នៅក្នុងសារមួយដែលត្រូវបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់អង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ  លោក Antonio Guterres បានបញ្ជាក់ថា ការរីករាលដាលនៃវីរុស SARS-CoV-2 ធ្វើឱ្យវិសមភាពកាន់តែខ្លាំងឡើងដែលស្ត្រី និងកុមារីត្រូវតែប្រឈមមុខស្ទើរតែគ្រប់វិស័យនៃជីវិត ។ លោក Antonio Guterres បានសង្កត់ធ្ងន់ថា“  ការរីករាលដាលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់លទ្ធផលជាវិជ្ជមានលើសមភាពយេនឌ័រ ដែលពិភពលោកសម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំ”។

leftcenterrightdel
នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ លោកស្រីអេនជេឡាមឺរែល

យោងតាមការិយាល័យស្ថិតិទូទៅរបស់អង្គការសហប្រជាជាតិ ស្ត្រីមានចំនួនច្រើនជាងគេគឺបុគ្គលិកពេទ្យ និងបុគ្គលិកសុខាភិបាល។ នៅពេលវិបត្តិ Covid-19 បានផ្ទុះឡើង ពួកគាត់ទាំងនេះបានឈរនៅជួរមុខដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាល ហើយប្រឈមមុខនឹងការកើនឡើងនូវបន្ទុកការងារ និងគ្រោះថ្នាក់ដែលមិនធ្លាប់មានពីមុនមក។ លើសពីនេះទៅទៀត ទោះបីត្រូវមើលថែក្រុមគ្រួសារ និងធ្វើកិច្ចការផ្ទះច្រើនថែមទៀតដោយសារការហាមឃាត់ក្នុងសង្គម និងបទបញ្ជាឱ្យនៅដាច់ដោយឡែកពីគ្នាក្នុងពេលមានជំងឺរាតត្បាតនោះ  ស្ត្រីនៅតែក្លាយជាជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងត្រូវធ្វើការងារដែលមានប្រាក់ខែទាប។

ប្រមុខនៃអង្គការពហុភាគីធំបំផុតនៅលើពិភពលោកបានដាក់ចេញនូវអាទិភាពមួយចំនួនដែលប្រទេសនានាត្រូវអនុវត្ដជាបន្ទាន់ និងយកចិត្តទុកដាក់បំផុតដើម្បីលុបបំបាត់វិសមភាពយេនឌ័រ រួមទាំងការតំណាងស្មើភាពគ្នានៅក្នុងជីវិតសេដ្ឋកិច្ចសង្គម ការលុបបំបាត់ឧបសគ្គនានាដើម្បីស្ត្រីចូលរួមពេញលេញចូលនៅក្នុងសេដ្ឋកិច្ច លុបបំបាត់ការរើសអើង។ “ ដល់ពេលត្រូវកសាងអនាគតស្មើភាពគ្នាសម្រាប់មនុស្សទាំងអស់” នេះជាការអះអាងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។

យល់ស្របជាមួយការអះអាងខាងលើ នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ លោកស្រីអេនជេឡាមឺរែល បានព្រមានពីហានិភ័យនៃការផ្លាស់ប្តូរវឌ្ឍនភាពដែលបានធ្វើលើសមភាពយេនឌ័រ ហើយបាននិយាយថា ប្រទេសនានាត្រូវការគាំទ្រស្ត្រីបន្ថែមទៀត ដូច្នេះការរីករាលដាលជំងឺ Covid-19 មិនរារាំងធ្វើឱ្យពិភពលោកឱ្យវិលត្រឡប់ទៅរកទម្រង់យេនឌ័រចាស់ទេ។ លោកស្រី Merkel បានមានសារមួយដែលត្រូវបានផ្សព្វផ្សាយនៅមុនទិវានារីអន្តរជាតិថា“ វិបត្តិសុខភាពសកលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ស្ត្រីក្នុងឆ្នាំនេះ។  ក្នុងកំឡុងពេល Covid-19 ស្ត្រីគឺជាអ្នកដែលត្រូវធានាឱ្យមានតុល្យភាពរវាងការងារ និងគ្រួសារ ក៏ដូចជាកម្លាំងពលកម្មដ៏សំខាន់នៅជួរមុខសម្រាប់ការការពារ និងគ្រប់គ្រងជំងឺនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាពនានា ។ លោកស្រី Merkel មានប្រសាសន៍ថា ការងារទាំងនេះធ្វើឱ្យស្ត្រីប្រឈមនឹងបញ្ហាដែលមិនធ្លាប់មាន។

លោកស្រីនាយករដ្ឋមន្រ្តី ក៏បានស្វាគមន៍ចំពោះច្បាប់ថ្មីៗនេះដែលតម្រូវឱ្យគ្រប់ក្រុមហ៊ុនអាឡឺម៉ង់ដែលមានផ្សាយភាគហ៊ុន​លើទីផ្សារភាគហ៊ុននោះ ត្រូវបង្កើនសមាមាត្រនៃអ្នកដឹកនាំជាស្ត្រីនៅលើក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួន។ មេដឹកនាំរូបនេះក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការគាំទ្រស្ត្រីបន្ថែមទៀតដែលរួមមានការបង្កើនចំនួនកន្លែងថែទាំកុមារ និងប្រាក់ខែស្មើគ្នា។ កាសែត DW គូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសអាល្លឺម៉ង់ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានគម្លាតប្រាក់ខែយេនឌ័រធំជាងគេនៅក្នុងសហភាពអឺរ៉ុប (EU) ។

របាយការណ៍ប្រចាំឆ្នាំចុងក្រោយរបស់គណៈកម្មការអឺរ៉ុប (EC) ក៏បានចង្អុលបង្ហាញថា ស្ត្រីគឺជាមុខសញ្ញាងាយរងគ្រោះយ៉ាងខ្លាំងនៅក្នុងទីផ្សារការងារដែលត្រូវបានរងផលប៉ះពាល់ដោយការរីករាលដាល។ យោងតាមការស្ថិតិរបស់ EC សមាមាត្រពលករដែលអាចវិលត្រឡប់ទៅធ្វើការវិញនៅរដូវក្តៅឆ្នាំ ២០២០ នៅបណ្តាប្រទេសសមាជិក EU គឺ ១.៤% សម្រាប់បុរស ប៉ុន្តែមានតែ ០.៨% សម្រាប់ស្ត្រី។ របាយការណ៍បាននិយាយថា វាអាចចំណាយពេលច្រើនឆ្នាំ ឬរាប់ទសវត្សរ៍ដើម្បីជំនះឧបសគ្គនៅក្នុងសមភាពយេនឌ័រ ដែលបណ្តាលមកពីការរីករាលដាលនៃ Covid-19 ។

ដូច្នេះអនុប្រធាន EC លោក Vera Jourova និងឧត្តមស្នងការអឺរ៉ុបទទួលបន្ទុកបញ្ហាសមភាពយេនឌ័រ លោកស្រី Helena Dalli បានសង្កត់ធ្ងន់ថា សហគមន៍អឺរ៉ុបគួរតែដាក់ស្ត្រីនៅបេះដូងនៃដំណើរការស្តារក្រោយ Covid-19 ព្រមទាំងអំពាវនាវដល់គ្រប់ប្រទេសជាសមាជិកត្រូវតែរួមបញ្ចូលសមភាពយេនឌ័រក្នុងការវិនិយោគដែលផ្តល់ហិរញ្ញប្បទានដោយផែនការស្តារសេដ្ឋកិច្ចរបស់ប្លុករួម។

បន្ថែមលើហានិភ័យនៃការវិលត្រឡប់សមិទ្ធិផលសមភាពយេនឌ័រដោយសារការរាតត្បាតពិភពលោក ក៏មានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនលើបញ្ហានេះ ជាពិសេសកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសិទ្ធិរបស់ស្ត្រី។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអន្តរសភាពិភពលោក (IPU) បានបង្ហាញថា ចំនួនស្ត្រីនៅក្នុងសភានៅទូទាំងពិភពលោកបានកើនឡើងដល់ជាង ២៥% នៅត្រឹមឆ្នាំ ២០២០ ដែលជាចំនួនខ្ពស់បំផុត។ ទោះយ៉ាងណា IPU  ទទួលស្គាល់ថា តួលេខខាងលើនៅតែឆ្ងាយពីគោលដៅដែលបានកំណត់លើសមភាពយេនឌ័រ។

បកប្រែដោយ Minh Trung