គំរូនេះមិនត្រឹមតែជួយកសិករកាត់បន្ថយចំណាយនិងបង្កើនទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយបំភាយឧស្ម័នផ្ទះកញ្ចក់ និងបង្កើនតម្លៃនាំចេញស្រូវអង្ករវៀតណាមទៀតផង។ ជោគជ័យដំបូងនេះបានបើកផ្លូវសម្រាប់ការអភិវឌ្ឍកសិកម្មតាមទិសដៅចីរភាព និងបង្កើនការផ្លាស់ប្តូរបៃតងក្នុងវិស័យកសិកម្ម រួមចំណែកដល់ការកែលម្អជីវភាពរស់នៅ ការពារបរិស្ថាន និងបង្កើតការប្រកួតប្រជែងថ្មីសម្រាប់វិស័យស្រូវអង្ករវៀតណាម។

អង្គភាពអាជីវកម្មរួមដំណើរ កសិករទទួលបានអត្ថប្រយោជន៍

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងនេះ ការផលិតស្រូវអង្ករនៅតំបន់ដីសណ្តទន្លេ Cuu Long បានប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដោយសារតែផលប៉ះពាល់ដ៏ស្មុគស្មាញនៃការប្រែប្រួលអាកាសធាតុ រួមទាំងគ្រោះរាំងស្ងួត ការជ្រាបចូលទឹកប្រៃ និងទឹកជំនន់ជាដើម។ លើសពីនេះ វិធីសាស្រ្តធ្វើកសិកម្មបែបប្រពៃណី ជាមួយនឹងការប្រើប្រាស់គ្រាប់ពូជ ជី និងថ្នាំសម្លាប់សត្វល្អិតខ្ពស់ ដែលធ្វើឲ្យបង្កើនថ្លៃផលិតកម្ម និងបណ្តាលឱ្យមានការបំពុលបរិស្ថាន និងបំភាយឧស្ម័នផ្ទះកញ្ចក់។

ទីផ្សារនាំចេញកំពុងទាមទារកាន់តែខ្ពស់នូវគុណភាព សុវត្ថិភាពសម្រាប់ស្បៀងអាហារ និងកាត់បន្ថយការបំភាយឧស្ម័ន ដែលតម្រូវឲ្យវិស័យស្រូវអង្ករវៀតណាមត្រូវផ្លាស់ប្តូរទៅការផលិតប្រកបដោយចីរភាព មានគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាប។

បន្ទាប់ពីរយៈពេលពីរឆ្នាំនៃការអនុវត្ដគម្រោងដាំដុះស្រូវ ១ លានហិកតា បានបង្កើនទិន្នផលនិងគុណភាព  កាត់បន្ថយការចំណាយ និងការបំភាយឧស្ម័ន និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

leftcenterrightdel
កសិករនៅឃុំ Dai Ngai (ទីក្រុង Can Tho) ប្រមូលផលស្រូវតាមគំរូរបស់គម្រោងដាំដុះស្រូវ ១ លានហិកតា

លោក Le Thanh Tung អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃសមាគមស្រូវអង្ករវៀតណាម (VIETRISA) បានបញ្ជាក់ថា៖ “លទ្ធផលនេះ បង្ហាញឲ្យឃើញថា គំរូស្រូវអង្ករដែលមានគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាប មិនត្រឹមតែទទួលបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងនាំមកនូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់កសិករ អង្គភាពអាជីវកម្ម និងបរិស្ថានទៀតផង។ នេះគឺជាជំហានដ៏សំខាន់មួយដើម្បីបង្កើនការផ្លាស់ប្តូរបៃតងក្នុងវិស័យកសិកម្មនៅតំបន់ដីសណ្តទន្លេ Cuu Long”។

លោក Pham Hoang Tran សមាជិកនៃសហករណ៍កសិកម្ម Hung Loi (ឃុំ  Dai Ngai ទីក្រុង Can Tho) ឲ្យដឹងថា កាលពីមុន កសិករដាំដុះស្រូវដោយប្រើវិធីសាស្រ្តប្រពៃណី ដោយសាបព្រួសគ្រាប់ពូជស្រូវប្រមាណ ១២០ ដល់ ១៥០ គីឡូក្រាមក្នុង ១ ហិកតា។ ឥឡូវនេះ ដោយអនុវត្តតាមគម្រោងនេះ គ្រាប់ពូជត្រូវបានកាត់បន្ថយមកត្រឹម ៦០ គីឡូក្រាម ក្នុង ១ ហិកតា។ ជាពិសេស បរិមាណនៃការប្រើប្រាស់ជីបានថយចុះប្រហែល ៣០% បើប្រៀបធៀបទៅនឹងរដូវកាលមុនៗ។

អនុវត្ដតាមដំណើរការស្តង់ដារ   កសាងម៉ាកយីហោ ពង្រីកកសិកម្មបៃតង

លទ្ធផលទាំងនេះដែលមកពីគម្រោងផ្លាស់ប្តូរខ្សែសង្វាក់តម្លៃស្រូវអង្ករ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long (TRVC) បានបង្ហាញថា ការអនុវត្ដតាមដំណើរការស្តង់ដារ  និងការសហការយ៉ាងជិតស្និទ្ធរវាងអង្គភាពអាជីវកម្ម និងកសិករ គឺជាកត្តាសំខាន់ៗដើម្បីអនុវត្តគំរូផលិតកម្មស្រូវអង្ករ ដោយជោគជ័យ ដែលនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន។

លោកស្រី Tran Thu Ha នាយិកាគម្រោង TRVC បានសង្កត់ធ្ងន់ថា គម្រោងនេះបានគាំទ្រកសិករក្នុងការផ្លាស់ប្តូរទៅកសិកម្មកាបូនទាប បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ កែលម្អជីវភាពរស់នៅ និងលើកកម្ពស់ការអភិវឌ្ឍម៉ាកយីហោអង្ករបៃតងនិងបំភាយឧស្ម័នទាប។

គម្រោង TRVC បានប្រើប្រាស់ប្រព័ន្ធ MRV-Tier3 ដើម្បីតាមដានដំណើរការដាំដុះតាមរយៈរូបភាពផ្កាយរណប និងប្រើគំរូ DNDC ដើម្បីគណនាការបំភាយឧស្ម័ន និងប្រសិទ្ធភាពសេដ្ឋកិច្ចសង្គម ស្របតាមស្តង់ដារនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការបង្កើតឥណទានកាបូនសម្រាប់វិស័យស្រូវអង្ករ។

គម្រោង TRVC ត្រូវបានចាត់ទុកថាជា "គំរូស្នូល" នៃគម្រោងដាំដុះស្រូវ ១ លានហិកតា ដោយបង្កើតការតភ្ជាប់ខ្សែសង្វាក់  និងផ្តល់ទិន្នន័យវិទ្យាសាស្ត្រ និងលទ្ធផលជាក់ស្តែង ដើម្បីពង្រីកការដាំដុះ តភ្ជាប់ធនធានក្នុងស្រុក និងអន្តរជាតិ បង្កើនតម្លៃអង្ករវៀតណាមក្នុងទិសដៅបៃតង និងប្រកបដោយចីរភាព។

ដើម្បីពង្រីកគម្រោង TRVC នោះ VIETRISA កំពុងពង្រីកម៉ាកយីហោ "អង្ករវៀតណាមបំភាយឧស្ម័នទាប" ដោយការសហការជាមួយអង្គការអន្តរជាតិ វិស័យកសិកម្មនិងប្រព័ន្ធត្រួតពិនិត្យ ដើម្បីបញ្ជាក់ពីការគោរពបទដ្ឋានបច្ចេកទេស ព្រមទាំងផ្សព្វផ្សាយតម្លៃម៉ាកយីហោផងដែរ។

លោក Nguyen Quoc Manh អនុប្រធាននាយកដ្ឋានដាំដុះនិងការពាររុក្ខជាតិ បានអះអាងថា អង្គភាពអាជីវកម្មគួរតែតភ្ជាប់ជាមួយសហករណ៍និងកសិករដើម្បីផលិតតាមដំណើរការកាត់បន្ថយការបំភាយឧស្ម័ន។ អង្គការអភិវឌ្ឍន៍ហូឡង់ SNV និងម្ចាស់ឧបត្ថម្ភអន្តរជាតិពង្រីកគម្រោង TRVC ដើម្បីអង្គភាពអាជីវកម្ម សហករណ៍ និងកសិករជាច្រើនបានចូលរួម។ អង្គភាពនីមួយៗនឹងក្លាយជាតំណភ្ជាប់ដ៏រឹងមាំមួយដែលរួមចំណែកដល់ការបញ្ចប់ការដាំដុះស្រូវ ១ លានហិកតា ដែលមានការបំភាយឧស្ម័នទាបនៅឆ្នាំ ២០៣០។

ការពិតពីគំរូដែលកំពុងអនុវត្តបានបង្ហាញថា កសិករត្រូវបានណែនាំអំពីដំណើរការដាំដុះ  កាត់បន្ថយការចំណាយ   និងបង្កើនប្រាក់ចំណូល។ គុណភាព​និងតម្លៃនៃគ្រាប់អង្ករក៏កើនឡើង ដែលបង្កើតជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍបៃតង និងចីរភាព។

ក្នុងរយៈពេលពីរឆ្នាំនៃការអនុវត្តគម្រោងដាំដុះស្រូវ ១ លានហិកតា និងគម្រោង TRVC បានបង្ហាញថា តំបន់ដីសណ្តទន្លេ Cuu Long កំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយឆ្ពោះទៅរកកសិកម្មបៃតង បំភាយឧស្ម័នទាប និងបង្កើនតម្លៃអង្ករវៀតណាមនៅលើទីផ្សារអន្តរជាតិ។ ភាពជោគជ័យគឺផ្អែកលើបច្ចេកវិទ្យាទំនើប ការតភ្ជាប់អង្គភាពអាជីវកម្ម-សហករណ៍-កសិករ និងការត្រួតពិនិត្យវិទ្យាសាស្ត្រដែលបើកឱកាសរីកសាយភាយគំរូមិនត្រឹមតែសម្រេចបាននូវគោលដៅដាំដុះ ១ លានហិកតា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតប្រព័ន្ធអេកូឡូស៊ីស្រូវអង្ករប្រកបដោយចីរភាពដែលនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន រយៈពេលវែងផងដែរ៕

បកប្រែដោយ Pham Diep