យុវជនអណិកជនវៀតណាមធ្វើធម្មយាត្រាទៅកាន់ទឹកដីដូនតា
កប.អនឡាញ - នាថ្ងៃទី ១៥ ខែកក្កដា តំណាងយុវជននិងនិស្សិតជាអាណិកជនវៀតណាមជិត ១២០ នាក់ដែលចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៤ បានទៅទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស វិហារស្តេច Hung នៅទីក្រុង Viet Tri ខេត្ត Phu Tho ភាគខាងជើងវៀតណាម ចាប់ផ្តើមដំណើរស្វែងយល់អំពីដើមកំណើតរបស់ខ្លួន។
យុវជនជាអាណិកជនវៀតណាមជាច្រើននាក់មិនអាចលាក់បាំងបាននូវអារម្មណ៍របស់ខ្លួនបានឡើយ នៅពេលមកកាន់ទឹកដីពិសិដ្ឋនេះ។ ប្អូន Tran Yen Vy អាយុ ១៦ ឆ្នាំ មកពីប្រទេសរ៉ូម៉ានី បានចែករំលែកថា៖ “នាងខ្ញុំមិនដែលបានទៅទស្សនាវិហារស្តេច Hung ទេ។ មកកាន់ទីនេះ ខ្ញុំមានអារម្មណ៍ថា ខ្លួនមានសំណាងខ្លាំងណាស់ដែលអាចគយគន់សម្រស់ស្អាតនៃស្រុកកំណើត។ ធ្វើដំណើរជាមួយអ្នករាល់គ្នាគឺសប្បាយចិត្តណាស់ ជាមួយនឹងបទពិសោធគួរឱ្យចាប់អារម្មណ៍ជាច្រើន”។
|
|
យុវជននិងនិស្សិតជាអាណិកជនវៀតណាមថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ vnanet.vn) |
ក្នុងដំណើរលើកនេះ យុវជនមានឱកាសស្វែងយល់អំពីប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មដ៏វិសេសវិសាលនៃវិហារស្តេច Hung។ យុវជនជាច្រើនបានចាប់យកពេលវេលាដ៏មានអត្ថន័យនេះ តាមរយៈរូបថតនិងវីដេអូរ ដើម្បីចែករំលែកជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅឯប្រទេសបន្ទាប់ពីការធ្វើដំណើរ។
ដំណើរទៅទស្សនាវិហារសក្ការៈបូជាបិតាជាតិ Lac Long Quan និងវិហារស្តេច Hung គឺជាសកម្មភាពបើកឆាកដ៏មានអត្ថន័យនៃជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៤។ តាមនោះ គណៈកម្មការរៀបចំសង្ឃឹមថានឹងជួយយុវជនវៀតណាមនៅឯបរទេសយល់កាន់តែស៊ីជម្រៅអំពីឫសគល់របស់ប្រជាជាតិ ពង្រឹងសេចក្តីស្រឡាញ់ចំពោះមាតុភូមិ និងប្រទេសជាតិ រួមចំណែកអភិវឌ្ឍសហគមន៍ជនវៀតណាមនៅក្រៅប្រទេសក៏ដូចជាមាតុប្រទេស។
ជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៤ នឹងបន្តជាមួយនឹងសកម្មភាពដ៏គួរឱ្យរំភើបជាច្រើនផ្សេងទៀត ដោយសន្យាថានឹងនាំយកយុវជនវៀតណាមនៅឯបរទេសនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានអំពីទឹកដី និងមនុស្សវៀតណាម៕
បកប្រែដោយ Huyen Trang