វៀតណាមជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ទេសចរអ៊ីស្រាអែល
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ទេសចរណ៍ International Mediterranean Tourism Market - IMTM លើកទី៣២ ដែលប្រារព្ធឡើងនៅទីក្រុង Tel Aviv (អ៊ីស្រាអែល) នាយប់ថ្ងៃទី ១ ខែកុម្ភៈ ក្រុមហ៊ុន Authentic Asia DMC សហការជាមួយក្រុមហ៊ុន Little Hoi An ក្រុមហ៊ុន Vietstar Cruises Investment JSC និងក្រុមហ៊ុន Destination Chase បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ "វៀតណាម - គោលដៅទេសចរណ៍ដ៏ល្អសម្រាប់ទេសចរអ៊ីស្រាអែល" នៅសណ្ឋាគារ Leonardo Plaza City Tower។
ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល លោក Le Thai Hoa ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអ៊ីស្រាអែល តំណាងមកពីក្រុមហ៊ុនអាកាសចរណ៍ Arkia Airlines និងប្រតិភូអ៊ីស្រាអែលប្រមាណ ៨០ នាក់។
នៅក្នុងសិក្ខាសាលានេះ ភាគីទាំងឡាយបានធ្វើបច្ចុប្បន្នភាពសក្តានុពលទេសចរណ៍របស់វៀតណាម បង្ហាញអំពីសេវាកម្មទេសចរណ៍ លទ្ធភាពនៃការអភិវឌ្ឍផលិតផល និងពិភាក្សាអំពីទិសដៅសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍផលិតផលដែលសមស្របទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរអ៊ីស្រាអែលសម្រាប់ដំណាក់កាល ២០២៦-២០២៧។
    |
 |
|
ទីក្រុង Da Nang ជាគោលដៅទេសចរណ៍ឈានមុខគេមួយនៅក្នុងតំបន់ និងពិភពលោក (រូបថត៖ vnanet.vn) |
ដោយកោតសរសើរចំពោះភាពសកម្មរបស់ធុរកិច្ចវៀតណាមនៅក្នុង IMTM លើកទី ៣២ លោក Le Thai Hoa បានកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ធុរកិច្ចទេសចរណ៍វៀតណាមក្នុងការត្រួសត្រាយផ្លូវក្នុងការស្វែងយល់អំពីទីផ្សារអ៊ីស្រាអែល បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (VIFTA) ចូលជាធរមាន។ វត្តមានរបស់ធុរកិច្ចវៀតណាមនៅក្នុង IMTM លើកទី៣២ មិនត្រឹមតែជួយជំរុញវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាស្ពានដ៏សំខាន់សម្រាប់ភ្ញៀវទេសចរអ៊ីស្រាអែលយល់ដឹងកាន់តែច្បាស់អំពីប្រទេសវៀតណាមដែលស្វាហាប់ និងសម្បូរទៅដោយវប្បធម៌ផងដែរ។
IMTM គឺជាពិព័រណ៍ទេសចរណ៍វិជ្ជាជីវៈធំបំផុតនៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់មេឌីទែរ៉ាណេ ដែលបានប្រារព្ធឡើងជាបន្តបន្ទាប់អស់រយៈពេលជាង ៣០ ឆ្នាំ។ ពិព័រណ៍នៅឆ្នាំនេះបានធ្វើឡើងជាផ្លូវការចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកុម្ភៈ នៅមជ្ឈមណ្ឌលពិព័រណ៍ Expo Tel Aviv ដោយមានស្តង់ជិត ២០០ និងមានការចូលរួមពីអ្នកតំណាងរាប់ពាន់នាក់មកពីជាង ៥០ ប្រទេស។ ការចូលរួមរបស់ធុរកិច្ចទេសចរណ៍វៀតណាម គឺជាជំហានដ៏សំខាន់មួយក្នុងការផ្សព្វផ្សាយរូបភាពនៃវិស័យទេសចរណ៍វៀតណាមនៅក្នុងទីផ្សារមជ្ឈិមបូព៌ា-មេឌីទែរ៉ាណេ៕
បកប្រែដោយ Thuy Anh