សិល្បករចូលរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ
កប.អនឡាញ - ដោយមានចំណង់ចំណូលចិត្ដបទចម្រៀង និងចង្វាក់របាំប្រពៃណីនៃជនជាតិខ្មែរតាំងពីអាយុ ១១ ឆ្នាំ សិល្បករឆ្នើម Danh Be នៅភូមិ Hoa Thien ឃុំ Dinh Hoa ស្រុក Go Quao (ខេត្ដ Kien Giang) បានធ្វើដំណើរតាមពូ និងបងៗក្នុងឃុំទៅមើលការសម្តែង តាមរយៈនោះ រៀនយកបទពិសោធន៍ជាច្រើនក្នុងរបៀបច្រៀង របៀបរាំ។ ការជក់ចិត្តនឹងចម្រៀងបានជំរុញឱ្យគាត់ចូលរួមចលនាវប្បធម៌ពីថ្នាក់ភូមិរហូតដល់ថ្នាក់ឃុំ។
តាមសិល្បករឆ្នើម Danh Be ការផ្សារភ្ជាប់ជាមួយសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរមិនត្រឹមតែមានចំណង់ចំណូលចិត្ដប៉ុណ្ណោះទេ ថែមទាំងមានទំនួលខុសត្រូវក្នុងការអភិរក្សសិល្បៈនៃជនជាតិទៀតផង។
លោក Danh Be បានចែករំលែកថា៖ “ខ្ញុំបានបង្កើតក្រុមសិល្បៈខ្មែរក្នុងបំណងចង់អភិរក្សនិងលើកស្ទួយសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរ។ ដោយឡែកនៅឃុំ Dinh Hoa កុមារមានទេពកោសល្យនិងចូលចិត្តច្រៀងត្រូវបានខ្ញុំណែនាំ តាំងពីតូច រហូតដល់ធំដឹងក្តីឡើង ក្មួយៗជាច្រើនត្រូវបានអញ្ជើញទៅសម្តែងសិល្បៈដើម្បីបម្រើជនរួមជាតិខ្មែរ។
    |
 |
|
សិល្បករឆ្នើម Danh Be បង្រៀនរាំដល់សមាជិកក្រុមសិល្បៈខ្មែរ |
ដោយមានទេពកោសល្យនិងបទពិសោធន៍ក្នុងអំឡុងពេលដែលគាត់បានសម្តែងនៅក្រុមសិល្បៈខ្មែរ Kien Giang លោក Danh Be មានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីចង្វាក់របាំ និងបទចម្រៀងប្រពៃណីខ្មែរ។ តាមរយៈនោះ គាត់បាននិពន្ធបទភ្លេង របាំដោយខ្លួនឯង។ មកទល់ពេលនេះ លោក Danh Be បាននិពន្ធរបាំជាង ៤០ និងបទចម្រៀងជាភាសាខ្មែរចំនួន ២០ បទ ដែលបទចម្រៀងខ្លះត្រូវបានបកប្រែជាភាសាវៀតណាម។
ក្រុមសិល្បៈខ្មែររបស់សិល្បករឆ្នើម Danh Be បច្ចុប្បន្នមានអ្នកចម្រៀង និងតន្ត្រីករជិត ៥០ នាក់ ដែលមានអាយុខុសៗគ្នា។ នៅទីនេះ សមាជិកត្រូវបានរៀនរបាំដូចជា អប្សរា រាំស្គរ រាំវង់... ដើម្បីថែរក្សាប្រតិបត្ដិការរបស់ក្រុមសិល្បៈ លោក Danh Be និងសមាជិកនៃក្រុមបានស្ម័គ្រចិត្តចូលរួមវិភាគទានតាមលទ្ធភាពរបស់ពួកគេដើម្បីទិញឧបករណ៍តន្ដ្រី សំលៀកបំពាក់ និងឧបករណ៍ចាំបាច់សម្រាប់បំរើការសំដែង និងការហ្វឹកហាត់របស់ក្រុម។
លោក Pham Thanh Hai ប្រធានគណៈកម្មាធិការប្រជាជនឃុំ Dinh Hoa បានឲ្យដឹងថា៖ “ក្រុមសិល្បៈខ្មែររបស់សិល្បករឆ្នើម Danh Be គឺជាកម្លាំងស្នូលនៃចលនាវប្បធម៌និងសិល្បៈរបស់ឃុំ រួមចំណែកអភិរក្ស និងអភិវឌ្ឍសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរ។ តាមរយៈការសម្តែងនៃក្រុមសិល្បៈខ្មែរ យុវជនដែលមានទេពកោសល្យជាច្រើនត្រូវបានជ្រើសរើសចូលរួមក្នុងក្រុមសិល្បៈខ្មែររបស់ខេត្ដជាដើម៕
បកប្រែដោយ Pham Diep