សមាជិកទាំងឡាយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានថ្កោលទោសការប្រើអំពើហឹង្សាលើជនស៊ីវិលនិងកុមារ ព្រមទាំងសម្ដែងការគាំទ្រចំពោះឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យេម៉ែន។ តំណាងទាំងឡាយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងក្រុង Stockholm និងកិច្ចព្រមព្រៀងក្រុង Riyadh និងអំពាវនាវឲ្យបង្កើនការជួយឧបត្ថម្ភប្រទេសយេម៉ែនក្នុងការរក្សាកម្មវិធីមនុស្សធម៌ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

leftcenterrightdel
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីស្ថានភាពនៅយេម៉ែន (រូបថត៖ un.org)

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពកាន់តែអាក្រក់ទៅៗនៅយេម៉ែន និងគាំទ្រផែនការសន្តិភាពរបស់ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅយេម៉ែន។ លោកសង្កត់ធ្ងន់លើការបង្កើតលក្ខណៈងាយស្រួលសម្រាប់សកម្មភាពមនុស្សធម៌ ការការពារជនស៊ីវិល ជាពិសេសគឺស្រី និងកុមារ។ លោក Dang Dinh Quy ក៏បានពិភាក្សាអំពីបញ្ហានានាក្នុងការអនុវត្តកិច្ចព្រមព្រៀងក្រុង Stockholm កិច្ចព្រមព្រៀងក្រុង Riyadh និងកិច្ចសន្យារបស់ភាគីទាំងឡាយនៅយេម៉ែន ហើយស្នើឲ្យភាគីទាំងឡាយបន្តចរចានិងឆ្ពោះទៅដំណោះស្រាយនយោបាយដ៏ទូលំទូលាយជាមួយអង្គការសហប្រជាជាតិក្នុងឋានៈជាអន្តរការី៕

បកប្រែដោយ Thuy Anh