ដើរតាមលោក Ly Quoc Van ប្រធានសមាគមកសិករឃុំ Thuong An យើងខ្ញុំបានទៅទស្សនាទម្រង់ដាំដំណាំ និងចិញ្ចឹមសត្វរបស់អ្នកស្រី Trieu Thi Huong។ ចំណាប់អារម្មណ៍ដំបូងសម្រាប់យើងខ្ញុំគឺថា ជម្រាលភ្នំនេះត្រូវបានដាំដោយស្មៅដំរីខៀវស្រងាត់ដោយអ្នកស្រី Huong ហើយក្រោលចិញ្ចឹមក្របីត្រូវបានសាងសង់ដោយមាំទាំសមហេតុផល។

ឆ្លៀតពេលយកស្មៅទៅឲ្យក្របីស៊ី អ្នកស្រី Huong បានចែករំលែកជាមួយយើងខ្ញុំអំពីហេតុផលដែលវិនិយោគលើការចិញ្ចឹមក្របីថា៖ “កាលពីមុន គ្រួសារខ្ញុំចិញ្ចឹមក្របីតាមវិធីចាស់។ ដោយសារគ្មានក្រោល គ្រួសារខ្ញុំចិញ្ចឹមក្របីច្រើនបំផុតតែ ៣ ក្បាល ដូចជាទម្រង់សន្សំសំចៃ នៅពេលចាំបាច់លក់វាទៅយកលុយចាយ។ បន្ទាប់ពីស្រាវជ្រាវអស់មួយរយៈពេល កាលពីដើមឆ្នាំ ២០២០ ខ្ញុំបានសម្រេចចិត្តអនុវត្តទម្រង់ចញ្ចឹមក្របីយកសាច់។ ជាមួយនឹងប្រាក់សន្សំបាន ខ្ញុំទិញក្របី ៣ ក្បាល។ ចិញ្ចឹមបានជិត ៥ ខែ ហើយលក់បានជាង ១០០ លានដុង។ ក្របីនីមួយៗចំណេញពី ៥ ទៅ ៦ លានដុង”។

leftcenterrightdel
អ្នកស្រី Trieu Thi Huong ចិញ្ចឹមថែទាំក្របី

ការចិញ្ចឹមក្របីយកសាច់គឺសមស្របតាមលក្ខខណ្ឌគ្រួសារ នៅពេលដែលមានផ្ទៃដីធំអាចដាំស្មៅ និងចេកឲ្យវាស៊ីដើម្បីយកលាមកសត្វ បង្កបង្កើនផល  ដាំដើមឈើហូបផ្លែ។ល។ ក្នុងឆ្នាំ ២០២១ ប្តីប្រពន្ធអ្នកស្រី Huong បានខ្ចីប្រាក់ ១០០ លានដុងពីធនាគារគោលនយោបាយសង្គម រួមជាមួយនឹងប្រាក់សន្សំសំចៃយកទៅសង់ក្រោលមាំទាំនៅលើផ្ទៃដីជាង ២០០០ ម៉ែត្រការ៉េ សម្រាប់ចិញ្ចឹមក្របី និងធ្វើទ្រុងមាន់។ បច្ចុប្បន្ននេះ គ្រួសារអ្នកស្រី Trieu Thi Huong កំពុងចិញ្ចឹមក្របីចំនួន ១៣ ក្បាល មាន់ជាង ១០០ ក្បាល និងដាំដើមឈើ ១ ហិចតា។

យោងតាមលោក Ly Quoc Van អ្នកស្រី Trieu Thi Huong គឺជាកសិករដ៏ក្លាហានហ៊ានគិត ហ៊ានធ្វើការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីរួចផុតពីភាពក្រីក្រ។ លោក Ly Quoc Van បានឲ្យដឹងថា “ទោះបីជួបការលំបាកជាច្រើនក៏ដោយ ក៏គ្រួសារអ្នកស្រី Huong បានខិតខំប្រឹងប្រែងពុះពារការលំបាក់ ដោយហេតុនេះ គាត់បានកសាងទម្រង់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារសមស្រប។ ស្មារតីក្លាហាន ហ៊ានគិត ហ៊ានធ្វើរបស់អ្នកស្រី Trieu Thi Huong ជាគំរូសម្រាប់ស្ត្រីជនជាតិភាគតិចក្នុងមូលដ្ឋានដើម្បីសិក្សា អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ កសាងជីវភាពរស់នៅប្រកបដោយស្ថិរភាព និងសម្បូរធូធារ”៕

បកប្រែដោយ Huyen Trang