វៀតណាមដើរតួនាទីសំខាន់នៅក្នុងដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ GMS
កប.អនឡាញ - ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា នៅខេត្ត Ninh Binh ប្រទេសវៀតណាមបានធ្វើម្ចាស់ផ្ទះកិច្ចប្រជុំលើកទី ៥៦ នៃក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ (GMS) និងកិច្ចប្រជុំនៃក្រុមប្រឹក្សាភិបាលការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO)។ កិច្ចប្រជុំទាំងនេះមានគោលបំណងបង្កើត និងអនុវត្តផែនការធ្វើម៉ាឃីតធីង (Marketing) ទេសចរណ៍ GMS សម្រាប់ដំណាក់កាល ២០២៦-២០៣០។
ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីតំណាងអន្តរជាតិជិត ៧០ នាក់ (ផ្ទាល់ និងតាមប្រព័ន្ធវីដេអូ) មកពីភ្នាក់ងារទេសចរណ៍ជាតិនៃប្រទេសនានាក្នុងមហាអនុតំបន់ រួមជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាអង្គការលើកឡើងផ្តួចផ្តើមគំនិតនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់ GMS នៅឆ្នាំ ១៩៩២ ជាមួយអង្គការដៃគូអន្តរជាតិផ្សេងទៀត។
    |
 |
|
ប្រតិភូមកពីប្រទេសទាំង ៦ គឺវៀតណាម ថៃ មីយ៉ាន់ម៉ា ឡាវ ចិន និងកម្ពុជា នៅក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា (រូបថត៖ vietnamplus.vn) |
ក្នុងឱកាសធ្វើជាអធិបតីនៃកិច្ចប្រជុំលើកដំបូង (ថ្ងៃទី១៧ ខែវិច្ឆិកា) លោកស្រី Nguyen Thi Hoa Mai អនុប្រធាននាយកដ្ឋានទេសចរណ៍ជាតិ បានអះអាងថា ស្ថានភាពទេសចរណ៍អន្តរជាតិនៅលើពិភពលោក ក៏ដូចជានៅក្នុងមហាអនុតំបន់មេគង្គ បានងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។ ប៉ុន្តែវិស័យទេសចរណ៍នៅតែប្រឈមមុខនឹងបញ្ហាភូមិសាស្ត្រនយោបាយ អស្ថិរភាពសេដ្ឋកិច្ច ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅទូទាំងពិភពលោក រួមជាមួយនឹងការចំណាយប្រតិបត្តិការខ្ពស់ និងកត្តាជាច្រើនទៀត។ តាមរយៈការអនុម័តលើយុទ្ធសាស្ត្រទេសចរណ៍ GMS ឆ្នាំ២០៣០ ក្រុមនេះកំពុងផ្តោតលើការកសាង និងអនុវត្តផែនការ Marketing ទេសចរណ៍ GMS ដោយផ្អែកលើទិន្នន័យ និងកិច្ចសហប្រតិបត្តិការសម្រាប់ដំណាក់កាល ២០២៦-២០៣០។
ផែនការនេះរួមមានសកម្មភាពសំខាន់ៗចំនួន៤៖ ការអភិវឌ្ឍ និងការផ្សព្វផ្សាយដំណើរការទេសចរណ៍អន្តរប្រទេស; ការជម្រុញទេសចរណ៍ប្រកបដោយចីរភាព និងការឆ្លងបទពិសោធន៍ដែលមានទំនួលខុសត្រូវ; ការបង្កើនការចែករំលែកទិន្នន័យ ស្ថិតិ និងព័ត៌មានទីផ្សារ; ការលើកកម្ពស់តួនាទីរបស់វេទិកាទេសចរណ៍មេគង្គ (MTF) ក្នុងទម្រង់សហប្រតិបត្តិការវាងសាធារណៈ និងឯកជន។
នៅក្នុងកិច្ចប្រជុំនេះ តំណាងនៃប្រទេសទាំង ៦ បានចែករំលែកទិន្នន័យឌីជីថលសំខាន់ៗជាច្រើន ដែលអាចរួមចំណែកយ៉ាងសំខាន់ដល់ឃ្លាំងទិន្នន័យរួម។ ចំណុចសំខាន់មួយទៀតនៃកិច្ចប្រជុំនេះគឺការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់តួនាទីរបស់វិស័យឯកជនក្នុងដំណើរការកសាង និងអនុវត្តគំនិតផ្តួចផ្តើម marketing រួមគ្នា។
លទ្ធផលទាំងនេះមិនត្រឹមតែរួមចំណែកដល់ការបង្កើនការតភ្ជាប់ក្នុងមហាអនុតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីតួនាទីរបស់វៀតណាមក្នុងការសម្របសម្រួល និងជម្រុញកិច្ចសហប្រតិបត្តិការទេសចរណ៍ GMS ផងដែរ៕
បកប្រែដោយ Thuy Anh