អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្ត្រីអាចចែករំលែកខ្លឹមសារនៃសេចក្តីសម្រេចដែលស្នើឡើងដោយវៀតណាមបានទេ?

លោក Ngo Le Van អនុរដ្ឋមន្ត្រី៖ នេះគឺជាសេចក្តីសម្រេចមួយដែលស្នើឡើងតាមគំនិតផ្តួចផ្តើមរបស់វៀតណាម ក្រោមការឧបត្ថម្ភពីប្រទេសចំនួន ៧១។ គំនិតផ្តួចផ្តើមនេះសង្កត់ធ្ងន់លើតួនាទីស្នូលនៃវប្បធម៌ជាមូលដ្ឋានគ្រឹះនៃអត្តសញ្ញាណ ជាប្រភពនៃការផ្លាស់ថ្មី ជាសសរស្តម្ភនៃការអភិវឌ្ឍប្រកបដោយចីរភាព និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសម័យកាល។ សេចក្តីសម្រេចនេះអំពាវនាវឱ្យអង្គការសហប្រជាជាតិចាប់ផ្តើមទសវត្សរ៍អន្តរជាតិមួយ ដើម្បីបង្កើតការផ្លាស់ប្តូរអំពីតួនាទីនៃវប្បធម៌ និងជំរុញសកម្មភាពគ្រប់កម្រិត ដើម្បីកៀរគរធនធាន បង្កើនការវិនិយោគលើការអប់រំបេតិកភណ្ឌ ការអប់រំវប្បធម៌ និងសិល្បៈ ឧស្សាហកម្មវប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិតដែលផ្សាផ្ជាប់នឹងជីវភាពរស់នៅប្រកបដោយចីរភាព បង្កើនការទទួលបានវប្បធម៌ប្រកបដោយសមភាពគ្នា កិច្ចសន្ទនាអន្តរវប្បធម៌ វប្បធម៌ឌីជីថល ការអនុវត្តចំណេះដឹងវប្បធម៌ក្នុងការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន... ឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព និងវិបុលភាពសម្រាប់ប្រជាជនគ្រប់រូប។

leftcenterrightdel
លោក Ngo Le Van អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម មានប្រសាសន៍នៅក្នុងមហាសន្និបាត UNESCO លើកទី៤៣

ក្រោយពីរយៈពេលជិត ៤០ ឆ្នាំបន្ទាប់ពីទសវត្សរ៍អន្តរជាតិសម្រាប់ការអភិវឌ្ឍវប្បធម៌ ១៩៨៨-១៩៩៧ នេះជាលើកដំបូងដែលអង្គការ UNESCO បានយល់ព្រមចាប់ផ្តើមទសវត្សរ៍អន្តរជាតិថ្មីមួយដែលទាក់ទងនឹងវប្បធម៌។ គំនិតផ្តួចផ្តើមនេះត្រូវបានវាយតម្លៃខ្ពស់ដោយអគ្គនាយកអង្គការ UNESCO ក៏ដូចជាប្រទេសជាសមាជិក ពីព្រោះវាស្របនឹងយុទ្ធសាស្ត្ររបស់អង្គការ UNESCO និងការយកចិត្តទុកដាក់រួមនាពេលបច្ចុប្បន្ន ដោយលើកកម្ពស់តួនាទីជាអ្នកត្រួសត្រាយផ្លូវរបស់អង្គការ UNESCO ក្នុងការនាំវប្បធម៌ក្លាយជាសសរស្តម្ភឯករាជ្យដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសនីមួយៗ និងនៅលើពិភពលោក ជាកម្លាំងចលករសម្រាប់ការរក្សាសន្តិភាព ជំរុញឧស្សាហកម្មច្នៃប្រឌិត ការការពារភាពចម្រុះវប្បធម៌ និងកំណើនសេដ្ឋកិច្ចបរិយាប័ន្ន និងផ្សាភ្ជាប់សង្គម។

អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្ត្រីអាចវាយតម្លៃសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះបានទេ?

លោក Ngo Le Van អនុរដ្ឋមន្ត្រី៖ គំនិតផ្តួចផ្តើមនេះរួមចំណែកដល់ការអនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាមស្តីពីការផ្តល់តម្លៃដល់វប្បធម៌ ការទូតវប្បធម៌ និងការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី។ វប្បធម៌គឺជាមូលដ្ឋានគ្រឹះ ធនធាន កម្លាំងខាងក្នុង និងជាកម្លាំងចលករដ៏អស្ចារ្យ សម្រាប់ការអភិវឌ្ឍសង្គមប្រកបដោយចីរភាព លើកកម្ពស់ការរស់ឡើងវិញ និងការអភិវឌ្ឍវប្បធម៌វៀតណាមក្នុងយុគសម័យថ្មី។ វៀតណាមបន្តលើកកម្ពស់ការទូតវប្បធម៌ ការធ្វើអន្តរជាតិនីយកម្មវប្បធម៌ដែលពោរពេញទៅដោយអត្តសញ្ញាណជាតិវៀតណាម និងធ្វើសមាហរណកម្មជាមួយតម្លៃអរិយធម៌ពិភពលោក ដែលរួមចំណែកដល់អរិយធម៌មនុស្សជាតិ។

គំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើង និងអនុវត្តនៅលើមូលដ្ឋានរឹងមាំនៃគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មដែលបង្ហាញពីភាពសកម្ម វិជ្ជមាន និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅរបស់វៀតណាមដើម្បីផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ។ គំនិតផ្តួចផ្តើមនេះគឺជាការរួមចំណែកដ៏សំខាន់មួយ ដែលបង្ហាញពីតួនាទីស្នូល និងការដឹកនាំរបស់វៀតណាមក្នុងការកំណត់អាទិភាពអភិវឌ្ឍន៍សកល ក្នុងស្មារតីនៃសេចក្តីសម្រេចលេខ ៥៩-NQ/TW ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយស្តីពីការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី។

leftcenterrightdel
គណៈប្រតិភូវៀតណាមចូលរួមមហាសន្និបាត UNESCO លើកទី៤៣

នេះគឺជាគំនិតផ្តួចផ្តើមទ្រង់ទ្រាយធំដំបូងគេដែលវៀតណាមបានផ្តួចផ្តើមនៅអង្គការ UNESCO បន្ទាប់ពីបានចូលរួមក្នុងអង្គការនេះអស់រយៈពេលជាច្រើនឆ្នាំ។ ប្រសិនបើត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ នេះនឹងមិនត្រឹមតែជាការរួមចំណែកជាយុទ្ធសាស្ត្ររបស់វៀតណាមចំពោះអង្គការ UNESCO ដែលបញ្ជាក់ពីតួនាទីដឹកនាំរបស់អង្គការ UNESCO ក្នុងវិស័យវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាគំនិតផ្តួចផ្តើមដែលមានសញ្ញាសម្គាល់របស់វៀតណាមនៅកម្រិតសកលលោក ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីបង្កើតអនាគតប្រកបដោយសន្តិភាព វិបុលភាព និងមនុស្សធម៌។

អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្ត្រីមានយោបល់យ៉ាងណាចំពោះការដែលវៀតណាមត្រូវបានជ្រើសរើសជាអនុប្រធាននៃមហាសន្និបាត UNESCO លើកទី៤៣?

លោកអនុរដ្ឋមន្ត្រី៖ ការបោះឆ្នោតជ្រើសរើសវៀតណាមជាអនុប្រធាននៃមហាសន្និបាត UNESCO នៅក្នុងសម័យប្រជុំលើកទី៤២ និងទី៤៣ ជាប់ៗគ្នា បង្ហាញពីឋានៈ កិត្យានុភាព និងសមត្ថភាពរបស់វៀតណាមកាន់តែខ្លាំងឡើងក្នុងការចូលរួមចំណែកដល់ស្ថាប័នពហុភាគីសកល ព្រមទាំងបញ្ជាក់ពីការគាំទ្រ និងការជឿទុកចិត្តពីសហគមន៍អន្តរជាតិចំពោះតួនាទីយ៉ាងសកម្ម ការទទួលខុសត្រូវ និងសមត្ថភាពប្រតិបត្តិការរបស់វៀតណាមនៅក្នុងស្ថាប័នពហុភាគីសកល ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃអង្គការ UNESCO។

នេះបន្តបញ្ជាក់ពីគោលនយោបាយការបរទេសត្រឹមត្រូវរបស់បក្ស និងរដ្ឋវៀតណាមស្តីពីពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្ម និងការធ្វើសមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ ស៊ីជម្រៅ មានប្រសិទ្ធភាព ការជំរុញ និងលើកកម្ពស់ការទូតពហុភាគី។ ក្នុងនាមជាអនុប្រធាននៃមហាសន្និបាត UNESCO លើកទី៤៣ វៀតណាមបន្តចូលរួមក្នុងពេលដំណាលគ្នានៅក្នុងយន្តការប្រតិបត្តិការសំខាន់ៗចំនួន ៦ របស់ UNESCO៖ អនុប្រធាន និងជាសមាជិកនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៥ ស្តីពីការការពារ និងលើកកម្ពស់ភាពចម្រុះនៃការបញ្ចេញមតិវប្បធម៌; អនុប្រធាន និងជាសមាជិកនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីការការពារបេតិកភណ្ឌវប្បធម៌អរូបីឆ្នាំ២០០៣; និងជាសមាជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។

តួនាទីរបស់វៀតណាមជាអនុប្រធាននៃមហាសន្និបាត UNESCO លើកទី៤៣ គឺជាឱកាសមួយសម្រាប់វៀតណាមក្នុងការបន្តរួមចំណែកកាន់តែសកម្ម វិជ្ជមាន និងជាក់ស្តែងចំពោះបញ្ហាអន្តរជាតិដែល UNESCO មានការយកចិត្តទុកដាក់ ក៏ដូចជាជំរុញកម្មវិធី និងទិសដៅសំខាន់ៗរបស់ UNESCO ក្នុងវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងព័ត៌មានផ្សព្វផ្សាយ រួមចំណែកដល់អរិយធម៌មនុស្សជាតិ។ ទន្ទឹមនឹងនោះ វៀតណាមមានឱកាសទាញយកអត្ថប្រយោជន៍ពីបញ្ញា គំនិត និងគំនិតផ្តួចផ្តើមរបស់ UNESCO ដើម្បីអនុវត្តសេចក្តីសម្រេចជាយុទ្ធសាស្ត្រ បម្រើបុព្វហេតុនៃការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងយុគសម័យនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងវិបុលភាព។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Huyen Trang