តាំងពីយូរយារណាស់មកហើយ ប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាជនបានពឹងផ្អែកភាគច្រើនលើផលិតកម្មកសិកម្ម និងរបរធ្វើកៅអីផ្តៅ។ ដូច្នេះហើយ កៅអីផ្តៅប្រៀបដូចជាមិត្ត ក្លាយជាផលិតផលដែលមិនអាចខ្វះបានក្នុងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជន។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  វត្ថុធាតុដើមបានក្លាយទៅជាខ្វះខាតជាបណ្តើរៗ ដូច្នេះប្រជាជនជាច្រើននាក់បានលាឈប់ពីការងារ ឬ ធ្វើតែកៅអីសម្រាប់ប្រើប្រាស់ក្នុងគ្រួសារតែប៉ុណ្ណោះ។ អ្នកស្រី Tau Thi Nhan ជាមនុស្សម្នាក់ក្នុងចំណោមអ្នកភូមិតិចដែលនៅតែរក្សារបរធ្វើកៅអីផ្តៅ។ អ្នកស្រី Tau Thi Nhan បានចែករំលែកថា៖ «ចំនួនគ្រួសារដែលប្រកបរបរនេះក្នុងភូមិបច្ចុប្បន្នមានតិចតូចណាស់។ របរនេះតម្រូវឲ្យមានភាពស្ទាត់ជំនាញ ភាពជាក់លាក់ និងល្អិតល្អន់ក្នុងដំណាក់កាលនីមួយៗ។ វាទាមទារអ្នកដែលមានបទពិសោធច្រើនឆ្នាំដើម្បីអាចធ្វើកៅអីផ្តៅដ៏រឹងមាំ និងស្អាតបាន»។

leftcenterrightdel
អ្នកស្រី Tau Thi Nhan ស្រួចផ្តៅដើម្បីធ្វើកៅអី

កៅអីផ្តៅនីមួយៗត្រូវបានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្នក្នុងតម្លៃ ១០ម៉ឺន ដល់ ១៥ម៉ឺន ដុង/ដុំ។ ជាមធ្យមក្នុងមួយសប្តាហ៍ អ្នកស្រី Tau Thi Nhan អាចធ្វើកៅអីផ្តៅបានប្រហែល ១០ កៅអី។ សម្រាប់ជនជាតិ Dao កៅអីផ្តៅមានអត្ថន័យដូចជាផ្ទះមួយ ជើងតំណាងឱ្យមនុស្សម្នាក់ៗក្នុងគ្រួសារ ផ្ទៃកៅអីគឺជាដំបូលផ្ទះ មានន័យថា ការរួបរួមរបស់សមាជិកទាំងឡាយក្នុងគ្រួសារនាំមកនូវសុភមង្គល។

កៅអីផ្តៅមិនត្រឹមតែនាំមកនូវតម្លៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាភាពស្រស់ស្អាតនៃវប្បធម៌ផងដែរ ដោយបង្ហាញពីបាតដៃដ៏ប៉ិនប្រសប់ទាំងគូររបស់ជនជាតិ Dao។ លោក Tran Manh Hung អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា៖ «ការងារអភិរក្សតម្លៃវប្បធម៌របស់ជនជាតិ Dao ទទួលបានការយកចិត្តទុកដាក់ពីមួយថ្ងៃទៅមួយថ្ងៃ។ នាពេលថ្មីៗនេះ ខេត្ត Lai Chau មានដំណោះស្រាយជួយឧបត្ថម្ភ និងអភិរក្សរបរធ្វើកៅអីផ្តៅ តាមរយៈថ្នាក់បង្រៀនរបរសិប្បកម្មប្រពៃណី។ ខ្ញុំសង្ឃឹមថា តាមរយៈថ្នាក់រៀនទាំងនេះ របរធ្វើកៅអីផ្តៅនឹងត្រូវបានរក្សាបន្តដល់ជំនាន់ក្មេងក្រោយ»៕

បកប្រែដោយ Huyen Trang