ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ លោក Lo Van Luan បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់ភូមិ។ កាលពីឆ្នាំ១៩៩៩ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជាលេខាសាខាសម្ព័ន្ធយុវជនភូមិ Cai B ហើយកាលពីឆ្នាំ ២០១៥ លោក Luan ត្រូវបានបោះឆ្នោតជ្រើសតាំងជាមេភូមិ។ កាលពីឆ្នាំ ២០២០ លោកបានបន្តជាប់ឆ្នោតជាលេខាសាខាបក្ស និងជាមេភូមិ Cai B។

បច្ចុប្បន្ននេះ ភូមិ Cai B មានគ្រួសារចំនួន ១០៥ គ្រួសារ ភាគច្រើនជាជនជាតិ Thai និងជនជាតិ Muong។ ដោយលើកកំពស់តួនាទីជាអ្នកដឹកនាំ លោក Luan រួមជាមួយសាខាបក្ស  និងគណៈគ្រប់គ្រងភូមិ  បានដឹកនាំ ផ្សព្វផ្សាយ និងកៀងគរប្រជាពលរដ្ឋនៅក្នុងភូមិឱ្យអនុវត្តបានល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ; ចូលរួមយ៉ាងសកម្មក្នុងចលនាកសាងជនបទថ្មី កសាងជីវភាពវប្បធម៌នៅទីលំនៅដ្ឋាន។

leftcenterrightdel
លោក Lo Van Luan (ឆ្វេងដៃ) ណែនាំប្រជាជនឲ្យចម្រាញ់ប្រេងស្លឹកគ្រៃ

អំពីការអភិវឌ្ឍសេដ្ឋកិច្ច ដោយមានការជួយឧបត្ថម្ភពីអាជ្ញាធរមូលដ្ឋាន លោក Luan បានផ្សព្វផ្សាយនិងកៀងគរប្រជាជនឱ្យដាំដើមឈើនិងដើមឱសថ។ ទន្ទឹមនឹងនោះ ភូមិ Cai B បានសម្របសម្រួលជាមួយក្រុមហ៊ុន Bao Lam  (ខេត្ត Son La) បំប្លែងផ្ទៃដីផលិតកម្មដែលគ្មានបានផលមកដាំស្លឹកគ្រៃ Java លើផ្ទៃដី ៣៦ ហិកតា។

លោក Lo Van Luan បានមានប្រសាសន៍ថា៖ “ក្នុងឆ្នាំ ២០២០ ស្រុក Bac Yen បានសម្របសម្រួលជាមួយក្រុមហ៊ុន Bao Lam ចម្រាញ់ប្រេងស្លឹកគ្រៃ Java ទទួលបានវិញ្ញាបនបត្រ OCOP ផ្កាយ ៤។ ដោយមានបំណងចង់អភិវឌ្ឍផលិតផលប្រកបដោយនិរន្តរភាពនោះ នៅខែមេសា ឆ្នាំ ២០២១ ភូមិបានបង្កើតសហករណ៍កសិកម្មភូមិ Cai B។ ក្រៅពីការអភិវឌ្ឍដំណាំ យើងខ្ញុំ និងគណៈគ្រប់គ្រងភូមិ ក៏បានកៀងគរប្រជាជនដាំស្មៅ និងដើមចេក ដើម្បីអភិវឌ្ឍការចិញ្ចឹមសត្វផងដែរ”។

លេខាសាខាបក្ស មេភូមិ Lo Van Luan តែងតែជាគំរូល្អ មានទំនួលខុសត្រូវខ្ពស់ រួមចំណែកផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជននៅលើទឹកដីតាមដងទន្លេ Da ដែលត្រូវបានប្រជាជនជឿទុកចិត្ត និងស្រលាញ់រាប់អាន៕

បកប្រែដោយ Huyen Trang