ថ្មីៗនេះ យើងមានឱកាសមកសួរសុខដំបូលផ្ទះកក់ក្តៅ Giuse ដែលជាកន្លែងលោក Nhat ធ្វើទាំងជាឪពុក ជាម្តាយ និងទាំងជាគ្រូបង្រៀន ដោយចិញ្ចឹមកូនៗដែលកំព្រា គ្មានទីពឹងចំនួន ១៤២ នាក់។ នៅដើមឆ្នាំ ២០០៤ លោក Nhat បានផ្លាស់ពីទីក្រុងហូជីមិញទៅស្រុក Chu Se ដើម្បីរស់នៅ។ នៅល្ងាចមួយ នៅចុងខែមេសា ឆ្នាំ២០០៤ ពេលកំពុងដើរក្នុងភូមិ គាត់បានលឺសំលេងអ៊ូអ នៅពេលដែលគាត់ចូលទៅជិត គាត់បានឃើញមនុស្សច្រើនកំពុងរៀបចំបញ្ចុះសពទារកជនជាតិ Gia Rai ដែលម្តាយបានស្លាប់ពីរថ្ងៃបន្ទាប់ពីកើតកូន និងមិនដឹងអ្នកណាជាឪពុក (យោងទៅតាមទំនៀមទម្លាប់ហួសសម័យរបស់ជនជាតិ Gia Rai នៅពេលដែលម្តាយអកុសលបានស្លាប់ក្នុងអំឡុងពេល "សម្រាលកូន" ទារកទើបនឹងកើតនោះត្រូវតែស្លាប់តាមផងដែរ)។ ដោយអាណិតទារកដែលទើបនឹងកើតនោះ គាត់បានសុំចាស់ទុំភូមិឲ្យគាត់យកកូននោះមកចិញ្ចឹម។ ប៉ុន្តែព្រឹទ្ធាចារ្យភូមិមិនងាយយល់ស្របទេ ព្រោះតាមជំនឿរបស់ជនជាតិ Gia Rai ទារកដែលកើតមកដោយគ្មានម្តាយជាសំណាងអាក្រក់ បើមិនបានកប់ទាំងរស់ទេនោះអ្នកភូមិទាំងមូលនឹងទទួលទោសពីទេវតា។ “ប្រឈមមុខនឹងភាពលំបាកនោះ ខ្ញុំកាន់តែតាំងចិត្តក្នុងការជួយសង្គ្រោះជីវិតទារក។ បន្ទាប់ពីបានបញ្ចុះបញ្ចូលអ្នកភូមិអស់រយៈពេល ៣ ម៉ោង ពួកគេបានយល់ព្រមទទួលយកកូនជ្រូកមួយក្បាលទម្ងន់ ៥០ គីឡូក្រាមទៅថ្វាយបង្គំទេវតា ហើយពួកគេបានតម្រូវឱ្យខ្ញុំយកកូនចេញឆ្ងាយពីភូមិនោះ...” លោក Dinh Minh Nhat បានរំលឹកឡើងវិញ។

leftcenterrightdel
កូនៗដែលត្រូវបានលោក Nhat ទទួលចិញ្ចឹមបីបាច់

ចាកចេញពីភូមិ លោក Nhat បានយកទារកដែលកំពុងស្រេកទឹកដោះម្តាយ ហើយសុំទឹកដោះគ្រប់ទីកន្លែង។ យ៉ាងណាមិញ ដោយឃើញទារកនោះទាំងខ្មៅទាំងស្គម ហើយខ្លាចមានជំងឺឈឺ គ្មានស្ត្រីណាដែលកំពុងចិញ្ចឹមកូន ហ៊ានឱ្យបៅដោះជាមួយកូនខ្លួនឯងឡើយ។ គេគ្រាន់តែច្បាច់យកទឹកដោះចូលទៅក្នុងពែងតូចមួយដើម្បីឱ្យទារកកំសត់ញាំ... ការចិញ្ចឹមកូនពិតជាពិបាកខ្លាំងណាស់ ប៉ុន្តែជាសំណាងល្អដែលកូនបានធំពេញវ័យទៅហើយ។ លោក Nhat បាននិយាយថា "ខ្ញុំបានដាក់ឈ្មោះទារកថា Dinh Hong Phuc ដោយសង្ឃឹមថា គាត់នឹងធំឡើងនឹងទទួលបានសុភមង្គល ចេះស្រលាញ់ និងជួយអ្នកដទៃ" ។

មិនត្រឹមតែ Hong Phuc ប៉ុណ្ណោះទេ នៅដំបូលផ្ទះ Giuse មានជីវិតអកុសលជាច្រើនទៀត ដែលលោក Nhat បានមើលថែ និងចិញ្ចឹមបីបាច់។ ហើយ ៨០% នៃពួកគេជាកូនជនជាតិភាគតិចនៅតំបន់ខ្ពង់រាបភាគកណ្តាលនេះ ក្នុងនោះមានកូនចំនួន ៥២ នាក់ ដែលមិនស្គាល់អត្តសញ្ញាណ ដូច្នេះហើយលោក Nhat ដាក់ឈ្មោះកូនតាមនាមត្រកូលខ្លួន។ ដំបូងឡើយ លោក Nhat មើលថែទាំកូនៗដោយម្នាក់ឯង។ នៅពេលកូនៗធំឡើង ពួកគាត់បានចូលរួមជាមួយឳពុកក្នុងការមើលថែប្អូន តូចៗ។ ថ្មីៗនេះ មានសប្បុរសជនមួយចំនួនបានជួយដល់ដំបូលកក់ក្តៅនេះថវិកាមួយផ្នែកដើម្បីរ៉ាប់រងការមើលថែកុមារ... មកទល់នឹងពេលនេះមានចំនួន ១៤២ នាក់ហើយ ដែលលោក Nhat បានជួយចិញ្ចឹម។ ថ្មីៗបំផុតគឺករណីកុមារ Dinh Thien Tam ដែលលោកបាន “រើស” នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ ថ្ងៃនោះមានគេមកប្រាប់លោក Nhat ថាបានប្រទះឃើញទារកដែលគេបោះបង់ចោលនៅវាលស្រែ។ ដោយមិនស្ទាក់ស្ទើរ គាត់បានរត់ទៅវាលស្រែភ្លាមៗ ឃើញក្មេងរុំដោយកន្ទបស្តើង រាងកាយរបស់កុមារស្លេក ដង្ហើមរបស់ខ្សោយណាស់ហើយ  គាត់ក៏បានយកកុមារទៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយពេលពិនិត្យរួច គ្រូពេទ្យបាននិយាយថា ឱកាសលទ្ធភាពរស់រានមានជីវិតរបស់ទារកមានកម្រិតទាបណាស់ ដែលធ្វើឲ្យគាត់មានការឈឺចិត្តណាស់ និងចេះតែបន់ស្រន់ឲ្យកូនរបស់គាត់បានរស់រានមានជីវិត។ ដោយក្តីស្រឡាញ់ ក្តីសង្ឃឹម និងបំណងប្រាថ្នាដ៏មុតមាំរបស់ឪពុក កុមារ Dinh Thien Tam បានយកឈ្នះគ្រាដ៏គ្រោះថ្នាក់ដូចជាអព្ភូតហេតុមួយ។ ពេលនេះប្អូនមានអាយុជាង៣ខែហើយគួរឲ្យស្រលាញ់និងមានសុខភាពល្អ។

ជីវិតបានបន្តទៅមុខទៀត ដោយមិននឹកស្មានដល់អំឡុងពេលពិនិត្យសុខភាព លោក Nhat បានរកឃើញថា គាត់មានដុំសាច់ក្នុងខួរក្បាល។ ទោះជាយ៉ាងណា លោកបានប្ដេជ្ញាថានឹងមិនវះកាត់ទេ ប៉ុន្តែសន្សំថវិកាសម្រាប់ការសិក្សារបស់កូនៗ។ “ពេលឪពុកខ្ញុំឈឺ គាត់បានលាក់វាពីយើងខ្ញុំ។ ពេលពេទ្យហៅពួកយើងទើបដឹងថាឪពុកខ្ញុំទ្រាំនឹងការឈឺចាប់ជាយូរមកហើយ សូម្បីតែពេលទៅពេទ្យក៏ហូបតែនំប៉័ង និងទឹកដោះគោមួយកំប៉ុង សន្សំប្រាក់មើលថែកូនៗ លោក Dinh Trung អាយុ ២៦ ឆ្នាំ ជាកូនម្នាក់ដែលបានចិញ្ចឹមដោយលោក Nhat បាននិយាយ។ ទោះបីជាលោកមានជំងឺក៏ដោយ លោក Nhat តែងតែព្យាយាមធ្វើឲ្យប្រាកដថាកូនរបស់លោកមិនរងទុកលំបាកទេ។ ដោយទទួលបានការចិញ្ចឹម បង្រៀនយ៉ាងយកចិត្តទុកដាក់ពីលោក កូនៗបានធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មានប្អូនៗ ៤ នាក់បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យចំនួន៤នាក់ និស្សិតសិក្សានៅសាកលវិទ្យាល័យចំនួន១៣នាក់ និងនិស្សិតចំនួន១៧នាក់កំពុងសិក្សាវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទោះបីគាត់មានកូនចិញ្ចឹមចំនួន ១៤២ នាក់ក៏ដោយក៏លោក Nhat មិនដែលហៅឈ្មោះកូនច្រឡំទេ ព្រោះកូនម្នាក់ៗជាការចងចាំ និងក៏ជាសញ្ញាសម្គាល់នៃជីវិតរបស់គាត់...៕

បកប្រែដោយ Minh Trung