ពិធីបុណ្យវប្បធម៌ ម្ហូបអាហារអន្តរជាតិឆ្នាំ២០២៥ បញ្ជូនសារអំពីមនុស្សធម៌
កប.អនឡាញ - នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ ពិធីបុណ្យវប្បធម៌ ម្ហូបអាហារអន្តរជាតិឆ្នាំ២០២៥ បានបើកជាផ្លូវការក្រោមអធិបតីភាពរបស់លោកស្រី Le Nguyet Anh ភរិយារបស់លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម។
ក្រោមប្រធានបទ "ពិធីបុណ្យវប្បធម៌ ម្ហូបអាហារអន្តរជាតិឆ្នាំ២០២៥៖ ពួតដៃគ្នាជួយគាំទ្រប្រជាជននៅតំបន់រងឥទ្ធិពលដោយសារព្យុះ និងទឹកជំនន់" ព្រឹត្តិការណ៍ឆ្នាំនេះត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំ ដោយមានការចូលរួមពីស្ថាប័នបរទេស អង្គការអន្តរជាតិ ធុរកិច្ច និងសហគមន៍ជនបរទេសជាច្រើននៅទីក្រុងហាណូយ។
ព្រឹត្តិការណ៍នេះមិនត្រឹមតែជាឱកាសបង្ហាញពីម្ហូបអាហារពិភពលោកប៉ុណ្ណោះទេ ថែមទាំងបញ្ជូនសារអំពីមនុស្សធម៌ផងដែរ៖ ផ្សព្វផ្សាយស្មារតីនៃការចែករំលែក និងការពួតដៃគ្នាជួយគាំទ្រប្រជាជននៅក្នុងខេត្តនានាដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយព្យុះ និងទឹកជំនន់នៅភាគកណ្តាលវៀតណាម។
    |
 |
|
គណៈកម្មការរៀបចំប៉ាន់ប្រមាណថា មានភ្ញៀវទេសចរជិត ២០,០០០ នាក់មកទស្សនា និងទទួលទានមុខម្ហូបរបស់ប្រទេសជាច្រើននៅក្នុងពិធីបុណ្យ (រូបថត៖ baoquocte.vn) |
នៅក្នុងពិធីបើក លោកស្រី Le Nguyet Anh បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៤ មក ពិធីបុណ្យវប្បធម៌ ម្ហូបអាហារអន្តរជាតិបានហួសពីក្របខ័ណ្ឌនៃសកម្មភាពផ្លាស់ប្តូរធម្មតា ដើម្បីក្លាយជានិមិត្តរូបនៃស្មារតីមិត្តភាព ការចែករំលែក និងសាមគ្គីភាពអន្តរជាតិនៅទីក្រុងហាណូយ។ ស្តង់នីមួយៗម្ហូបនីមួយៗ រឿងរ៉ាវវប្បធម៌នីមួយៗ រួមចំណែកដល់ការកសាងស្ពានតភ្ជាប់ និងជាកន្លែងដែលចំណងមិត្តភាពរវាងវៀតណាម និងមិត្តភក្តិអន្តរជាតិត្រូវបានពូនជ្រំដោយភាពស្មោះត្រង់ និងទឹកចិត្តមេត្តធម៌។
ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យឆ្នាំនេះ គណៈកម្មការរៀបចំបានផ្តល់អំណោយដល់ប្រជាជននៅតាមខេត្តនានាដែលរងឥទ្ធិពលដោយសារព្យុះ និងទឹកជំនន់។ នេះគឺជាទង្វើជាក់ស្តែងដែលបង្ហាញពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងផ្សព្វផ្សាយទឹកចិត្តមេត្តធម៌ និងការទទួលខុសត្រូវសម្រាប់សហគមន៍របស់អ្នកការទូត ធុរកិច្ច និងមិត្តភក្តិអន្តរជាតិនៅវៀតណាម។
ពិធីបុណ្យវប្បធម៌ ម្ហូបអាហារអន្តរជាតិឆ្នាំ២០២៥ បានបង្ហាញថា ទន្ទឹមនឹងការផ្លាស់ប្តូរវប្បធម៌ និងការទទួលទានម្ហូបអាហារ ព្រឹត្តិការណ៍ក៏ជាស្ពានតភ្ជាប់ប្រជាជាតិ មនោសញ្ចេតនាអន្តរជាតិ និងផ្សព្វផ្សាយស្មារតីនៃការចែករំលែកដល់សហគមន៍៕
បកប្រែដោយ Thuy Anh