់ជឿជាក់ថា នឹងបង្កើតផលវិជ្ជមានសម្រាប់មនុស្ស ក្រុមគ្រួសារយកចិត្តទុកដាក់ដល់ក្រុមបាល់ទាត់នារីវៀតណាមច្រើនថែមទៀត៕

បកប្រែដោយ Pham Diep